ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី៖ «បន្ថែមលើការថែរក្សា និងការពារ សូមយុវជនកម្ពុជា បន្តចូលរួមលើកស្ទួយសិល្បៈ វប្បធម៌ ដ៏អស្ចារ្យរបស់ខ្មែរ»
តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជុនកម្ពុជា(ស.ស.យ.ក.) បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា គឺជាទឹកដីដ៏អច្ឆរិយៈ ពោរពេញទៅដោយធនធានមនុស្សដែលមានសក្តានុពល ជាមួយសិល្បៈ វប្បធម៌ អរិយធម៌ ដ៏វិចិត្រល្អឯកគ្មានពីរ និងដើរតួនាទីដ៏មានឥទ្ធិពល ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងជាអ្នកនាំសារទៅកាន់ពិភពលោក។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា កូនខ្មែរគ្រប់ៗរូប មានភារកិច្ចបន្តលើកកម្ពស់កិត្យានុភាពជាតិ និងចូលរួមអភិរក្ស ថែរក្សា សិល្បៈ វប្បធម៌ អរិយធម៌ខ្មែរដ៏ផូរផង់ ដែលបុព្វបុរសរបស់យើង បានបន្សល់ទុកឱ្យស្មើៗគ្នា ដូចៗគ្នា។ បន្ថែមលើការថែរក្សា និងការពារ សូមយុវជនកម្ពុជា បន្តចូលរួមលើកស្ទួយសិល្បៈ វប្បធម៌ ដ៏អស្ចារ្យរបស់ខ្មែរយើងគ្រប់ទម្រង់ ហើយប្រើប្រាស់សិល្បៈ វប្បធម៌ខ្មែរ ឱ្យក្លាយជាអ្នកនាំសារក្នុងគោលដៅលើកកម្ពស់កិត្យានុភាពជាតិនៅគ្រប់វេទិកាទាំងអស់។

ឯកឧត្តម បានបញ្ជាក់ដែរថា តាមរយៈព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ កម្ពុជាសូមនាំយកចំណែកមួយ នៃមោទនភាពរបស់អ្នកទាំងអស់គ្នា និងប្រជាជនកម្ពុជា មកបង្ហាញលើវេទិកាអន្តរជាតិដ៏ស្រស់ស្អាត។ លោកគ្រូ អ្នកគ្រូ សិល្បៈករ សិល្បៈការិនី និងក្រុមការងារទាំងអស់ បានតាំងចិត្តយ៉ាងក្លៀវក្លា ហាត់សមយ៉ាងយកចិត្តទុកដាក់ និងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ពិភពលោក។
វត្តមានរបស់ប្រតិភូសិល្បៈកម្ពុជា នៅក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នៅប្រទេសសិង្ហបុរី ជាបន្តបន្ទាប់ មិនត្រឹមតែជាឱកាសនៃការបង្ហាញភាពរស់រវើកនៃភាពចម្រុះរបស់វប្បធម៌ខ្មែរតែប៉ុណ្ណោះទេ ថែមទាំងជាឱកាសនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ស្អិតរមួតជាមួយបណ្តាប្រទេសជាមិត្ត ដែលបានចូលរួមចែករំលែកវប្បធម៌ជាមួយគ្នាលើវេទិកាអន្តរជាតិមួយនេះ។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងផងដែរថា កន្លងមក មិនថាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ព្រឹត្តិការណ៍សាទរកម្ពុជា ឬកម្មវិធីវប្បធម៌ដទៃទៀត ដែលយុវជន យុវនារី សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ និងចូលរួមនោះទេ គឺសុទ្ធតែបានកើតចេញក្តីស្រឡាញ់សម្រាប់កម្ពុជា ទឹកចិត្ត ឆន្ទៈ និងស្មារតីទទួលខុសត្រូវក្នុងភាពជាខ្មែរដើម្បីរក្សាថែរកេរតំណែលដ៏រុងរឿងរបស់យើង។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជុនកម្ពុជា (ស.ស.យ.ក.) បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួមលើកទឹកចិត្តដល់សិល្បកររបស់កម្ពុជាដែលចូលរួមសម្ដែងក្នុងក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ (៧-៨ កុម្ភៈ)នៅសាធារណរដ្ឋសិង្ហបុរី។
ការសម្ដែងរបស់កម្ពុជានៅក្នុងយប់ទីមួយនេះ បានបង្ហាញទស្សនីយយ៍ភាពមួយយ៉ាងអស្ចារ្យ និងប្លែកអារម្មណ៍ ជាមួយទម្រង់សិល្បៈចម្រុះ ដោយបូកបញ្ចូលនូវចង្វាក់ភ្លេងបែបថ្មី ជូនដល់នាយករដ្ឋមន្ត្រីសិង្ហបុរី ឡូរ៉ង់ វង់ (Lawrence Wong) និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដែលមានវត្តមានផ្ទាល់ និងទស្សនិកជនតាមបណ្តាញសង្គម។ នៅក្នុងការសម្ដែងនារាត្រីនោះ កម្ពុជាបានចូលរួមសម្ដែងក្នុងផែនតែមួយជាមួយប្រទេសចំនួន០៦ទៀតរួមមាន ប្រទេសឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន ម៉ិចស៊ិក សាធារណរដ្ឋកូរ៉េ វៀតណាម និងប្រទេសម៉ាឡេស៊ី ហើយកម្ពុជាទទួលបានការគាំទ្រយ៉ាងក្លៀវក្លាតាមរយៈសំឡេងហូរកញ្ជៀវអបអរសាទរនូវការនាំយកសិល្បៈវប្បធម៌បុរាណខ្មែររួមបញ្ចូលជាមួយសិល្បៈសហសម័យមកសម្តែង។ ផ្ទាំងទស្សនីយភាពរបស់កម្ពុជាដែលបង្ហាញក្នុងឆ្នាំនេះមានចំណងជើងថា “ជីវិត”៕















-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន7 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា