ព័ត៌មាន
កម្ពុជានឹងអនុវត្តសកម្មភាពអាទិភាពមួយចំនួន ដើម្បីបន្តលើកកម្ពស់មីក្រូហិរញ្ញវត្ថុនៅកម្ពុជា
កម្ពុជានឹងពង្រឹងការផ្តល់ឥណទាន, ការធ្វើឱ្យប្រសើរឡើងនូវគោលការណ៍លើកទឹកចិត្ត, កិច្ចការពារផ្លូវច្បាប់, យន្តការការពារអ្នកប្រើ ប្រាស់ និងដោះស្រាយបណ្ដឹង, ប្រព័ន្ធអេកូឡូស៊ីទិន្នន័យ និងការរៀបចំឥណទានឡើងវិញ និងនវានុវត្តន៍សេវាធានារ៉ាប់រង ដើម្បីពង្រីក វិសាលភាពផ្នែកទាំងនេះឱ្យប្រសើរ។

ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចេញសេចក្ដីថ្លែងការណ៍រួម ស្តីពីបច្ចុប្បន្នភាពនៃដំណើរការ ពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្ដីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន ២២ ដែល ត្រូវបានអនុម័តក្នុងកិច្ចសន្ទនាកម្រិតខ្ពស់លើកទី១ កាលពីឆ្នាំ២០២៤ កន្លងមក ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភ ចំពោះកំណើន យ៉ាងឆាប់រហ័សនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងភាពប្រទាក់ក្រឡាគ្នា ជាមួយបញ្ហាប្រឈមផ្សេងទៀត ដូចជាការជំពាក់បំណុល លើសលប់ជាដើម ក្នុងដំណើរការពិគ្រោះយោបល់កាលពីឆ្នាំ២០២៣ ក្នុងគោលបំណងសម្របសម្រួល ឱ្យមានការចូលរួមពិភាក្សា ពីភាគីពាក់ព័ន្ធ ក្នុងន័យស្ថាបនា។

ក្នុងចំណោមសកម្មភាពអាទិភាពចំនួន២២, សកម្មភាពអាទិភាពចំនួន៤ ត្រូវបានអនុវត្តបានទាំងស្រុង សកម្មភាពអាទិភាព ចំនួន១៥ កំពុងត្រូវបានអនុវត្ត និងសកម្មភាពអាទិភាពចំនួន៣ កំពុងត្រូវបានចាប់ផ្តើមអនុវត្ត។ ចំនុចសំខាន់ៗពាក់ព័ន្ធនឹងការអនុវត្ត សកម្មភាពអាទិភាពរួមមាន៖ ការលើកកម្ពស់ស្តង់ដារ ក្នុងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ដោយរួមបញ្ចូលទាំងការ ពង្រឹងការអនុវត្តក្រមប្រតិបត្តិ និងការប្រើប្រាស់ឧបករណ៍វាយតម្លៃ និងតាមដានសុខដុមនីយកម្មនៃកិច្ចការពារអតិថិជន និងមាន គោលការណ៍ជាច្រើនទៀតដែលត្រូវអនុវត្ត។ ចំណែកគោលការណ៍លើកទឹកចិត្តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងនោះសូចនាករ សមិទ្ធកម្មគន្លឹះរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្រាប់វាយតម្លៃបុគ្គលិកកំពុងត្រូវបានពិនិត្យ និងកែសម្រួលឱ្យស្រប តាម គោលការណ៍ដែលមានចែងក្នុងក្រមប្រតិបត្តិ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាដើម។

ចំណែកកិច្ចការពារផ្លូវច្បាប់, សេចក្ដីថ្លែងការណ៍រួមត្រូវបានរៀបចំឡើង ដើម្បីពង្រឹងបទប្បញ្ញត្តិដែលមានស្រាប់ សម្រាប់ទប់ ស្កាត់ការប្រើប្រាស់មិនត្រឹមត្រូវ នូវឯកសារសម្គាល់អត្តសញ្ញាណដូចជា បណ្ណសមធម៌ អត្តសញ្ញាណបណ្ណ និងសៀវភៅគ្រួសារ ធ្វើជា ទ្រព្យធានាសម្រាប់ឥណទានគ្រប់រូបភាព។ ចំពោះយន្តការការពារអ្នកប្រើប្រាស់ ដោះស្រាយបណ្ដឹងវិញ, គំនិតផ្ដួចផ្ដើមដើម្បីពង្រឹង ការពារអ្នកប្រើប្រាស់ និងពង្រឹងយន្តការដោះស្រាយបណ្តឹងកំពុងត្រូវបានអនុវត្ត។

ចំពោះប្រព័ន្ធអេកូឡូស៊ីទិន្នន័យ និងការរៀបចំឥណទានឡើងវិញ, កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតប្រព័ន្ធចែករំលែក វិភាគ និង រាយការណ៍ទិន្នន័យ សម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ កំពុងត្រូវបានពិនិត្យ ដោយត្រូវអនុវត្ត តាមវិធាននិងគោលការណ៍មួយចំនួន ខណៈដែលនវានុវត្តន៍សេវាធានារ៉ាប់រង នឹងអនុវត្តកម្មវិធីសាកល្បង ពាក់ព័ន្ធនឹងការធានារ៉ាប់រង ដំណាំក្រោមសហគមន៍កសិកម្មទំនើប ដោយមានការគាំទ្រពីវិស័យឯកជន។ ការសិក្សាបន្ថែមត្រូវបានរៀបចំឡើង ដើម្បីស្វែងរកគំរូ ធានារ៉ាប់រងដ៏ល្អប្រសើរ សម្រាប់ពង្រីកវិសាលភាពនៃគំនិតផ្ដួចផ្ដើមនេះ។ បន្ថែមពីនេះ ការពង្រឹងការសម្របសម្រួល និងការគាំទ្រផ្នែក ហិរញ្ញវត្ថុជាកត្តាចាំបាច់ ដើម្បីផ្ដល់សិទ្ធិដល់សហគមន៍កសិកម្មទំនើប សម្រាប់លទ្ធភាពចូលទីផ្សារ និងឱកាសទទួល បានឥណទាន សម្រាប់សហគមន៍ជនជាតិដើមភាគតិច។ សូមបញ្ជាក់ថា វឌ្ឍនភាពនៃការអនុវត្តសកម្មភាពអាទិភាព នឹងត្រូវបានបន្តការពិនិត្យ និង តាមដាន ហើយកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធបន្ទាប់ គ្រោងនឹងរៀបចំឡើងក្នុងខែ សីហា ឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧