ព័ត៌មាន
សម្រាស់ធំៗនៅឃុំប្រឡាយមាស ស្រុកកំពង់លែង ត្រូវកម្លាំងកងទ័ពចុះបង្ក្រាប
កំពង់ឆ្នាំង៖ សម្រាស់មានទំហំធំៗ ស្ថិតនៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ត្រូវបានកម្លាំងកងទ័ពជិត១០០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចុះបង្ក្រាបរុះរើសម្រាស់ធំៗទាំងនេះចេញ ។ ក្នុងពេលកម្លាំងកងទ័ពកំពុងចុះប្រតិបត្តការនោះ ក៏មានម្ចាស់របាំងជាច្រើននាក់ បានមកតវ៉ាមិនអោយបង្ក្រាប ដោយសុំធ្វើ១ឆ្នាំទៀត។ ដោយឡែកប្រជានេសាទលក្ខណៈគ្រួសារដែលកំពុងនេសាទត្រីដោយការដាក់មងសន្ទូចនៅក្បែរនោះ បានបញ្ជាក់ថា ពួកគាត់មិនអាចដាក់មងចងសន្ទូចនៅក្បែរៗសម្រាស់របស់ពួកគេបានទេ ដោយត្រូវម្ចាស់សម្រាស់ធំៗទាំងនោះដេញមិនអោយនេសាទ។
ប្រជានេសាទបានអោយដឹងបន្តថា៖ ពួកគាត់ជាអ្នករស់នៅតាមទន្លេ មុខរបរដាក់មងចងសន្ទូចនេះ គាត់បានធ្វើតាំងពីដូនតា តែពួកគាត់មានការលំបាកខ្លាំងពេលរដូវសម្រាស់នេះតែម្តង ព្រោះពួកម្ចាស់សម្រាស់ធំៗទាំងនោះ ក្រៅពីដាក់មែកឈើចុះក្នុងទឹកទន្លេហើយ ពួកគេនៅអូសដើមកំប្លោកមកដាក់ពីលើទៀត នាំអោយពួកគាត់ពិបាកក្នុងការធ្វើដំណើរចេញចូលផ្ទះ និងយកអ្នកជម្ងឺទៅពេទ្យជាដើម។ ម្យ៉ាងទៀតពេលពួកគាត់រាយមងចងសន្ទូច គឺពួកម្ចាស់សម្រាស់ទាំងនោះ គឺពួកគេបានដេញពួកគាត់មិនអោយពួកគាត់នេសាទក្បែរៗសម្រាស់របស់ពួកគេឡើយ។ ក៏ប៉ុន្តែពេលកម្លាំងកងទ័ពចុះមកបង្ក្រាបបែបនេះ ពួកគាត់ជាប្រជានេសាទលក្ខណៈគ្រួសារ មានចិត្តសប្បាយ និងសង្ឃឹមថាភោកផលត្រីទឹកសាប នឹងសំបូរឡើងវិញ។ ក្រៅពីបទល្មើសសម្រាស់ និងរបាំងសាច់អួន នៅពេលយប់មានបទល្មើសទូកមងបង្ក្រាប ការរុញជនដោយម៉ាស៊ីន ឆក់ក្តៅ ឆក់ត្រជាក់ជាច្រើនគ្រឿងកើតឡើងនៅក្នុងតំបន់ទន្លេឃុំប្រឡាយមាសនេះ។
នៅពេលកម្លាំងកងទ័ពកំពុងប្រតិបត្តការបង្ក្រាបនោះ គេសង្កេតឃើញម្ចាស់សម្រាស់ជាច្រើននាក់បានចេញមកតវ៉ាដោយមិនញញើតនឹងច្បាប់ ដោយពួកគេបានបញ្ជាក់ថា នេះជាឆ្នាំងបាយពួកគេ បើកម្លាំងកងទ័ពធ្វើបែបនេះ តើពួកគេបានអ្វីហូប បានលុយឯណាអោយកូនរៀនសូត្រ និងមានលុយឯណាចាក់សាំង មើលជម្ងឺជាដើម។ ម្ចាស់សម្រាស់ធំៗទាំងនោះ បានសុំកម្លាំងកងទ័ពជួយបន្ធូរបន្ថយអោយពួកគាត់ផង និងសុំធ្វើតែ១ឆ្នាំនេះទេ។
ក្នុងពេលចុះបង្ក្រាប លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានបញ្ជាអោយកងកម្ឡាំងកងទ័ពទាំងអស់ចុះរុះរើសម្រាស់ទាំងនោះចេញ ដោយមិនស្តាប់ការតវ៉ាពីម្ចាស់សម្រាស់ទាំងនោះឡើយ ដោយលោកបញ្ជាក់ថា នេះជាបទបញ្ជាថ្នាក់លើ មិនអាចមិនបង្ក្រាបបានឡើយ ហើយនៅគ្រប់ទីតាំងដែលមានសម្រាស់ ត្រូវរុះរើចេញជាបន្ទាន់ ព្រោះកម្លាំងកងទ័ពបានចុះធ្វើជារៀងរាល់ថ្ងៃហើយ។
នៅវេលាម៉ោងប្រមាណ១០និង១៥នាទី លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានមកដល់ទីតាំងបង្ក្រាប និងបានស្នើសុំដល់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ជួយបន្ទូរបន្ថយសិន ហើយលោកឧត្តមសេនីយ៍ត្រី បានអោយកម្លាំងដកថយបន្តិចសិន ព្រមទាំងបានរាយការជូនថ្នាក់លើភ្លាមៗផងដែរ។
កម្លាំងកងទ័ពមានការងឿងឆ្ងល់ថា ហេតុអ្វីក៏ម្ចាស់សម្រាស់ធំៗទាំងនោះគាត់ហ៊ានម្លេះ ពេលកម្លាំងកងទ័ពកំពុងបង្ក្រាប បែរជាពួកគាត់ចេញមកតវ៉ាបែបនេះ ព្រោះថាបទល្មើសសម្រាស់ គឺជាបទល្មើសនេសាទមួយដែលបង្ករការវិនាសធ្ងន់ធ្ងរដល់ពូជត្រី ធ្វើអោយទន្លេគោករាក់ ការផ្លាស់ប្តូរចរន្តទឹកហូរ ជាពិសេសបានបំផ្លាញព្រៃលិចទឹកអស់គ្មានសល់ផងដែរ ព្រោះសម្រាស់ធំៗនៅទីតាំងនោះមានមែកឈើជាព្រៃលិចទឹកធំៗ និងមិនអាចយកចេញបានត្រឹមតែ៥ថ្ងៃ ឬ១សប្តាហ៍បានឡើយ៕ កាំង ហុងវាស្នា
-
ព័ត៌មាន19 hours agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
PR NEWS2 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន6 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ