ព័ត៌មាន
អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ខណៈក្រុមហ៊ុន Daejoo-KC កូរ៉េចង់ពង្រីកធុរកិច្ច និងបើកក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបានអនុញ្ញាតឱ្យ ឯកឧត្តម Kim Jin-pyo អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការដើម្បីពិភពលោកទាំងអស់គ្នា (Global Together) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។
សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Kim Jin-pyo និងគណៈប្រតិភូ និងសម្តែងក្តីរីករាយដែលជួប ឯកឧត្តម សាជាថ្មី បន្ទាប់ពីឯកឧត្តម បានមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11) នៅទីក្រុងភ្នំពេញ នាខែវិច្ឆកា កន្លងទៅនេះ។ សម្តេចតេជោ បានបន្តថា ឯកឧត្តម Kim Jin-pyo បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-កូរ៉េ ដែល មកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ បាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ ហើយត្រូវបានតម្លើងកម្រិតទៅជាភាពជាដៃគូយុទ្ធសាស្រ្ត ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីទៅកាន់សាធារណរដ្ឋកូរ៉េ នៅខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។
នាឱកាសជំនួបនេះ ឯកឧត្តម Kim Jin-pyo បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម បន្ទាប់ពីជំនួបកាលពីខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនៅទីក្រុងភ្នំពេញ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់កម្ពុជា ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រមាណ ៧% រៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាពេលកន្លងមក ហើយឯកឧត្តម មានសេចក្តីសោមនស្សរីករាយដែលបានចូលរួមចំណែកក្នុងដំណើរអភិវឌ្ឍន៍នេះ ជាមួយសម្តេចតេជោ ចាប់តាំងពីឆ្នាំ២០០៦មក។ ឯកឧត្តម បានជម្រាបសម្តេចថា គោលបំណងនៃទស្សនកិច្ចនេះ ដើម្បីជម្រាបជូនសម្តេចអំពីកិច្ចសហការរវាង អង្គការដើម្បីពិភពលោកទាំងអស់គ្នា (Global Together) ជាមួយនឹងវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា (NPIC) ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ជាពិសេស ជំនាញវិជ្ជាជីវៈ ផ្នែកវិស្វកម្ម ព័ត៌មានវិទ្យា និងធុរកិច្ចរដ្ឋបាល សម្រាប់យុវជន និងនិស្សិតកម្ពុជា។
ឯកឧត្តម បានជម្រាបសម្តេចតេជោ ថា នៅប្រទេសកូរ៉េ ជាង៥០ឆ្នាំកន្លងមកចាប់តាំងពីឆ្នាំ១៩៦៨ ការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាស្នូលមួយរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេស កូរ៉េបានបណ្តុះបណ្តាលយុវជន ជាង៣លាននាក់ នៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ICT គ្រឿងបន្លាស់ និងកម្មន្តសាល។ ឯកឧត្តម បានបន្តថា ដើម្បីបន្តគាំទ្រកំណើនសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍកាន់តែខ្លាំងក្លា ការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញខ្ពស់ ជាពិសេស លើផ្នែកអេឡិចត្រូនិក, ICT និងរថយន្ត គឺជាកត្តាចាំបាច់សម្រាប់ប្រទេសកម្ពុជា ។ ឯកឧត្តម បានកត់សម្គាល់ផងដែរថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បន្តមានការរីកចម្រើនជាប្រក្រតី បើទោះបីជាប្រទេសកូរ៉េមានវិបត្តិនយោបាយផ្ទៃក្នុងដែលកំពុងកើតមានឡើងក៏ដោយ។
នៅក្នុងជំនួបនេះ ឯកឧត្តម Park Joo-bong ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន Daejoo-KC Co., Ltd. និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុងអ៊ីនឈុន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានចូលរួមចំណែកអភិវឌ្ឍធុរកិច្ចនៅកម្ពុជា តាមរយៈការដឹកនាំគណៈប្រតិភូក្រុមហ៊ុនវិនិយោគធំៗមកកម្ពុជា ហើយឆ្នាំ២០២៥នេះ ឯកឧត្តម នឹងដឹកនាំក្រុមគណៈប្រតិភូក្រុមហ៊ុនវិនិយោគមកកម្ពុជាជាថ្មីម្តងទៀត។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Daejoo-KC Co., Ltd ចង់ពង្រីកធុរកិច្ចរបស់ខ្លួន និងបើកក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនទៀតនៅកម្ពុជា និង សង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានគាំទ្រពីសម្តេច។
ឆ្លៀតក្នុងឱកាសនោះ លោក Charles Lee នាយកសាកលវិទ្យាជាតិពហុបច្ចេកវិទ្យាកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃវិស័យឧស្សាហកម្មនៅកម្ពុជា ដែលបច្ចប្បន្ន កម្ពុជាពិតជាត្រូវការការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសខ្ពស់លើវិស័យនេះ។ តាមរយៈបទពិសោធកូរ៉េក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេសខ្ពស់ លោក Charles Lee បានគូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលយុវជន ដែលជាកម្លាំងស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងន័យនេះ លោកនាយក បានបន្តថា លោកនឹងសហការជាមួយវិទ្យាស្ថាន NPIC ដើម្បីបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើបកូរ៉េ ដល់យុវជនកម្ពុជាឱ្យក្លាយជាសសរទ្រូងពោរពេញដោយសក្តានុពលសម្រាប់ប្រទេសកម្ពុជា។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានសម្តែងនូវអំណរអរគុណដែលឯកឧត្តម Kim Jin-pyo ដែលតែងតែគិតគូរពីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេស ការបណ្តុះបណ្តាលមូលធនមនុស្សដែលមានជំនាញបច្ចេកវិទ្យាខ្ពស់។ សម្តេចតេជោ បានថ្លែងអំពីសារៈសំខាន់ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសខ្ពស់ ដល់យុវជនកម្ពុជា ដែលការណ៍នេះ ស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា ១.៥លាននាក់ផងដែរ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា កម្ពុជា នឹងចាកចេញពីប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ធំធេងរបស់កូរ៉េ ក្នុងការវិវត្តខ្លួនយ៉ាងឆាប់រហ័សពីប្រទេសក្រីក្របំផុតមួយក្នុងពិភពលោកនៅទសវត្សរ៍ឆ្នាំ១៩៧០ មកជាប្រទេសមានប្រាក់ចំណូលខ្ពស់ និងក្រុមប្រទេសដែលមានឧស្សាហកម្មនាំមុខនាពេលបច្ចុប្បន្ន។ សម្តេចតេជោ បានបន្តថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណា មិនឱ្យធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យម។ សម្តេច បានផ្តល់អនុសាសន៍ឱ្យគណៈប្រតិភូកូរ៉េ បន្តសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធផ្សេងៗទៀត ហើយកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលវិជ្ជមានសម្រាប់ការរីកចម្រើន និងសុខដុមនីយកម្មទាំងអស់គ្នា។
ជាថ្មីម្តងទៀត សម្តេចតេជោ បានអរគុណចំពោះ ឯកឧត្តម Kim Jin-pyo ទោះបីសម្តេចមិនកាន់តំណែងជានាយករដ្ឋមន្រ្តីយ៉ាងក្តី នៅពេល ឯកឧត្តម មកកម្ពុជា តែងតែនឹករលឹកជួបសម្តេច។ បច្ចុប្បន្ន ជាប្រធាន ព្រឹទ្ធសភា សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេច បានដាក់គោលដៅធំពីរសម្រាប់ព្រឹទ្ធសភា គឺការទូតសភា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលពង្រឹងទំនាក់ទំនង និងការកសាងមិត្ត ក្នុងបរិបទពិភពលោកពោរពេញដោយការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងគណនេយ្យភាព នៅចំពោះមុខអង្គបោះឆ្នោត។ សម្តេចតេជោ បានបន្តចែករំលែកបទពិសោធកម្ពុជាក្នុងការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ។
នៅចុងបញ្ចប់ សម្តេចតេជោ បានបន់ស្រន់សូមឱ្យសភាពការណ៍នៅកូរ៉េវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ហើយ បន្តថា “មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ” និង បានជូនពរ ឯកឧត្តម Kim Jin-pyo និងគណៈប្រតិភូ ទទួលបានជោគជ័យភារកិច្ច និងការស្នាក់នៅកម្ពុជាប្រកបដោយផាសុកភាព៕

-
ព័ត៌មាន5 days ago
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យការិយាល័យបុគ្គលិកសួរនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោកបណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ
-
ព័ត៌មាន4 days ago
សម្ដេចធិបតី ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយលូកលាន់លើកិច្ចការងារបច្ចេកទេស
-
ព័ត៌មាន4 days ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
-
ព័ត៌មាន4 days ago
សម្ដេចធិបតី៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធីប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពាន
-
ព័ត៌មាន4 days ago
សម្ដេចធិបតី លើកទឹកចិត្តនិស្សិតជ័យលាភីបន្តខិតខំស្វែងរកការងារធ្វើទាំងវិស័យសាធារណៈ និងជកជន
-
ព័ត៌មាន4 days ago
ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ! សម្ដេចតេជោ អំពាវនាវឱ្យជនរួមជាតិក៏ដូចជាអ្នកពាក់ព័ន្ធបញ្ចប់តាមរបៀបឈ្នះ ឈ្នះ
-
ព័ត៌មាន2 days ago
ដំឡូងមី និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងត្រូវនាំចេញទៅទីផ្សារចិនក្នុងគ្រាបន្ទាប់
-
កីឡា5 days ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ