ព័ត៌មាន
រដ្ឋមន្ត្រីធនធានទឹកចុះពិនិត្យបណ្តាស្ថានីយបូមទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណជាង២ម៉ឺនហិកតាក្នុងភូមិសាស្ត្រខេត្តព្រៃវែង
ព្រៃវែង៖ គោរពតាមអនុសាសន៍ណែនាំដ៏យកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមត្រូវតែចុះទៅគ្រប់ទីតាំង ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យបណ្តាស្ថានីយបូមទឹក និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
សូមជម្រាបថា នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង ក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពុងអន្តរាគមន៍បូមទឹកពីប្រភពទន្លេតូច បឹងក្រពិត បឹងខ្សាច់សរ ព្រែកថ្មីលើ និងបឹងស្នេហ៍ ដោយម៉ូរទ័រប្រើចរន្តអគ្គិសនីចំនួន ២១គ្រឿង និងម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ចំនួន៦គ្រឿង ដើម្បីជួយស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករប្រមាណជាង ២ម៉ឺនហិកតា ក្នុងបណ្តាឃុំ នៃស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ ស្រុកកំចាយមារ ស្រុកមេសាង ស្រុកព្រះស្តេច ស្រុកពោធិរៀង និងស្រុកបាភ្នំ។ គិតមកដល់ពេលនេះ លទ្ធផលបូមទឹកអន្តរាគមន៍សម្រេចបានប្រមាណជាង ១ម៉ឺនហិកតា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យជាក់ស្តែងនៅទីតាំងប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់និងស្រោចស្រពកំពង់ត្របែក ស្ថិតក្នុងស្រុកកំពង់ត្របែក ស្រុកបាភ្នំ និងស្រុកព្រះសេ្តច ខេត្តព្រវែង ព្រមទាំងចុះពិនិត្យការងារអន្តរាគមន៍បូមទឹកពីបឹងស្នេហ៍ ដោយប្រើម៉ាស៊ីនបូមទឹកចល័តចំនួន២គ្រឿង ដើម្បីសង្រ្គោះស្រូវប្រាំងនៅឃុំធាយចំនួន ២៣៣ហិកតា និងឃុំបឹងព្រះចំនួន ២១៨ហិកតា។
សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក មានទំនប់សណ្តចំនួន ២ខ្សែ ប្រវែង ៣៦គីឡូម៉ែត្រ ប្រឡាយមេ ១ខ្សែ ប្រវែង ២២គីឡូម៉ែត្រ ប្រឡាយរង ១២ខ្សែ សរុបប្រវែង ៣១គីឡូម៉ែត្រ និងមានស្ថានីយបូមទឹកចំនួន ៤កន្លែង ដែលមានសក្តានុពលគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលប្រមាណ ៨១៤៩ហិកតា ក្នុងនោះ ស្ថានីយទី១ គ្របដណ្តប់ផ្ទៃដីចំនួន ២៩២៧ហិកតា ស្ថានីយទី២ គ្របដណ្តប់ផ្ទៃដីចំនួន ៣២៨៧ហិកតា ស្ថានីយទី៣ គ្របដណ្ដប់ផ្ទៃដីចំនួន ១៣៤៤ហិកតា និងស្ថានីយរំចេក គ្របដណ្តប់ផ្ទៃដីចំនួន ៥៩១ហិកតា។ ក្រៅពីផ្តល់ទឹកស្រោចស្រពសម្រាប់ការបង្កបង្កើនផល ប្រព័ន្ធនេះក៏មានតួនាទីជួយកាត់បន្ថយទឹកជំនន់ក្នុងតំបន់ផងដែរ។
ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យស្ថានីយបូមទឹកទី១ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន១ ស្ថិតនៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលទទួលប្រភពទឹកពីទន្លេតូច ដើម្បីអន្តរាគមន៍បូមទឹកបញ្ជូនទៅជួយសង្រ្គោះស្រូវប្រាំងចំនួន ៨៨៩១ហិកតា ក្នុងឃុំចំនួន១៦ នៃស្រុកស្វាយអន្ទរ ស្រុកកំចាយមារ និងស្រុកមេសាង ក្នុងខេត្តព្រៃវែង៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN