ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ៖ កូរ៉េត្រៀមផ្ដល់ជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានយល់ព្រមជាមួយរាជរដ្ឋាភិបាលកម្ពុជា ទៅលើការសិក្សា និងត្រៀមផ្ដល់ហិរញ្ញប្បទាន ព្រមទាំងជំនួយអត់សំណង សម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានយល់ព្រមជាមួយរាជរដ្ឋាភិបាលកម្ពុជា ទៅលើការសិក្សា និងត្រៀមផ្ដល់ហិរញ្ញប្បទាន ព្រមទាំងជំនួយអត់សំណង សម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីតំបន់ផ្សាររាត្រីនៃរាជធានីភ្នំពេញ ទៅតំបន់ជ្រោយចង្វារ រួចបន្តទៅតំបន់អរិយក្សត្រ នៃខេត្តកណ្ដាល។

នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ២១ ពីរង្វង់មូលតាខ្មៅ ដល់ស្ពានជ្រៃធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា គម្រោងសាងសង់ស្ពានខាងលើនេះ ត្រូវបានសិក្សានូវជម្រើសជាច្រើន រហូតដល់ទៅ ៥ ទៅ ៦ជម្រើសឯណោះ ហើយទីតាំងក៏មានច្រើនកន្លែងផងដែរ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ជម្រើសសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គឺមានច្រើន តែជម្រើសធំៗ គឺមានពីរ។ ទីមួយ សាងសង់ស្ពានចាប់ពីត្រឹមតំបន់ជ្រោយចង្វារ ឆ្លងកាត់ទន្លេមេគង្គ ទៅតំបន់ស្វាយជ្រុំ។ ប៉ុន្តែបើសាងសង់ពីជ្រោយចង្វារ ទៅស្វាយជ្រុំ គឺនឹងបង្កើតនូវបញ្ហាកកស្ទះចរាចរណ៍ នៅជ្រោយចង្វារតែម្ដង ដែលជាបញ្ហាលំបាក។ ទីពីរ សាងស្ពានចាប់ពីតំបន់ផ្សាររាត្រី ឆ្លងកាត់ទន្លេសាប រួចហើយចុះនៅតំបន់ស្ពានជ្រោយចង្វារ ទើបបន្តទៅតំបន់អរិយក្សត្រ។
ពាក់ព័ន្ធនឹងគម្រោងនេះ សម្ដេចតេជោ បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េ ម៉ូន ចេអ៊ីន រួចហើយ ក្នុងពេលដែលសម្ដេចអញ្ចើញទៅទស្សនកិច្ច នៅកូរ៉េខាងត្បូងនាពេលកន្លងទៅ។ ក្នុងការពិភាក្សានោះ សម្ដេច ក៏បានស្នើសុំឲ្យប្រធានាធិបតីកូរ៉េ ម៉ូន ចេអ៊ីន គាំទ្រនូវគម្រោងដែលសម្ដេចបានសម្រេច ហើយលោក ម៉ូន ចេអ៊ីន បានសន្យាថា នឹងពិនិត្យគាំទ្រជាមួយគម្រោងនេះ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្ដីសង្ឃឹមថា ប្រធានាធិបតីកូរ៉េខាងត្បូង ដែលជាប់ឆ្នោតថ្មី បន្តការគាំទ្រចំពោះគម្រោងសាងសង់ស្ពាននេះ ដោយសម្ដេចតេជោ លើកឡើងថា តាមធម្មតា បើប្រធានាធិបតីមុនធ្វើហើយ បន្ទាប់មកប្រធានាធិបតីមកក្រោយ គឺគេមិនលុបចោលនូវគម្រោងបែបនេះទេ។
សម្ដេចតេជោ បានឲ្យដឹងទៀតថា គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ នេះ គ្រោងធ្វើឡើងដោយដែកខ្សែកាបខ្ពស់ ដែលគ្មានសរសនោះទេ ពីព្រោះមានការធ្វើចរាចរណ៍តាមផ្លូវទឹក និងម្យ៉ាងទៀត ក៏ប្រទេសកម្ពុជា មានការរៀបចំពិធីបុណ្យអ៊ុំទូក ផងដែរ។ ដូច្នេះ ប្រសិនបើមានសរស អាចនឹងជួបការលំបាក ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍តាមផ្លូវទឹក។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ខ្ញុំបញ្ជាក់ជាមួយប្រធានាធិបតី ម៉ូន ចេអ៊ីន ហើយក៏បាននិយាយជាមួយប្រធានសភាសព្វថ្ងៃថា ជួយគាំទ្រអាហ្នឹងផងៗ ហើយខ្ញុំបានប្រាប់ឯកឧត្ដម ម៉ូន ចេអ៊ីនថា ប្រសិនបើអាស្ពានធន់នឹងវាកើត នៅទឹកដីទីក្រុងភ្នំពេញ វាក្លាយទៅជារបស់មួយ ដែលទាក់ទងទេសចរណ៍មកមើល ទាំងទេសចរណ៍ក្នុងស្រុក ទាំងទេសចរណ៍មកពីក្រៅស្រុក ព្រោះអាស្ពានធន់នឹង គឺជាស្ពានដែលទំនើប ព្រោះឆ្លងទន្លេអត់មានសរសផង»។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា សមិទ្ធផលនានាកន្លងមក ក៏ដូចជាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នេះ គឺកើតឡើងបន្ទាប់ពីមានទំនាក់ទំនងការទូត រវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលសម្ដេចត្រូវតែពុះពារធ្វើឲ្យខានតែបាន។ បន្ថែមពីលើនេះ សម្ដេចតេជោ ក៏មានមោទកភាពផងដែរ ដែលសម្ដេចជាស្ថាបនិក នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងកម្ពុជា និងកូរ៉េខាងត្បូង៕
អត្ថបទពី៖ KPT
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧