ព័ត៌មាន
ប្រេស៊ីលឈរជាមួយកម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី
លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា បានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុជីវិត របស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងពេលកម្ពុជាប្រឈមនឹងការលំបាកនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកជំទាវបានបញ្ជាក់ថា ប្រទេសទំាងពីរមិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ។ ដូច្នេះដើម្បីបញ្ចប់ជម្លោះមានតែការចរចាដោយសន្តិវិធីដោយគោរពច្បាប់អន្តរជាតិ តែប៉ុណ្ណោះ។
លោកជំទាវឯកអគ្គរដ្ឋទូតដំបូងគេ របស់ប្រទេសប្រេស៊ីលប្រចាំនៅកម្ពុជា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សម្ដេចរដ្ឋសភាធិបតី បានសម្ដែងនូវការស្វាគមន៍ ចំពោះលោកជំទាវឯកអគ្គរដ្ឋទូត និងបានចាត់ទុកវត្តមានលោកជំទាវ ជាផ្នែកមួយដ៏សំខាន់នៃការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល ឱ្យកាន់តែរឹងមាំបន្ថែមទៀតទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
លោកជំទាវ Vivian Loss Sanmartin បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ក្នុងបេសកកម្មការទូតនៅកម្ពុជា លោកជំទាវនឹងធ្វើយ៉ាងណាជំរុញនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទំាងពីរឱ្យមានភាពល្អប្រសើរកាន់តែខ្លាំងឡើងបន្ថែមទៀតទំាងការងារកាទូតសភា ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ការជំរុញនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ សមភាពយេនឌ័រ និងកីឡាជាដើម។
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រប្រសាសន៍លើកឡើងរបស់លោកជំទាវ Vivian Loss Sanmartin ។ ការពង្រឹងទំនាក់ទំនងខាងលើវិស័យការទូតសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ សមភាពយេនឌ័រ សុទ្ធសឹងជាកក្តាសំខាន់ និងចំកាលៈទេសៈ។ សម្តេចបានគូសបញ្ជាក់ថា សកលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការប្រទាញប្រទុងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច បានធ្វើឱ្យសណ្តាប់ធ្នាប់សកលធ្លាក់ចុះ។ ក្នុងពេលនេះ ការពង្រឹងការទូត ទោះទ្វេរភាគីក្តី ពហុភាគីក្តី ដើរតួនាទីសំខាន់នៅក្នុងការលើកកម្ពស់ប្រព័ន្ធពហុភាគីនិយមឱ្យល្អប្រសើរឡើងវិញ។ ប្រេស៊ីលជាច្រកសំខាន់នៅក្នុងការភ្ជាប់ទំនាក់ទំនងទ្វីបអាស៊ីនិងអាមេរិកឡាទីន។ កម្ពុជាគំាទ្រចំពោះការចូលរួមរបស់ប្រេស៊ីលជាដៃគូរបស់អាស៊ាន។
សម្តេចប្រធានរដ្ឋសភាក៏បានស្នើដល់លោកជំទាវឯកអគ្គរដ្ឋទូត លើកកម្ពស់ទំនាក់ទំងរដ្ឋសភាប្រទេសទំាងពីរ ឱ្យបានរឹងមាំបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍និងដំណើរទស្សនកិច្ចរវាងក្រុមមិត្តភាពនិងគណៈកម្មការជំនាញសភាប្រទេសទំាងពីរ។ សម្តេចបានស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការសមភាពយេនឌ័រ។ ស្រ្តីជាធនធានសំខាន់និងដៃគូមិនអាចខ្វះបានរបស់បុរសនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ នៅរដ្ឋសភាកម្ពុជាបានបង្កើតក្រុមអ្នកនយោបាយសភាស្រ្តី ដើម្បីលើកកម្ពស់ស្រ្តី។
ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជាវិញ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសប្រេស៊ីល ដែលបានចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភនិងជំរុញប្រទេសទំាងពីរ កម្ពុជា-ថៃ គោរពកិច្ចព្រមព្រៀងសន្តិភាព។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច គ្មានមហិច្ឆិតាណាមួយក្នុងការទៅដណ្តើមទឹកដី ពីប្រទេសណាមួយឡើយ។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជាគ្មានហេតុផលណាមួយទៅធ្វើសង្រ្គាមដើម្បីឱ្យពលរដ្ឋរងទុក្ខលំបាកទៀតនោះឡើយ។ កម្ពុជាបានស្គាល់រស់ជាតិលំបាកពីសង្រ្គាមដូច្នេះសន្តិភាពសម្រាប់កម្ពុជាសំខាន់ណាស់។ កម្ពុជាបាននិងកំពុងអភិវឌ្ឈន៍ខ្លួន ដូច្នេះគ្មានបំណងទៅបង្ករសង្រ្គាមជាមួយប្រទេសណាមួយ ពិសេសប្រទេសដែលធំជាងខ្លួនឡើយ។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះ មានសភាពឃោរឃៅ និងព្រៃផ្សៃបំផុត។ ប្រទេសថៃបានប្រើអាវុធធន់ធ្ងន់ មានទាំងយន្តហោះ F-16 គ្រាប់បែកចង្កោម និងផ្សែងពុល វាយចូល ដែនអធិបតេយ្យរបស់កម្ពុជា យ៉ាងជ្រៅពីបន្ទាត់ព្រំដែន ក្នុងរង្វង់ពី៨០ទៅ៩០គីឡូម៉ែត្រ បានបណ្តាលឱ្យបាត់បង់អាយុជីវិតជនស៊ីវិលជាច្រើន និងបង្ករឱ្យប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ បានបង្ខំចិត្តភៀសសឹកចេញពីលំនៅដ្ឋាន។ ទ្រព្យសម្បត្តិ សាធារណៈនិងឯកជន ដូចជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទព្រះវិហារជាដើម ព្រមទំាងផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន សំណង់អគារផ្សេងទៀត បានបំផ្លាញដោយអាវុធរបស់ថៃ៕
-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន