ព័ត៌មាន
តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពី តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ស្នើ ៥ចំណុចសំខាន់ ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ “ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានផ្ញើលិខិតជូនឯកឧត្តម Samuel Zbogar តំណាង អចិន្ត្រៃយ៍នៃសាធារណរដ្ឋស្លូវេនីប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ (UNSC) ដោយស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យយកចិត្តទុកដាក់ និងចាត់ការជាបន្ទាន់ និងម៉ឺងម៉ាត់បំផុត ចំពោះសកម្មភាពឈ្លានពានប្រដាប់អាវុធ ដោយគ្មានការញុះញង់ជាមុន គ្មានហេតុផល និងខុសច្បាប់ ដែលកំពុងបន្តប្រព្រឹត្តទៅកាន់តែខ្លាំងឡើងពីសំណាក់កម្លាំងយោធាថៃ ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក។
ដោយមើលឃើញថា យោធាថៃនៅតែបន្តរំលោភបំពានយ៉ាងគឃ្លីនដល់វឌ្ឍនភាពដ៏ធំធេង ដែលសម្រេចបានតាមរយៈការចរចាទ្វេភាគី និងការសម្របសម្រួលពីមិត្តអន្តរជាតិ ព្រមទាំងស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងនៅសមរភូមិជាក់ស្តែង ក៏ដូចជាការមើលឃើញពីភាពចាំបាច់ជាបន្ទាន់ក្នុងការទប់ស្កាត់កុំឱ្យស្ថានការណ៍នេះកាន់តែអាក្រក់ថែមទៀត ដោយផ្អែកលើមាត្រា ៣៤ និង ៣៥(១) នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ និងដោយគោរពលើសិទ្ធិអំណាចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្រោម មាត្រា ៩៩, តំណាងអចិន្ត្រៃយ៍របស់កម្ពុជាបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចាត់វិធានការ ៥ចំណុច ដូចខាងក្រោម៖
១. «ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានដោយកម្លាំងយោធាថៃដោយគ្មានការញុះញង់ជាមុន ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ដែលជាការរំលោភលើមាត្រា ២(៤) នៃ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។»
២. «ទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារដោយយោធាថៃ រួមទាំងការបាញ់ផ្លោងដោយ កាំភ្លើងធំ និងប្រតិបត្តិការយន្តហោះចម្បាំង ដែលរំលោភអធិបតេយ្យ និងបូរណភាពទឹកដី របស់កម្ពុជា។»
៣. «ទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានដោយខុសច្បាប់លើកម្ពុជា បញ្ឈប់ការប៉ុនប៉ងវាយលុក ឬរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមរយៈការបើប្រាស់ផែនទីដែលគូសដោយឯកតោភាគី ហើយត្រូវគោរពយ៉ាងពេញលេញនូវខ្សែបន្ទាត់ព្រំដែន ដែលទទួលស្គាល់ដោយអន្តរជាតិ និងលិខិតូបករណ៍នានាដែលមានកាតព្វកិច្ចផ្លូវច្បាប់។»
៤. «ទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការវាយប្រហារ លើតំបន់ស៊ីវិល និងគោលដៅស៊ីវិល ហើយត្រូវគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស្សជាតិ ការញែកឱ្យដាច់ពីគ្នាលើគោលដៅវាយប្រហារ និងភាពសមាមាត្រគ្នា ព្រមទាំងគោរពយ៉ាងពេញលេញលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។»
៥. «បញ្ជូនបេសកកម្មស្វែងរកការពិតជាឯករាជ្យរបស់អង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីការពិតនៅទីតាំងជាក់ស្ដែង ស៊ើបអង្កេតលើការរំលោភច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃ និង កំណត់ការទទួលខុសត្រូវរបស់ថៃ ចំពោះការស្លាប់ និងរងរបួសរបស់ជនស៊ីវិល និងការបំផ្លិច បំផ្លាញទ្រព្យសម្បត្តិ។»
បន្ទាប់ពីបានអំពាវនាវជាបន្ទាន់ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ឯកឧត្ដម កែវ ឈា បានបញ្ជាក់ជាថ្មីថា «កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការ សន្ទនាដោយសន្តិវិធី វិធីសាស្ត្រការទូត និងការគោរពច្បាប់អន្តរជាតិ… និងការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឱ្យបានពេញលេញ។ ទោះជាយ៉ាងនេះក្ដី កម្ពុជា មិនអាច ហើយក៏មិនគួរបន្តការអត់ធ្មត់ដោយគ្មានពេលកំណត់ឡើយ ចំពោះការឈ្លានពាន ឥតឈប់ឈរ ដោយខុសច្បាប់។»
ព័ត៌មានពិស្ដារ៖ សេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ



-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន