ព័ត៌មាន
ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដុងវ៉ុង ចុះMOU ដើម្បីជំរុញវឌ្ឍនភាពវិស័យអប់រំ នៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ
ភ្នំពេញ ៖ ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដុងវ៉ុង នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីជំរុញវឌ្ឍនភាពវិស័យអប់រំនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ប្រារព្ធឡើងនារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រវាងលោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប លោកសាស្ត្រាចារ្យ Lee Jung Hyun (លី ចុង យ៉ុន) ប្រធាននាយកដ្ឋាននៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដុងវ៉ុន និងមានការអញ្ជើញចូលរួមពីលោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងគណៈប្រតិភូនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដុងវ៉ុង (Dongwon Institute)។
លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងវិទ្យាស្ថានដុងវ៉ុន បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែង ពោលគឺចាប់ដៃរួមគ្នាក្នុងភាពជាដៃគូ រយៈពេល៥ឆ្នាំ ដើម្បីជម្រុញវឌ្ឍនភាព នៃការអនុវត្តគម្រោងផែនការយុទ្ធសាស្រ្តអប់រំ ដោយផ្តោតសំខាន់លើ៖ ការផ្តល់ឱកាសអាហារូបករណ៍ដល់សិស្សានុសិស្សដែលបានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយជោគជ័យ, សិក្ខាសាលាតម្រង់ទិសមុខជំនាញសិក្សា និងអាជីពការងារ, ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីបរិយាកាស និងការសិក្សាបែបអន្តរជាតិនៅវិទ្យាស្ថាន ដុងវ៉ុន ព្រមទាំងឱកាសក្នុងការចុះកម្មសិក្សា និងទទួលបានការបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុបនៅសាធារណរដ្ឋកូរ៉េ។ លោកឧកញ៉ា បន្តថា ដើម្បីកសាងប្រទេសកម្ពុជា ឲ្យរីកចម្រើន គឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ហើយទៅអនាគត កម្ពុជា នឹងមានការអភិវឌ្ឍន៍រីកចម្រើនដូចសាធារណរដ្ឋកូរ៉េ ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមិត្តភក្តិ ដៃគូបរទេសជាច្រើន។
លោកសាស្ត្រាចារ្យ Lee Jung Hyun (លី ចុង យ៉ុន) ប្រធាននាយកដ្ឋាននៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដុងវ៉ុន បានមានប្រសាសន៍ថា ថ្ងៃនេះលោក និងគណៈប្រតិភូ បានមកធ្វើទស្សនៈនៅកម្ពុជា ជាលើកដំបូង ជាពិសេសបានអញ្ជើញមកចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងសង្ឃឹមថាធ្វើឲ្យប្រទេសកម្ពុជា កាន់តែរីកចម្រើនជាងមុន។ យើងបានសម្លឹងមើលឃើញថា ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ជាគ្រឹះស្ថានមួយដែលមានភាពរឹងម៉ាំ ហើយសិស្សានុសិស្សជាច្រើនកំពុងខិតខំប្រឹងប្រែងរៀនសូត្រផងដែរ។ ក្នុងនាមវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដុងវ៉ុន សូមប្តេជ្ញាចិត្ត និងសន្យាថា ប្រសិនបើសិស្សានុសិស្សនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប របស់ប្រទេសកម្ពុជា អញ្ជើញទៅសិក្សានៅសាធារណរដ្ឋកូរ៉េ យើងនឹងខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងជួយគាំពារឲ្យអស់ពីសមត្ថភាព ព្រមទាំងខិតខំបណ្តុះបណ្តាលដើម្បីឲ្យនិសិ្សតដែលសិក្សានៅសាធារណរដ្ឋកូរ៉េ មានឱកាសបម្រើការងារនៅកូរ៉ ឬក៏ត្រឡប់មកមាតុភូមិកម្ពុជាវិញ ដើម្បីបម្រើការងារ និងចូលរួមអភិវឌ្ឍសង្គមជាតិ ឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ផងដែរ៖ នេះមិនមែនជាលើកទី១ទេ សម្រាប់ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ដែលចាប់ដៃគូសហការជាមួយនឹងសាកលវិទ្យាល័យមកពីសាធារណរដ្ឋកូរ៉េ។ វិសាលភាពនៃកិច្ចសហប្រតិបត្តិការលើកនេះ នឹងលើសពីការផ្តល់ផលប្រយោជន៍ឱ្យគ្នាក្នុងការសិក្សាសម្រាប់សិស្សានុសិស្ស។ តាមរយៈភាពជាដៃគូនេះ ស្ថាប័នអប់រំទាំងពីរ ប្តេជ្ញាចិត្តថា នឹងបន្តពង្រឹងវិស័យអប់រំនៅកម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការនៃវិស័យអប់រំនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យមាននិរន្តរភាព ដោយស្របនឹងគោលដៅយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍរួមគ្នា៕
អត្ថបទ រដ្ឋា
























-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ