ព័ត៌មាន
កម្ពុជា និងថៃមានមូលដ្ឋានគ្រប់គ្រាន់ និងច្បាស់លាស់ សម្រាប់ដោះស្រាយបញ្ហាព្រំដែនប្រទេសទាំងពីរ
ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្រ្ត នៃក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានគូសបញ្ជាក់ជារួមថា កម្ពុជា និងថៃមានមូលដ្ឋាន គ្រប់គ្រាន់ និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហា ព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោលព្រំដែនជាមួយគ្នាចំនួន ៧៤បង្គោល ហើយភាគីទាំងពីរ កម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញនៅក្នុង MOU ឆ្នាំ២០០០។
ឧត្តមសេនីយ៍ទោ ឆេង ឃុន អះអាងបន្តថា ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ កម្ពុជាប្រកាន់ជំហរការពារអធិបតេយ្យរបស់ខ្លួនដោយគោរពតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និង មិនចង់បានទឹកដីថៃឡើយ ហើយស្នើភាគីថៃគោរពនូវអធិបតេយ្យរបស់កម្ពុជាវិញដូចគ្នា។ ក៏ប៉ុន្តែ កិច្ចការនេះ តម្រូវឱ្យមានការគិតគូរ និងចរចាជាមួយគ្នាឱ្យបានច្បាស់លាស់ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសត្រឹមត្រូវតាមកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាជាង ២០ឆ្នាំ មកហើយ គឺតាមរយៈយន្តការ JBC និងផ្អែកលើគោលការណ៍ MOU ឆ្នាំ២០០០ ព្រមទាំងបែបបទបច្ចេកទេសអនុវត្ត TOR ឆ្នាំ២០០៣”។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សំណូមពរយោធាថៃ អាជ្ញាធរខេត្តថៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់ថៃ បញ្ឈប់ការប្រើប្រាស់ផែនទីមិនផ្លូវការ ឬរូបភាពផែនទីផ្កាយរណបដែលគូសខ្សែព្រំដែន ជាឯកតោភាគី ដែលនាំឱ្យមានការភាន់ច្រឡំ បង្កើតជាព័ត៌មានមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងស្នើ ភាគីថៃគោរពរាល់កិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីថៃបានឯកភាពគ្នាជាមួយកម្ពុជា ជាពិសេសស្មារតីកិច្ចប្រជុំពិសេស GBC នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច ៨.១.១ ដែលប្រគល់សមត្ថកិច្ច ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយលើកិច្ចការព្រំដែន និងចៀសវាងនូវសកម្មភាពដែលធ្វើឱ្យបាត់បង់នូវជំនឿទុកចិត្ត បង្កើតឱ្យមានការយល់ច្រឡំគ្នា បង្កឱ្យមានភាពតានតឹង ឬពង្រីកវិសាលភាពជម្លោះនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ៕

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព