Connect with us

ព័ត៌មាន

បច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ៖ ស្ថានភាពនៅភូមិជោគជ័យ បានស្ងប់ស្ងាត់ទៅវិញហើយ

គិតត្រឹមម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពនៅភូមិជោគជ័យ ឃុំ​អូរ​បីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់​ពី​ទាហាន​​ថៃ​បាន​នាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ ៤៦ បំណង​ចង់​វាស់​ដី​នៅ​ចំណុច​ចំការ​អំពៅ កាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ​ ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវ​បាន​រារាំងដោយកងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ រួមជាមួយវត្ត​មាន​ប្រជា​ពលរដ្ឋ​ដែល​សុទ្ធ​តែ​ជាម្ចាស់ដី ជាអ្នករស់នៅ និងអាស្រ័យផលនៅលើដីទីនេះផ្ទាល់​ បានចូលមកតវ៉ា រារាំង​ និងបញ្ជាឱ្យទាហានថៃ និងក្រុមអ្នកវាស់ដីរបស់ភាគីថៃដកថយទៅវិញភ្លាមៗ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​អាចធ្វើ​សកម្មភាពវាស់ដីបាននោះទេ។ សូម​បញ្ជាក់​ថា​មក​ដល់​ម៉ោង​នេះក​ង​កម្លាំង​កម្ពុ​ជា​ដែល​មិនមានប្រដាប់អាវុធ គឺ​នៅ​តែ​បន្ត​ឈរ​ការពារ​សុវត្ថិភាពដល់ប្រជាពលរដ្ឋ និងត្រៀម​ខ្លួន​ជានិច្ច ​ដើម្បីការពារបូរណភាពទឹកដី។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈអ​ភិបាល​ខេត្ត​បន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតតវ៉ាទៅកាន់អភិបាលខេត្តស្រះកែវ នៃ​ព្រះរាជាណាចក្រថៃ ដោយប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារ​ប្រកាស​អនុវត្ត​ច្បាប់​ក្នុង​ស្រុក​ថៃ​លើ​ប្រជា​ពលរដ្ឋ​កម្ពុជា​រស់​នៅ​ក្នុង​ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០២៥ ចំណុច៨ នៃកំណត់ហេតុកិច្ចប្រជុំពិសេស GBC លើកទី១ បានលើក​ឡើង​ថា​ពាក់​ព័ន្ធ​នឹង​ឧ​​បទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកសួង ខេត្តស្រះកែវ ប្រទេសថៃ ភាគីទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នាដូចខាងក្រោម៖

១៖ ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់នៃ គណៈកម្មការចំរុះព្រំដែន (JBC)។

២៖ ភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC)។

នៅក្នុងរយៈពេលនេះ អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ នឹងសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia