ព័ត៌មាន
អ្នកនាំពាក្យក្រសួងការងារ៖ ប្អូនៗទើបប្រឡងបាក់ឌុប បើចង់បានការងារឆាប់រហ័ស កាត់បន្ថយចំណាយរបស់ឪពុកម្តាយ និងបន្តការសិក្សាតាមក្តីស្រមៃ មករៀនជំនាញ TVET
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញពីឱកាសដ៏ល្អសម្រាប់យុវជនទាំងអស់ ក៏ដូចជាសិស្សានុសិស្សថ្នាក់ទី១២ ដែលទើបប្រឡងហើយ ទោះធ្លាក់ឬជាប់ក្តី បើសិនជាចង់ទទួលបានការងារឆាប់រហ័ស កាត់បន្ថយចំណាយឪពុកម្តាយលើការរស់នៅ និងការសិក្សាដោយខ្លួនឯង សូមជ្រើសរើសការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ១,៥លាននាក់ ដោយឥតគិតថ្លៃ។

លោកថ្លែងថា៖«ប្អូនៗថ្នាក់ទី១២ដែលទើបប្រឡងហើយ ទោះជាប់ ឬធ្លាក់ក្តី កុំអស់សង្ឃឹម ខ្ញុំសូមណែនាំឱកាសមាសដែលជួយប្អូនៗឱ្យឆាប់បានការងារធ្វើ មានជំនាញច្បាស់លាស់ រកលុយចាយបានដោយខ្លួនឯង ក្នុងរយៈពេលខ្លីគឺត្រឹម៤ខែប៉ុណ្ណោះ គឺសូមប្អូនៗទាំងអស់គ្នា មករៀនជំនាញ TVET នៅសាលាទូទាំងប្រទេស ដោយឥតគិតថ្លៃ ហើយពេលមានជំនាញ និងមានប្រាក់ខែរួចហើយ ប្អូនៗទាំងអស់គ្នាអាចបន្តការសិក្សាផ្នែកជំនាញលើកម្រិតបរិញ្ញាបត្រក៏បាន ឬចង់ប្តូរទៅរៀនជំនាញផ្សេងទៀតក៏បាន»។

លោក ស៊ុន មេសា បានលើកឡើងថា TVET គឺជារបៀបសិក្សាដែលផ្តោតលើជំនាញអាជីព និងបច្ចេកទេស ដែលអាចជួយឱ្យអ្នករៀនទទួលបានការងារយ៉ាងឆាប់រហ័ស និងមានសមត្ថភាពអនុវត្តជាក់ស្តែងក្នុងទីផ្សារការងារ ជាពិសេស នៅពេលរៀនចប់ភ្លាមទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជួយផ្គូផ្គងរកការងារឱ្យធ្វើភ្លាមៗតែម្តង។

ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យវិញ មិនត្រឹមតែសិក្សាដោយឥតបង់ថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ២៨ម៉ឺនរៀលជារៀងរាល់ខែថែមទៀតផង។
សូមបញ្ជាក់ថា យុវជន និងសិស្សានុសិស្ស ដែលទើបប្រឡងចប់ថ្នាក់ទី១២ អាចចុះឈ្មោះសិក្សានៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំង ៣៧ទីតាំងនៅទូទាំងប្រទេសលើជំនាញចំនួន៤៥ ក្នុងនោះរួមមានជំនាញ ធុរកិច្ច និងព័ត៌មានវិទ្យា, សំណង់, សេវាកម្ម, ទេសចរណ៍, និងបរិក្ខារត្រជាក់ និងកម្តៅជាដើម។
បន្ថែមពីនេះ ក្រៅពីការជំរុញឱ្យសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេស ១,៥លាននាក់ ដើម្បីទទួលបានការងារឆាប់រហ័សហើយនោះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានអះអាងថា ការសិក្សាជំនាញបច្ចេកទេសនាពេលបច្ចុប្បន្ន គឺកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ៕







-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព