ព័ត៌មាន
គណៈកម្មការទី៨ នៃរដ្ឋសភាចុះពិនិត្យស្វែងយល់ពីវឌ្ឍនភាពការងារ និងការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព
គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលស្ថិតនៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ជម្រាបជូនមន្ទីរពេទ្យពីគោលបំណងនៃបេសកកម្មនេះ គឺដើម្បីពិនិត្យលើកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ការពង្រីកការថែទាំសុខភាពរបស់របបសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស. ទាំងសម្រាប់កម្មករ និយោជិត និងមន្រ្តីសាធារណៈដែលគ្របដណ្តប់បន្ថែមដោយសមាជិកគ្រួសារនៅក្នុងបន្ទុក ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ និងមូលនិធិសមធម៌។
លោកជំទាវ យ៉ក់ សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់ គណៈកម្មការ រដ្ឋសភា ដែលបានចុះពិនិត្យវឌ្ឍនភាព និងទស្សនកិច្ចនៅមន្ទីរពេទ្យជាក់ស្ដែងនៅផ្នែកសង្គ្រោះបន្ទាន់ មន្ទីរពិសោធន៍ ពិគ្រោះជំងឺក្រៅ និងពិនិត្យសុខភាព រូបភាពវេជ្ជសាស្ត្រ (CT scan, MRI) សម្ភព និងរោគស្ត្រី ដើម្បីសួរសុខទុក្ខស្ដ្រីដែលបានអញ្ជើញមកទទួលសេវាពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាពផងដែរ។
លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ បានធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាពនៃការផ្ដល់សេវារបស់មន្ទីរពេទ្យក្នុងឆ្នាំ២០២៤ ដោយបញ្ជាក់ថា មន្ទីរពេទ្យមានកំណើនអ្នកជំងឺមកទទួលសេវាយ៉ាងច្រើនលើសលប់ មន្ទីរពេទ្យបានពង្រីកវិសាលភាពក្នុងការផ្ដល់សេវាបន្ថែមរួមមាន ទីតាំងពិគ្រោះជំងឺក្រៅ និងពិនិត្យសុខភាពបន្ថែម ឱសថស្ថានថ្មី១កន្លែង គ្លីនិកព្យាបាលដោយចលនា និងសេវាប្រឹក្សាការអភិវឌ្ឍកុមារ សេវាត្រចៀក ច្រមុះ និងបំពង់ក គ្លីនិកសុខភាពមាត់ធ្មេញ គ្លីនិកចក្ខុសាស្ត្រ និងបន្ទប់VIPសម្រាកព្យាបាលសម្រាប់ផ្នែកសម្ភព និងរោគស្ត្រី។
មន្ទីរពេទ្យបានបណ្ដុះស្មារតីឥរិយាបថសីលធម៌គ្រូពេទ្យក្នុងការបម្រើសេវា និងការធ្វើការបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅដល់ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាល និងពិនិត្យសុខភាព ហើយមន្ទីរពេទ្យក៏បានត្រៀមបម្រុងគ្រប់ពេលក្នុងការឆ្លើយតបការផ្ទុះឡើងនូវជំងឺឆ្លង និងប្ដេជ្ញាបន្ដផ្ដល់សេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាពដោយមិនរើសអើង។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញពីលោកនាយកមន្ទីរពេទ្យរួចមក លោកជំទាវ ឡោក ខេង បានកោតសរសើរចំពោះការដឹកនាំរបស់គណៈកម្មការមន្ទីរពេទ្យ ដោយលោកជំទាវមិននឹកស្មានថា មន្ទីរពេទ្យនេះមានការរីកចម្រើនបានឆាប់រហ័សបែបនេះនោះទេ។
លោកជំទាវប្រធានគណៈកម្មការក៏កោតសរសើរទៅលើទស្សនវិស័យដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកសាងមន្ទីរពេទ្យនេះឡើង សម្រាប់ផ្ដល់ជាប្រយោជន៍ដល់សុខុមាលភាពសាធារណៈ។ លោកជំទាវប្រធានបានកោតសរសើរដល់ឯកឧត្តមរដ្ឋមន្ដ្រី ឈាង រ៉ា ដែលបានយកចិត្តទុកដាក់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដោយច្ចុប្បន្នឯកឧត្តមរដ្ឋមន្ដ្រីបានធ្វើយ៉ាងសកម្ម និងផ្សព្វផ្សាយបានទូលំទូលាយដល់ប្រជាពលរដ្ឋ ក្នុងយុទ្ធនាការនៃការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង ហើយក៏សូមឱ្យមន្ទីរពេទ្យជួយផ្សព្វផ្សាយបន្ថែមដល់ជំងឺមកទទួលសេវានៅទីនេះបន្ថែមទៀត។
លោកជំទាវ ឡោក ខេង ក៏បានស្នើឱ្យមានការផ្សព្វផ្សាយអំពីសេវារបស់មន្ទីរពេទ្យនេះឱ្យបានទូលំទំលាយជ្រាបដល់ប្រជាពលរដ្ឋថែមទៀតផងដែរ។
ថ្នាក់ដឹកនាំមន្ទីរពេទ្យក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដូចជាការខ្វះខាតធនធានមនុស្ស ដោយសារមានកំណើននៃការមកទទួលសេវាពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើង ហើយមន្ទីរពេទ្យសំណូមពរឱ្យខាងបេឡាជាតិសន្ដិសុខសង្គមជួយពន្លឿនក្នុងការទូទាត់ថវិកាឱ្យបានឆាប់រហ័ស ដើម្បីមន្ទីរពេទ្យមានលទ្ធភាពបន្ដនិរន្ដរភាពការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ។
ឆ្លើយតបនឹងនឹងការលើកឡើងខាងលើនេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករងបេឡាជាតិសន្ដិសុខសង្គម បានរៀបចំធ្វើការកែសម្រួលពីនីតិវិធីក្នុងការពន្លឿនការទូទាត់ថវិកា ដោយការទូទាត់ផ្អែកទៅលើឯកសារណាត្រឹមត្រូវតាមការណែនាំខាងប.ស.ស. នឹងបន្ដទូទាត់ជាបន្ដបន្ទាប់រាល់ឯកសារដែលបានកែតម្រូវរួច ហើយនឹងអនុវត្តចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៥នេះតទៅ ដោយខុសពីនីតិវិធីចាស់ត្រង់ថា រាល់ឯកសារត្រឹមត្រូវទាំងអស់ទើបអាចទូទាត់បាន៕







-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន3 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់
-
ព័ត៌មាន1 week agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន1 week agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង
-
ព័ត៌មាន4 days agoឯកឧត្ដម ហ៊ុន ម៉ានី៖ «តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់»
-
ព័ត៌មាន2 days agoក្រសួងមហាផ្ទៃបង្ហាញលទ្ធផលកោសល្យវិច័យ ខណៈបណ្ដាញព័ត៌មានថៃផ្សាយថា ពុំមានការស្លាប់នៅភូមិព្រៃចាន់