ព័ត៌មាន
ឯកឧត្តមអភិសន្តិបណ្ឌិត ធ្វើទស្សនកិច្ចប្រទេសវៀតណាម ២ថ្ងៃ
ភ្នំពេញ: ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច ចូលរួម កិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម លឿង តាមខ្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។
ថ្លែងក្នុងសន្និសីតសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត នឹងមានជំនួបទ្វេភាគីក្នុងកិច្ចប្រជុំចង្អៀត ជាមួយ ឯកឧត្តម លឿង តាមខ្វាង ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ផ្លាស់ប្ដូរយោបល់អំពីសភាពការណ៍តំបន់ និងពិភពលោក មុននឹងអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ។
លោកបន្តថា ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ២០២៥ នោះ ភាគីទាំងពីរនឹងបន្តផ្លាស់ប្ដូរព័ត៌មាន និងការយល់ឃើញអំពីសភាពការណ៍សាកល សភាពការណ៍ប្រទេសរៀងខ្លួន ទាំងស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសន្តិសុខទូទៅ រួមទាំងបញ្ហាគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (Online Scam) មុននឹងពិនិត្យចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥។
បើតាមលោក រ៉េន រតនៈ ផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ជាយន្តការដ៏មានសារៈសំខាន់ ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក្នុងកិច្ចការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងនាមជាប្រទេសក្បែរខាង។
អ្នកនាំពាក្យដដែល បានសម្ដែងក្ដីជឿជាក់ថា ភាពល្អប្រសើរនៃទំនាក់ទំនងដែលរក្សាបានតាំងពីរាជរដ្ឋាភិបាលនីតិកាលទី៦កន្លងទៅ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងក្នុងវិស័យមហាផ្ទៃ មាន សម្ដេចក្រឡាហោម ស ខេង ជាអតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាពិសេសតាមរយៈការពូនជ្រុំបន្ថែមទៀតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត នៅសាធារណរដ្ឋសង្គមនិយមវៀតណាមលើកនេះ នឹងបន្តនាំមកនូវផលប្រយោជន៍ថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។ ដោយឡែកគណៈប្រតិភូដែលចូលរួមដំណើរទស្សនកិច្ចនេះ រួមមានលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយកធនធានមនុស្ស ឯកឧត្តមអគ្គនាយកភស្តុភារនិងហិរញ្ញវត្ថុ ឯកឧត្តមប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមអគ្គនាយកអត្តសញ្ញាណកម្ម ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម អគ្គនាយកពន្ធនាគារ ព្រមទាំងសហការីមួយចំនួនទៀត ៕









-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា