ព័ត៌មាន
ប្រធានាធិបតីសិង្ហបុរីមានសុទិដ្ឋិនិយមថា សក្ដានុពលធនធានមនុស្សវ័យក្មេងកម្ពុជាគឺជាកម្លាំងចលករជំរុញការអភិវឌ្ឍលើគ្រប់វិស័យ
សិង្ហបុរី៖ ឯកឧត្តម ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម (Tharman Shanmugaratnam) ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី បានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជាគឺ ជាកម្លាំងចលករនៃការការជំរុញការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ។
ឯកឧត្តមប្រធានាធិបតី បានបង្ហាញសុទិដ្ឋិនិយមបែបនេះ ក្នុងឱកាសអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះឯកឧត្តមប្រធានាធិបតី បានសម្ដែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីលើកដំបូងក្នុងនាមជានាយករដ្ឋមន្រ្តី មកកាន់សាធារណរដ្ឋសិង្ហបុរី បន្ទាប់ពីសម្ដេចធិបតីបានចូលរួមក្នុងកម្មវិធីពិសេសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់កាលពីឆ្នាំ២០១៨។ ជាមួយគ្នានេះឯកឧត្តមប្រធានាធិបតី បានសម្ដែងនូវការវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងសិង្ហបុរី-កម្ពុជា លើគ្រប់វិស័យ ដែលរួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តមសង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយឈានទៅរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរសម្រាប់ប្រជាជាតិទាំងពីរ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីបានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេង និងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា នឹងជាកម្លាំងចលករនៃការទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដានុពលផ្សេងៗទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ហើយសម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើន ជាពិសេស នៅក្នុងឆ្នាំ២០២៥ ប្រទេសទាំងពីរនឹងរៀបចំខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ហើយប្រទេសទាំងពីរនឹងស្វែងរកនូវកិច្ចសហប្រតិបត្តិការ ស្តីពីការអភិវឌ្ឍលើគ្រប់ទំនាក់ទំនង ដូចជា ទំនាក់ទំនងធុរកិច្ច វិស័យឯកជន រដ្ឋាភិបាល និងសន្តិសុខ និងទិដ្ឋភាពលើវិស័យផ្សេងទៀត។
សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាអំពីយន្តការ និងក្របខណ្ឌគោលនយោបាយនានា សម្រាប់កិច្ចការពារដល់បរិស្ថាន ជាពិសេសការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវភាពធន់របស់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយផ្តោតលើការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលអាចឈានដល់ការសម្រេចបាននូវបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។ ក្នុងយន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងខិតខំពង្រឹកបន្ថែមនូវទំហំវិនិយោគ និងពាណិជ្ជកម្ម ក៏ដូចជាការជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ។ ក្រៅពីនេះ ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ហិរញ្ញវត្ថុ និងធនាគារ និងបច្ចេកវិទ្យា។ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីក៏បានឯកភាពគ្នាលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរដ្ឋាភិបាលទាំងពីរក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីកំណត់ជាក់លាក់លើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗផងដែរ។
មុននឹងបញ្ចប់ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី មានសុទិដ្ឋិនិយមថា នឹងបន្តមានការអភិវឌ្ឍកាន់តែល្អប្រសើរថែមទៀត ហើយទំនាក់ទំនងនេះនឹងជាកត្តាកំណត់សម្រាប់កិច្ចសហប្រតិបត្តិការ និងការទទួលបាននូវវិបុលភាពនៅពេលអនាគតរវាងប្រទេសទាំងពីរ៕

-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា