ព័ត៌មាន
សម្តេចប្រធានរដ្ឋសភាលើកទឹកចិត្តឯកអគ្គរដ្ឋទូតស៊ែបៃហ្សង់ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ថាមពល កសិកម្ម សុខាភិបាលបន្ថែមទៀត
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហកម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយសារកត្តាគោលនយោបាយពន្ធនាំចេញ ភូមិសាស្រ្ត នៃកំពង់ផែប្រទេសកម្ពុជាមានលក្ខណៈអំណោយផល ផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។ ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលផ្សេងៗជាច្រើនទៀត ដើម្បីជំរុញ និងបង្កើនការវិនិយោគផងដែរ ក្នុងនោះការនាំចេញនូវផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ម្រេច ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និងវិស័យសុខាភិបាលជាដើម។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយ ចំពោះវត្តមានរបស់ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា ដែលបានអញ្ជើញមកកាន់វិមានរដ្ឋសភា ជាថ្មីម្តងទៀត ខណៈដែល សម្តេច ធ្លាប់បានជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត កាលពីចុងឆ្នាំ២០២៣ នៅពេលដែលសម្តេចទើបត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី៧។
សម្តេចប្រធានរដ្ឋសភាបានរំលឹកថា កាលពីជំនួបលើកមុន ឯកឧត្តម ឯកអគ្គរដ្ឋទូត បានផ្តួចផ្តើមគំនិតអំពីការចងក្រងក្រុមនិស្សិតកម្ពុជាដែលបានទទួលការសិក្សានៅប្រទេសអាស៊ែបៃហ្សង់ (Alumni)។ សមាគមនិស្សិតនៅដើរតួសំខាន់មួយចំណែកទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ព្រោះទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ និងជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភា សម្តេចគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ល្អនេះ។ នាពេលបច្ចុប្បន្ន មានសមាគមអតីតនិស្សិតកម្ពុជាដែលសិក្សានៅបរទេសជាច្រើនដូចជា សមាគមអតីតនិស្សិតអូស្រ្តាលី ជប៉ុន សឹង្ហបូរី អង់គ្លេស និងកូរ៉េ ជាដើម។

ឯកឧត្តម ស៊ូវគី មេឌីហ្សាដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចមហារដ្ឋសភាធិការធិបតី តែងតែឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម។ សម្តេចក៏ដូចជារដ្ឋសភាទំាងមូល បានសហការយ៉ាងល្អជាមួយស្ថានទូតសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំនៅកម្ពុជា ទោះបីស្ថានទូតមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាមយ៉ាងណាក្តី។ កិច្ចសហប្រតិបត្តិការរបស់រដ្ឋសភា បានលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យមានការរីកចម្រើននិងរឹងមាំជាលំដាប់ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលបន្តបេសកកម្មពីសម្តេចតេជោ ហ៊ុន សែន។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថានឹងខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀតដោយនៅក្នុងនោះ បានសន្យាថានឹងកៀរគរអ្នកវិនិយោគអាស៊ែបៃហ្សង់ មកកម្ពុជាបន្ថែមទៀត។

សូមរំលឹកថាកាលពីឆ្នាំ២០២២ កន្លងទៅ រដ្ឋសភាកម្ពុជានិងរដ្ឋសភាអាស៊ែបៃហ្សង់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទំាងពីរ ទាំងកម្រិតទ្វេភាគី និងពហុភាគី ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។ សភាកម្ពុជានិងអាស៊ែបៃហ្សង់ តែងបានសហការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌអន្តរសភាទាំងក្នុងក្របខណ្ឌតំបន់និងអន្តរជាតិ ជាអាទិ៍ អន្តរសភាអាស៊ាន (AIPA) សហភាពអន្ដរសភា(IPU) វេទិកាសមាជិកចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement/NAM) និងវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF)។
សម្ដេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស្និទ្ធស្នាលបន្ថែមទៀត សភាទាំងពីរគួរបន្ដជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំសភា ក្រុមមិត្ដភាពរដ្ឋសភា និងគណៈកម្មការជំនាញផងដែរ។
ទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងអាស៊ែបៃហ្សង់ ពិតជាមានសារៈសំខាន់ដែលមិនត្រឹមតែរួមចំណែកដល់ការពង្រឹង ពង្រីកទំនាក់ទំនង ចំណងមិត្ដភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរដែលមានរយៈពេល ៣០ ឆ្នាំប៉ុណ្ណោះទេ ហើយថែមទាំងបានរួមចំណែកដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងសកលលោកថែមទៀតផង៕


-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ