ព័ត៌មាន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន «គុណភាព នៃធនធានមនុស្ស គឺជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងសមធម៌»
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សង្កត់ធ្ងន់ថា គុណភាពនៃធនធានមនុស្ស គឺជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងសមធម៌។ ដូច្នេះ ការពង្រឹងគុណភាពអប់រំនៅកម្ពុជា គឺជាបេសកកម្មដ៏សំខាន់បំផុតរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់។
ការថ្លែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាយ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញា បត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត ទេព កូលាប ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ លោក លោកស្រី ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សជ័យលាភីប្រមាណ ១៤១២ អង្គ/នាក់, នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ នៅវិទ្យាស្ថានជាតិអប់រំ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងដៃគូរសហប្រតិបត្តិការរបស់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលសម្រេចបាននូវលទ្ធផលជាច្រើនក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា ប្រកបដោយគុណភាព សីលធម៌ វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ។ យោងតាមរបាយការណ៍របស់លោកជំទាវបណ្ឌិត សាកលវិទ្យាធិការ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សាកលវិទ្យាល័យដែលមានចក្ខុវិស័យវែងឆ្ងាយ បេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ ដែលបាននឹងកំពុងដើរតួនាទីជាត្រីវិស័យដឹកនាំគ្រឹះស្ថានឧត្តមសិក្សានេះឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការបណ្តុះបណ្តាលយុវជនឱ្យក្លាយជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនដែលមានសក្តានុពលសំដៅរួមចំណែកលើកស្ទួយកិត្យានុភាពជាតិ។ រាជរដ្ឋាភិបាល បានចាត់ទុកមូលធនមនុស្សប្រកបដោយបំណិននៅសតវត្សទី២១ ជាពិសេសផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ គឺជាកត្តាជំរុញឧត្តមភាពប្រកួតប្រជែងរបស់ប្រទេសជាតិ។ សមត្ថភាពជំនាញទាំងនេះជួយឱ្យប្រជាជន មានចំណេះដឹងថ្មីៗ និងប្រែក្លាយចំណេះដឹងទៅជាការអនុវត្តប្រកបដោយនវានុវត្តន៍ដែលគាំទ្រដល់ការធ្វើអន្តកម្មសេដ្ឋកិច្ចប្រទេស។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ និងលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាពខ្លួនទាំងចំណេះដឹងទូទៅ និងជំនាញបច្ចេកទេសឱ្យបានជាប់លាប់ ជាពិសេសក្នុងបរិបទពិភពលោកដែលកំពុងផ្លាស់ប្តូរ និស្សិតត្រូវចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ឱ្យមានប្រសិទ្ធភាព ស្វែងរកឱកាសការងារ និងបង្កើនជំនាញដែលទីផ្សារត្រូវការ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ និងកសាងសេដ្ឋកិច្ចជាតិ ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការដឹងគុណជាទីបំផុត ចំពោះទឹកចិត្តមោះមុតក្លាហានរបស់វីរយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិតាមព្រំដែន ដើម្បីការពារទឹកដី និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងសូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកជំទាវបណ្ឌិត ទេព កូលាប ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានឲ្យដឹងថា ថ្ងៃនេះសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ទាំង៥មហាវិទ្យាល័យ (មហាវិទ្យាល័យពាណិជ្ជសាស្ត្រ និងទេសចរណ៍, មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា,
មហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងសាលាថ្នាក់ក្រោយបរិញ្ញាបត្រ) ដែលមាន១៥ជំនាញ សរុបចំនួន ១,៤១២ អង្គ/នាក់ ក្នុងនោះនារី ៨៤៧ នាក់ និស្សិតពិការភាព ៧នាក់ (ស្រី២នាក់) ព្រះសង្ឃ ២១ អង្គ និងនិស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានចំនួន៨០នាក់ នារី៤១នាក់៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន2 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
PR NEWS10 hours agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន3 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន4 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន