ព័ត៌មាន
ឯកឧត្តមបណ្ឌិត លី ធុជ ៖ ការបន្ថែមជំនួយថវិការបស់អូស្រ្តាលីចំនួន ២លានដុល្លារអូស្រ្តាលី ពិតជាបានឆ្លើយតបនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា
(ភ្នំពេញ) នៅទីស្នាក់ការអាជ្ញាធរមីន រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយរបស់ប្រទេសអូស្រ្តាលីសម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់ កាលទី៤(CFR4)។ កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា តំណាងរដ្ឋាភិបាលអូស្រា្តលី និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការ សហ ប្រជាជាតិ (UNDP)ប្រចាំកម្ពុជា។
ក្នុងនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរចំពោះការរួមចំណែកបន្ថែមរបស់ប្រទេសអូស្រ្តាលី ចំនួន ២លានដុល្លារអូស្រ្តាលី ក្នុងវិស័យសកម្មភាពមីន ដែលពិតជាបានឆ្លើយតបនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នៅតែបន្តរក្សាសន្ទុះ និងការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ចំពោះអនាគតកម្ពុជាមួយដែលគ្មានមីន ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា ប្រទេសអូស្ត្រាលី គឺជាមិត្តដ៏យូរអង្វែង និងរឹងមាំរបស់កម្ពុជាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងការបង្កើតនូវការប្តេជ្ញាចិត្តរួមក្នុងដោះស្រាយបញ្ហាមីននៅកម្ពុជា។ ថវិកាជាង ១០០ ដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បានរួមចំណែកក្នុងការងារបោសសម្អាតមីននៅកម្ពុជា ក្នុងនោះថវិកាជាង ៣៥ លានដុល្លារអាមេរិក សម្រាប់គម្រោង CFR ចាប់តាំងពីឆ្នាំ២០០៦។
ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយ UNDP ចាប់តាំងពីឆ្នាំ ១៩៩៣ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំវិស័យសកម្មភាពមីនរបស់កម្ពុជា ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និង UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំ ចំពោះការប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្ម ភាពមីននៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។
ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ទៀតថា រាល់ចម្ការមីនដែលយើងបោសសម្អាតរួច គឺជាអំណោយជីវិតមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូដែលយើងបានពង្រឹង នឹងនាំឱ្យយើងកាន់តែខិតជិតទៅនឹងចក្ខុវិស័យប្រទេសកម្ពុជាគ្មានមីន។ យើងមិនត្រឹមតែរួមគ្នាបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងកសាងស្ពាននៃក្តីសង្ឃឹម ភាពរុងរឿង និងសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ។ យើងទាំងអស់គ្នាត្រូវបន្តរួបរួមគ្នា និង បន្តឈរយ៉ាងរឹងមាំជាមួយគ្នា ដើម្បីសម្រេចបាននូវគោលដៅរួមកម្ពុជាមួយដែលគ្មានមីន ស្របតាម សុភាសិតខ្មែរបុរាណបានពោលថា “ចង្កឹះមួយដើមគេកាច់បាក់ ចង្កឹះមួយបាច់គេមិនអាចកាច់បាក់បានឡើយ”។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា “ជាក់ស្តែងក្នុងភាពជាដៃគូយ៉ាងរឹងមាំរវាង កម្ពុជា អូស្រ្តាលី និង UNDP បានភ្ជាប់នូវកម្លាំង ធនធាន និងការប្តេជ្ញាចិត្តរួម ដើម្បីបង្កើតនូវចំណងដែលមិនអាចបំបែកបានក្នុងការបម្រើសុវត្ថិភាព វិបុលភាពរបស់ប្រជាជនកម្ពុជា និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជា”។
ឆ្លៀតក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះការប្តេជ្ញាចិត្ត និងបន្តការគាំទ្រប្រកបដោយសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និង UNDP ក្នុងចំណោមម្ចាស់ជំនួយដទៃទៀត ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានសុវត្ថិភាព។
សូមបញ្ជាក់ថា សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP ចាប់តាំងពីឆ្នាំ២០០៦ មក បានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង ១,២ លាននាក់៕ អត្ថបទ:ភារម្យ









-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា