ព័ត៌មាន
មនី្ទរពេទ្យបង្អែករាជធានី ប្រឹងប្រែងបង្កើនប្រសិទ្ធភាព និងសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ
មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ មនី្ទរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាព និងសមត្ថភាពក្នុងការផ្តល់ សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
លោកស្រីវេជ្ជបណ្ឌិតឯកទេស ញ៉ែម ណាវី ប្រធានផ្នែកជំងឺសើស្បែក តំណាងលោកវេជ្ជបណ្ឌិត នេត សុវីរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា សព្វថ្ងៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ មានផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ គ្រប់ជំនាញទាំងអស់ មិនមែនមានតែផ្នែកសម្ភពនោះទេ។ ក្នុងនោះមានផ្នែកជំងឺទូទៅ សម្ភព រោគស្រី្ត សើស្បែក កាមរោគ ត្រចៀក ច្រមុះ និងបំពង់ក ជំងឺទូទៅកុមារ ជំងឺទឹកនោមផ្អែម ភ្នែក លើសសម្ពាធឈាម វះកាត់ទូទៅ បាក់បែកឆ្អឹង មាត់ធ្មេញ អេកូសាស្រ្ត វិទ្យុសាស្រ្ត មនី្ទរពិសោធន៍ ជាដើម។ នៅក្នុងសេវាកម្មដែលក្រុមគ្រូពេទ្យជំនាញបានផ្តល់ជូនប្រជាពលរដ្ឋ គឺមានគ្រប់ផ្នែក ប្រៀបដូចទៅនឹងមនី្ទរពេទ្យថ្នាក់ជាតិផងដែរ។ គ្រាន់តែមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ស្ថិតក្នុងកម្រិតCPA3(ស៊ីភីអេ ស្រ៊ី) មានន័យថាក្រោមមនី្ទរពេទ្យថ្នាក់ជាតិ មួយកម្រិត។
ចំណែកបងប្អូនប្រជាពលរដ្ឋ មកពីរាជធានី-ខេត្ត អញ្ជើញមកទទួលសេវាសុខាភិបាលពីក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានលើកឡើងរួមគ្នាថា គ្រូពេទ្យ បុគ្គលិក ក្នុងមនី្ទរពេទ្យបម្រើសេវាជូនប្រជាជន បានល្អណាស់ ចេះគួរសម ពាក្យសម្តីពិរោះពិសា មកកាន់ប្រជាជនបានល្អ ជាពិសេសនៅពេលពិគ្រោះ ពិនិត្យជំងឺ និងផ្តល់ឱសថសម្រាប់យកទៅលេប មានភាពច្បាស់លាស់។
សូមបញ្ជាក់ផងដែរ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចាប់តាំងពីដើមអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់គោលដៅច្បាស់លាស់ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក។ ដើម្បីសម្រេចគោលដៅនេះ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក រាជរដ្ឋាភិបាលសម្រេចបាននូវកិច្ចការមួយចំនួនដែលរួមមាន៖
១. បានជ្រើសរើសបុគ្គលិកសុខាភិបាល ៧០០នាក់ នៅក្នុងឆ្នាំ២០២៤ និងត្រូវជ្រើសរើសបន្ថែមជាង ៦៥០នាក់ បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីបំពេញនៅតាមមណ្ឌលសុខភាព នៅទូទាំងប្រទេស។ ការបំពេញបុគ្គលិកសុខាភិបាល នឹងជួយបង្កើនប្រសិទ្ធភាព និងសមត្ថភាពរបស់មណ្ឌលសុខភាព ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែលឈានទៅរកការផ្ដល់សេវា ២៤ម៉ោង/២៤ម៉ោងនៅពេលអនាគត។
២. បានទម្លាក់ថវិកាបន្ថែមជាង ៣០ពាន់លានរៀល នៅឆ្នាំ២០២៤ និងថវិកាពិសេសបន្ថែមចំនួន ១៨លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥ និងឆ្នាំបន្ទាប់ ដើម្បីបង្កើនបរិមាណថ្នាំ សម្រាប់ព្យាបាលជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋ (ពេលមុនអាចផ្តល់ថ្នាំជូនប្រជាពលរដ្ឋថ្នាំសម្រាប់លេបរយៈពេលត្រឹម ១សប្តាហ៍ រហូតដល់ពេលបច្ចុប្បន្នអាចផ្ដល់ថ្នាំជូនសម្រាប់លេបរហូតដល់រយៈពេល១ខែ នៅកន្លែងខ្លះ)។ ការបង្កើនបរិមាណថ្នាំជូនដល់ប្រជាពលរដ្ឋ បាននិងកំពុងជួយកាត់បន្ថយតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅទទួលថ្នាំនៅមណ្ឌលសុខភាពច្រើនដងក្នុងមួយខែៗ ដែលជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកា។
៣. បានសម្រេចផ្ដល់ថវិកាជាង១៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៥នេះ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់ នឹងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្ត។ ក្រៅពីសមិទ្ធផលដែលសម្តេចមហាបវរធិបតី បានរៀបរាប់ខាងលើ រាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ បានសម្រេចនូវសមិទ្ធផលធំៗផ្សេងទៀតជាច្រើន ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងការពង្រឹង និងលើកកម្ពស់វិស័យសុខាភិបាលនៅគ្រប់កម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ រដ្ឋា













-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ