ព័ត៌មាន
ក្នុងឆ្នាំ២០២៤ ការទទួលបានអំណោយឈាមសរុបចំនួន១៦២,៨៣៩ប្លោក គឺមានកំណើនប្រមាណ២៣%
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា អំណោយឈាមសរុប ដែលមជ្ឈមណ្ឌលជាតិទទួលបានក្នុងឆ្នាំ២០២៤ មានចំនួន ១៦២,៨៣៩ប្លោក បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ គឺមានកំណើនប្រមាណ២៣ភាគរយ ដែលនេះគឺជាមោទនភាពមួយដែលមានការចូលរួមពីបងប្អូនគ្រប់មជ្ឈដ្ឋាន ហើយយកឈាមទាំងនោះទៅជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាម។
ការថ្លែងរបស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ យ៉ាងដូច្នេះក្នុងកម្មវិធីបរិច្ចាគឈាម ដែលរៀបចំឡើងដោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បន្តថា សម្រាប់ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានដាក់ទិសដៅ និងផែនការសម្រាប់តម្រូវការឈាមប្រមាណ១៨ម៉ឺនប្លោក គឺស្មើនឹង១ភាគរយ នៃចំនួនប្រជាជនសរុប ហើយនេះគឺជាគោលដៅដែលបានកំណត់ដោយអង្គការសុខភាពពិភពលោកផងដែរ។ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានចូលរួមផ្សព្វផ្សាយ អប់រំ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួម ជាពិសេសយុវជន ក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏បានធ្វើការផ្សព្វផ្សាយអប់រំ ជាមួយក្រុមកីឡាករ ក្រុមយុវជន ពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា។ ចំពោះការទទួលបានអំណាយឈាមទាំងអស់ គឺមាន២៣ភាគរយ បានមកពីអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ហើយយើងក៏មានគោលនយោបាយ គឺការបរិច្ចាគឈាមជំនួស មានន័យថា ប្រសិនបងប្អូនណាត្រូវការឈាមពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម គឺត្រូវការបងប្អូន ឬអ្នកស្ម័គ្រចិត្ដជំនួស ដើម្បីបរិច្ចាគ ហើយបើគិតចំនួនគឺមានប្រមាណ៧០ភាគរយ។
លោកវេជ្ជបណ្ឌិតបានធ្វើការកត់សម្គាល់ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ គឺមានការកើនឡើងដោយសារតែមានការចូលរួមពីគ្រប់ផ្នែក និងមានការយល់ដឹងពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន ហើយជាទូទៅសហគ្រាសឯកជន ក្រុមហ៊ុន អង្គការជាតិ អន្ដរជាតិ និងមន្ទីរពេទ្យនានា រួមទាំងមន្ទីរពេទ្យជាតិ ក្រសួងសុខាភិបាល ដោយគ្រប់មន្ទីរពេទ្យទាំងអស់ តែងតែរៀបចំធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះជារៀងរាល់ឆ្នាំ ជាពិសេសក្នុងឆ្នាំ២០២៥នេះ នៅគ្រប់មន្ទីរពេទ្យជាតិ បានដាក់ផែនការរបស់ខ្លួនក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ដឱ្យបានពីរដងក្នុងមួយឆ្នាំផងដែរ។ បច្ចុប្បន្ននេះ តម្រូវការឈាមសម្រាប់ផ្ដល់ជូនអ្នកជំងឺគឺមានគ្រប់គ្រាន់ ប៉ុន្ដែដើម្បីធានាសុវត្ថិភាពអ្នកជំងឺ និងសុវត្ថិភាពដល់បងប្អូនជនរួមជាតិទាំងអស់ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមចង់បានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ដោយសារតែឈាមដែលទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្ដគឺជាឈាមដែលមានគុណភាពជាងឈាមដែលបានបរិច្ចាគជំនួស។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងអំណរគុណដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលតែងតែសហការល្អជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងជាមន្ទីរពេទ្យគំរូមួយ ក្នុងការចូលរួមចំណែកជួយបំផុសទៅដល់ស្ថាប័ននានា ឱ្យចូលរួមក្នុងកិច្ចការបរិច្ចាគឈាមនេះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ចូលរួមឱ្យបានផុសផុលក្នុងការបរិច្ចាគឈាម ដើម្បីធ្វើយ៉ាងណាឱ្យអត្រានៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនេះ អាចឈានទៅដល់កម្រិតខ្ពស់ស្របតាមគោលដៅរបស់ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ដែលបានដាក់ចេញធ្វើយ៉ាងណាឱ្យបាន៤០ភាគរយ នៅក្នុងឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានថ្លែងថា ការរៀបចំកម្មវិធីបរិច្ចាគឈាម នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនេះ គឺក្នុងគោលដៅជួយដល់ប្រជាជនកម្ពុជា ដែលមានការខ្វះខាតឈាម ដូចជាការជួបនូវគ្រោះថ្នាក់ចរាចរណ៍ ឬការវះកាត់ផ្សេងៗដែលត្រូវការឈាមដើម្បីចូលរួមចំណែកដល់មន្ទីរពេទ្យនានាដែលត្រូវការឈាម សម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសចង់ជំរុញលើកទឹកចិត្ដដល់អ្នកចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ដើម្បីយកទៅផ្ដល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ លោកសាស្រ្ដាចារ្យ បានជំរុញ និងលើកទឹកចិត្ដឱ្យមានវប្បធម៌ក្នុងការផ្ដល់ឈាមជាប្រចាំ ហើយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ តែងតែរៀបចំកម្មវិធីបរិច្ចាគឈាម ក្នុង១ឆ្នាំ៤ដង ដែលធ្វើរៀងរាល់៣ខែម្ដង។ លោកសាស្ត្រាចារ្យ Attapoom Susupaus បានបញ្ជាក់បន្ថែមថា៖ ការរៀបចំកម្មវិធីបរិច្ចាគឈាមនេះ គឺបុគ្គលិក មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានស្ម័គ្រចិត្ដមកបរិច្ចាគឈាម រួមជាមួយក្រុមហ៊ុនដៃគូរបស់មន្ទីរពេទ្យ ដើម្បីឱ្យការបរិច្ចាគឈាមនេះ បានទៀងទាត់ និងគ្រប់គ្រាន់ក្នុងការជួយដល់អ្នកជំងឺដែលត្រូវការឈាមនៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ រដ្ឋា
























-
ព័ត៌មាន23 hours agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
PR NEWS2 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន6 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ