ព័ត៌មាន
អភិបាលរាជធានីណែនាំអាជ្ញាធរខណ្ឌ សង្កាត់ ចេញត្រួតពិនិត្យ និងហាមមិនឱ្យដុតផាវជាដាច់ខាតក្នុងថ្ងៃចូលឆ្នាំចិន
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរខណ្ឌសង្កាត់ទាំងអស់ត្រូវចេញល្បាត ត្រួតពិនិត្យតាមដាន និងផ្សព្វផ្សាយមិនឱ្យប្រជាពលរដ្ឋដុតផាវនោះទេនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាម និងនឹងត្រូវបង្ការទប់ស្កាត់គ្រប់បទល្មើសរួមទាំងករណីអគ្គីភ័យ។
អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុក្ខការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមរឺម៉ក់ម៉ូតូ បំពងសំឡេងណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ខាត ជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។
ប្រសាសន៍ណែនាំរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ខណៈឯកឧត្ដមដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា បុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២៥ សូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ផ្សព្វផ្សាយដល់អាជីករតាមផ្សារមិនឱ្យលក់ផាវ និងគ្រឿងផ្ទុះនោះទេ ប្រសិនបើណែនាំ២ដងមិនស្តាប់ ត្រូវចាប់បង្ខំឱ្យគាត់អនុវត្តតាមច្បាប់។ ការណែនាំ និងផែនការគឺមានអស់ហើយ នៅឡើយតែការអនុវត្តមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ។
ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ក៏ដូច្នេះដែរ នៅភ្នំពេញការកកស្ទះចរាចរណ៍ជារឿងដែលត្រូវយកចិត្តទុកបំផុតដែរ ពោលគឺឱ្យតែបុណ្យទានម្តងៗ ពិសេសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែ និងបុណ្យចូលឆ្នាំចិន-វៀតណាម តែងតែមានការកកស្ទះចរាចរណ៍។ ចំពោះទីតាំងដែលកកស្ទះ ក្នុងនាមជាម្ចាស់មូលដ្ឋានពិតជាដឹងហើយ ដូច្នេះត្រូវដាក់កម្លាំងទៅសម្រួលចរាចរណ៍ នៅកន្លែងកកស្ទះទាំងនោះភ្លាម ដើម្បីឱ្យប្រជាពលរដ្ឋបានមើលឃើញថា អាជ្ញាធរបានយកចិត្តទុកដាក់ចំពោះការងារនេះ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបន្តថា អភិបាលខណ្ឌទាំង១៤ និងអាជ្ញាធរសង្កាត់ត្រូវចុះណែនាំតាមខ្នងផ្ទះ និងត្រូវល្បាតជាប្រចាំ ដើម្បីទប់ស្កាត់ ការដុតផាវ អំពើលួចឆក់ប្លន់ និងណែនាំឱ្យប្រជាពលរដ្ឋចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ បង្ការការលួចគាស់ផ្ទះជាដើម។ ជាមួយគ្នានេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យខណ្ឌទាំង១៤ចុះមើលតាមសាលារៀនជាប្រចាំ ដើម្បីទប់ស្កាត់ក្មេងទំនើងតាមសាលារៀន មើលទាំងអនាម័យ បរិស្ថាន នៅតាមសាលា ពិសេសបង្គន់អនាម័យសូមឱ្យស្អាត។ បន្ថែមពីនេះ ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលុបបំបាត់ឱ្យអស់ ពិសេសល្បែងស៊ីសងនៅតាមផ្សារ ឆ្នោត និងឡូតូជាដើម។ ដោយឡែកនៅតំបន់ស្មុកស្មាញ តំបន់មិនរៀបរយ អាជ្ញាធរខណ្ឌត្រូវចុះឱ្យដល់ទីតាំង ពិសេសប្រជាការពារសង្កាត់ចុះទៅពិនិត្យតាមដានជាមួយនិងការណែនាំឱ្យបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ។ ចំពោះការគ្រប់គ្រងជនបរទេស ក៏ត្រូវធ្វើឱ្យបានល្អ ដាច់ខាតត្រូវឱ្យជនបរទេសគោរពច្បាប់របស់កម្ពុជា មិនអាចធ្វើអ្វីតាមចិត្តគេនោះទេ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧