ព័ត៌មាន
អូស្ត្រាលីគាំទ្រកម្ពុជាដាក់ឲ្យដំណើរការថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលើកដំបូង
ក្រសួងពាណិជ្ជកម្ម និងរដ្ឋាភិបាលអូស្ត្រាលី បានរួមគ្នាប្រកាសដាក់ឲ្យប្រើប្រាស់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃនេះ ក្នុងរាជធានីភ្នំពេញ។ ថ្នាលព័ត៌មានអនឡាញដែលមានពីរភាសានេះ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អ្នកធុរកិច្ចកម្ពុជា និងអ្នកធុរកិច្ចអន្តរជាតិ មានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន និងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង១១ របស់កម្ពុជា កាន់តែមានប្រសិទ្ធភាព។
ដោយយកគំរូពីថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អូស្ត្រាលី ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ផ្តល់ព័ត៌មានពេញលេញអំពីអត្រាពន្ធ នីតិវិធីចុះឈ្មោះសម្រាប់អ្នកនាំចេញលើកដំបូង លក្ខខណ្ឌតម្រូវនៃផលិតផល និងវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើម។ ថ្នាលព័ត៌មាននេះ មានគោលបំណងជួយឱ្យធុរកិច្ច រួមមានសហគ្រាសធុនតូច និងមធ្យម អាចធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានក្នុងការធ្វើពាណិជ្ជកម្មបានល្អប្រសើរ និងប្រើប្រាស់យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងទ្វេភាគី ក្នុងតំបន់ និងពហុភាគីរបស់កម្ពុជា។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ «វេទិកានេះ រួមចំណែកយ៉ាងសំខាន់ក្នុងការជំនះនូវឧបសគ្គ និងជួយសម្របសម្រួលពាណិជ្ជកម្មរវាង កម្ពុជា និងប្រទេសជាដៃគូរបស់ខ្លួន ព្រមទាំងជួយជំរុញសេដ្ឋកិច្ចជាតិទាំងមូល។ លើសពីនេះទៅទៀត ការដាក់ឲ្យប្រើប្រាស់នូវថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នេះប្រព្រឹត្តទៅចំពេលដ៏ល្អ ស្របពេលដែលកម្ពុជា រួមជាមួយរដ្ឋដែលជាសមាជិកអាស៊ាន និងដៃគូពាណិជ្ជកម្មរបស់អាស៊ាន បន្តការធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅ តាមរយៈការបន្តកិច្ចចរចារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវកម្រឹតនៃកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី»។
យោងតាម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានរក្សានូវកំណើនយ៉ាងខ្លាំងរបស់ខ្លួនក្នុងឆ្នាំ២០២៥ ដោយសម្រេចបានក្នុងទឹកប្រាក់ចំនួន ៥៩,១៣ ពាន់លានដុល្លាសហរដ្ឋអាមេរិក ក្នុងរយៈពេល ១១ខែដំបូង គឺបានកើនឡើងចំនួន ១៧,០១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។
ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ខណៈពេលដែលកម្ពុជា ត្រៀមខ្លួនចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ការទាញយកអត្ថប្រយោជន៍អតិបរិមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺកាន់តែមានសារៈសំខាន់ក្នុងការបន្តកំណើនសេដ្ឋកិច្ច។ ថ្នាលព័ត៌មាននេះ នឹងជួយក្រុមហ៊ុនកម្ពុជាក្នុងការស្វែងយល់ និងធ្វើការប្រៀបធៀបអត្រាពន្ធ ព្រមទាំងការតាំងចិត្តលើគ្រប់កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជាផ្សេងៗទៀត ក៏ដូចជាការនាំចេញផលិតផលរបស់ពួកគេប្រកបដោយភាពប្រកួតប្រជែងទៅកាន់ទីផ្សារអន្តរជាតិ។ ថ្នាលព័ត៌មាននេះ ក៏នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិផងដែរ»។
ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងរួមគ្នាតាមរយៈកិច្ចពិគ្រោះយោបល់ និងការសាកល្បងប្រើប្រាស់ ដែលមានការចូលរួមពីក្រសួងពាក់ព័ន្ធ សមាគមធុរកិច្ច និងតំណាងវិស័យឯកជន។ ថ្នាលព័ត៌មាននេះត្រូវបានបង្កើតឡើងក្រោមជំនួយបច្ចេកទេសពីអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។
ពិធីសម្ពោធដាក់ឲ្យប្រើបាស់នេះ បានប្រព្រឹត្តធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម ដោយមានអ្នកចូលរួមជាង ២០០នាក់ រួមមានតំណាងពីវិស័យឯកជន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនប្រឹក្សាឯកជន។
ដើម្បីចូលទៅមើលថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺតាមរយៈគេហទំព័រក្រសួងពាណិជ្ជកម្ម។ ថ្នាលព័ត៌មាននេះ នឹងត្រូវបានធ្វើបច្ចុប្បន្នភាពបន្ថែមជាមួយកិច្ចព្រមព្រៀងថ្មីៗទៀតនាពេលអនាគត ដើម្បីជួយឱ្យអ្នកនាំចេញអាចឈានជើងចូលទីផ្សារថ្មី និងយល់ពីលក្ខខណ្ឌតម្រូវនៃកិច្ចព្រមព្រៀងនីមួយៗ។





-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា