ព័ត៌មាន
ឯកអគ្គរដ្ឋទូតឆែកសម្តែងសមានចិត្តជ្រាលជ្រៅជាមួយពលរដ្ឋកម្ពុជាក្នុងគ្រាដ៏លំបាក នៃជម្លោះព្រំដែនជាមួយថៃ ដោយសង្ឃឹមថាបញ្ហានឹងដោះស្រាយដោយសន្តិវិធីឆាប់ៗនេះ
ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា លោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានពលរដ្ឋបាត់បង់អាយុជីវិត និងត្រូវរត់ភៀសសឹកចេញពីលំនៅដ្ឋាន មិនអាចប្រកបរបរចិញ្ចឹមជីវិត ក្មេងៗមិនបានទៅសាលារៀនជាដើម។ ឆែកបានតាមដានដោយយកចិត្តទុកដាក់ និងមានជំនឿមុតមាំថា បញ្ហានឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការចរចា នៅក្នុងពេលឆាប់ៗនេះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអនុញ្ញាតជូនលោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សម្ដេចប្រធានរដ្ឋសភា បានសម្ដែងនូវការស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូត និងសហការី និងបានចាត់ទុកវត្តមានរបស់លោកជំទាវនៅកម្ពុជា ជាការបង្ហាញច្បាស់អំពីការផ្ដល់តម្លៃពីសាធារណរដ្ឋឆែកចំពោះកម្ពុជា។
កម្ពុជានិងឆែកមានទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏យូរអង្វែង ហើយព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ព្រះអង្គក៏ធ្លាប់យាងទៅសិក្សានៅប្រទេសឆែក ដែលនេះជានិមិត្តរូប នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដ៏ល្អប្រសើរផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ នឹងខិតខំធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងកម្ពុជា និងឆែកឱ្យមានភាពរីកចម្រើន និងល្អប្រសើរទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ចក្រុមមិត្តភាពសភាប្រទេសទំាងពីរ ការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគរវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើន ជាពិសេស លោកជំទាវនឹងប្រឹងប្រែងកៀរគរអ្នកវិនិយោគ និងអ្នកទេសចរពីសាធារណរដ្ឋឆែកឱ្យមកវិនិយោគនិងកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើន។

លោកជំទាវបានរំលេចថា នៅក្នុងឱកាសខួប ៧០នៃចំណងមិត្តភាពកម្ពុជា-ឆែក លោកជំទាវនឹងខិតខំពង្រីកបន្ថែម ជាពិសេសការរៀបចំព្រឹត្តិការណ៍នានា រួមទាំងការធ្វើទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ឆែក មកកាន់កម្ពុជាផងដែរ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ។ សម្ដេចបានលើកឡើងថា សក្ដានុពលរវាងកម្ពុជា និងឆែក គឺនៅមានចន្លោះជាច្រើនទៀត ដែលអាចធ្វើជាមួយគ្នាឱ្យសមស្របទៅនឹងទំនាក់ទំនងការទូត និងនយោបាយរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរ។ ជាមួយគ្នានេះ សម្ដេចបានអរគុណដែលប្រទេសឆែកបានបង្វែរបំណុលដែលកម្ពុជាជំពាក់មកជាជំនួយសម្រាប់ការអប់រំ។ សម្តេចក៏បានអរគុណចំពោះប្រទេសឆែក ដែលបានសម្រេចផ្តល់អាហារូបករណ៍ចំនួន១៩កន្លែង ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសឆែកក្នុងវិស័យសុខាភិបាល។ គិតចាប់ពីឆ្នាំ១៩៨៤ ដល់ពេលបច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ៤០០នាក់ បានទៅសិក្សានៅប្រទេសឆែក។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ការគាំទ្រនិងការផ្តល់ជំនួយរបស់ឆែកមកកម្ពុជាក្នុងវិស័យសុខាភិបាល និងអប់រំនេះ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់អាទិភាពលើវិស័យធនធានមនុស្ស និងសុខាភិបាល ដែលជាខឿនដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជាវិញ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសឆែក ដែលបានស្វែងយល់ការពិតពីសភាពការណ៍ជាក់ស្តែង។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច ដូចប្រទេសឆែកដែរ។ កម្ពុជាគ្មានមហិច្ឆតាណាមួយក្នុងការទៅដណ្តើមទឹកដី ពីប្រទេសណាមួយឡើយ។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជាគ្មានហេតុផលណាមួយទៅធ្វើសង្រ្គាមដើម្បីឱ្យពលរដ្ឋរងទុក្ខលំបាកទៀតនោះឡើយ។ កម្ពុជាបានស្គាល់រសជាតិលំបាកពីសង្រ្គាម ដូច្នេះសន្តិភាពសម្រាប់កម្ពុជាគឺសំខាន់ណាស់។ កម្ពុជាបាននិងកំពុងអភិវឌ្ឍខ្លួន ដូច្នេះគ្មានបំណងទៅបង្កសង្រ្គាមជាមួយប្រទេសណាមួយ ពិសេសប្រទេសដែលធំជាងខ្លួនឡើយ។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះ មានសភាពឃោរឃៅ និងព្រៃផ្សៃបំផុត។ ប្រទេសថៃបានប្រើអាវុធធុនធ្ងន់ មានទាំងយន្តហោះ F-16 គ្រាប់បែកចង្កោម និងផ្សែងពុល វាយចូលដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងជ្រៅពីបន្ទាត់ព្រំដែន ក្នុងរង្វង់ពី៨០ទៅ៩០គីឡូម៉ែត្រ បានបណ្តាលឱ្យបាត់បង់អាយុជីវិតជនស៊ីវិលជាច្រើន និងបង្កឱ្យប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ បានបង្ខំចិត្តរត់គេចចេញពីលំនៅដ្ឋាន។ ទ្រព្យសម្បត្តិសាធារណៈនិងឯកជន ដូចជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទព្រះវិហារជាដើម ព្រមទំាងផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន សំណង់អគារផ្សេងទៀត បានបំផ្លាញដោយអាវុធរបស់ថៃ។

សម្តេចរដ្ឋសភាធិបតី តាមរយៈជំនួបនោះ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិជំរុញភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាព បញ្ឈប់ការឈ្លានពានមកលើកម្ពុជា បើមិនដូច្នោះទេ ការរងគ្រោះនិងខាតបង់កាន់តែធ្ងន់ធ្ងរជាងនេះ។ ការឈ្លានពានរបស់ថៃមិនត្រឹមបង្កការខូចខាតសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ ប៉ុន្តែបានបង្កផលប៉ពាល់ដល់សន្តិសុខ ស្ថិរភាពតំបន់ និងសកលលោក ផងដែរ៕


-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ