ព័ត៌មាន
ហ្វីលីពីន បង្ហាញតម្រូវការផលិតផលកសិកម្មពីកម្ពុជា ដើម្បីផ្គត់ផ្គងតម្រូវការនៅប្រទេសហ្វីលីពីន
អមដំណើរសម្តេចនាយករដ្ឋមន្រ្តីនៅសាធារណរដ្ឋហ្វីលីពីន ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមសម្តែងការគួរសម និងកិច្ចជំនួបទ្វេភាគីលើវិស័យកសិកម្ម ជាមួយឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
យោងតាមផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឲ្យដឹងថា ក្នុងជំនួបការងារនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វើឡើងក្នុងគោលបំណងបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក មិនមែនជាការប្រកួតប្រជែងគ្នានោះទេ ហើយប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែរឹងមាំបន្ថែមទៀត ជំរុញការរីកចម្រើនក្នុងវិស័យកសិកម្ម សំដៅចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍឱ្យមានចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីន បានមានប្រសាសន៍ថា ប្រទេសហ្វីលីពីន មានតម្រូវការលើផលិតផលកសិកម្មជាច្រើនពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនប្រជាជនហ្វីលីពីន ដែលកើនជាង ១០លាននាក់ក្នុងមួយឆ្នាំ។ ហ្វីលីពីនមានតម្រូវការ ដូចជា អង្ករ សាច់ជ្រូក សាច់គោ មាន់ ត្រី និងបន្លែផ្លែឈើជាច្រើន។ លើសពីនេះ ភាគីហ្វីលីពីន ក៏នឹងពិនិត្យមើលលើលទ្ធភាពក្នុងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងការធ្វើវារីវប្បកម្មផងដែរ។ ឯកឧត្តម បានឱ្យដឹងទៀតថា ក្រសួងកសិកម្មហ្វីលីពីន បានទទួលសិទ្ធក្នុងការនាំចូលអង្ករ និងម្ហូបអាហារ ដោយមានថវិកា ១០០លានដុល្លាអាមេរិក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូនៃក្រសួងកសិកម្មហ្វីលីពីន ទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិនិត្យពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា និងពិភាក្សាលម្អិតបន្ថែមទៀតរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ជូនថា គោលបំណងនៃកិច្ចជំនួបនេះគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្មដោយផ្តោតលើចំណុចសំខាន់ចំនួន០២ រួមមានការធានាសន្តិសុខស្បៀង និងការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនផងដែរ៕





-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល