ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «ទោះបីមានភាពមមាញឹកការងារព្រំដែន សុខាភិបាលនៅតែបន្តរឹងមាំនូវការងារស្នូលរបស់ខ្លួន ជាពិសេសការប្រយុទ្ធនឹងជំងឺមិនឆ្លង ដែលជាសត្រូវលាក់មុខ ហើយស្ងាត់ស្ងៀមបំផុត»
ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ផែនការសកម្មភាពជាតិ ស្តីពីលើកកម្ពស់សុខភាព ដើម្បីបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ២០២៦-២០៣០។
គោលបំណងនៃការរៀបចំផែនការនេះ គឺដើម្បីធានាថា កម្ពុជាអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលជាការប្តេជ្ញាចិត្តដ៏ធំរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយមរណភាពមុនអាយុ ដោយសារជំងឺមិនឆ្លងនេះ គឺជាការសម្រេចចិត្តជាមូលដ្ឋាន ដើម្បីផ្លាស់ប្តូរទិសដៅធនធាន ទៅកាន់ការលើកកម្ពស់សុខភាព ដែលជាវិធីសាស្ត្របង្ការដ៏មានប្រសិទ្ធភាពបំផុត។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា ជំងឺមិនឆ្លងកើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងឥរិយាបថសំខាន់ៗ ២៖ កត្តាវ័យ និងកត្តានៃការរស់នៅ ហើយអាចចៀសវាងបាន ដោយត្រូវផ្លាស់ប្តូររបៀបរបបនៃការរស់នៅ ទទួលទានអាហារមិនមានសុខភាពល្អ ការជក់បារី ការប្រើប្រាស់គ្រឿងស្រវឹង និងកង្វះសកម្មភាពរាងកាយ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីបង្ការ និងកាត់បន្ថយអត្រាមានជំងឺ និងមរណភាពដោយសារជំងឺមិនឆ្លង ចាំបាច់ត្រូវការសមត្ថភាពប្រព័ន្ធសុខាភិបាលរឹងមាំ អភិក្រម នវានុវត្តន៍ និងយន្តការហិរញ្ញប្បទានសមស្រប ដើម្បីបម្រើសេវាជំងឺមិនឆ្លង ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយជាអតិបរមាឥរិយាបថហានិភ័យដល់សុខភាព នៅក្នុងក្របខណ្ឌរួមនៃការពង្រឹងសមត្ថភាព និងទំនើបកម្មប្រព័ន្ធបម្រើសេវាថែទាំសុខភាព ដោយត្រូវ៖
១) ពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាល
២) លើកកម្ពស់ការយល់ដឹងអំពីការបង្ការជំងឺមិនឆ្លងដល់ប្រជាពលរដ្ឋ
៣) បន្តពង្រឹងកិច្ចសហការពហុវិស័យ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ក្នុងការកែលម្អសុខភាព និងកត្តាសង្គម ដែលបង្កឱ្យមានផលប៉ះពាល់លើសុខភាព
៤) ពង្រឹង និងពង្រីកការបម្រើសេវាប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីធានាបាននូវការគ្របដណ្តប់សេវាសុខភាពជាសកល ដោយធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់មិនទទួលការព្យាបាលនោះឡើយ
៥) បន្តផលិតសារ និងសម្ភារអប់រំសុខភាពទៅតាមប្រធានបទផ្សេងៗ ដូចជា តិចខ្លាញ់ តិចអំបិល តិចស្ករ ផលប៉ះពាល់នៃផលិតផលគ្រឿងស្រវឹង ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក ផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលអនឡាញ មិនសមស្របជាដើម។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសរំលេចថា ក្រសួងសុខាភិបាលនឹងកំពុងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ជាពិសេសជំងឺមិនឆ្លង ការបង្ការជំងឺមិនឆ្លង អាចអនុវត្តប្រកបដោយជោគជ័យបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប អង្គការដៃគូ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ខេត្ត។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ អំពាវនាវឱ្យក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ចាត់ទុកជំងឺមិនឆ្លងជាបញ្ហាអាទិភាព និងធ្វើការរួមគ្នាអនុវត្ត ផែនការសកម្មភាពជាតិលើកកម្ពស់សុខភាព ដើម្បីបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លងនេះ ដើម្បីឱ្យប្រទេសកម្ពុជាមានលទ្ធភាពកាត់បន្ថយបន្ទុកជំងឺមិនឆ្លង ដែលអាចការពារបាន និងដែលត្រូវចំណាយថវិកាច្រើន៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន1 week agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS3 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន7 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន5 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន4 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត