ព័ត៌មាន
ក្រសួងអប់រំ ទទួលអំណោយ សម្ភារឧបទេសសម្រាប់ គ្រូ និងសិស្សភៀសសឹក ពីនាយកដ្ឋានអប់រំកុមារតូច និងអង្គការ NCR
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសំណេះសំណាល និងទទួលសម្ភារៈឧបទេសសម្រាប់ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភៀសសឹក ពីនាយកដ្ឋានអប់រំកុមារតូច និងអង្គការ (NCR) ដឹកនាំដោយ លោកស្រី IWAMA Miyoko នាយិកាអង្គការ (NCR) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ក្នុងឱកាសនេះ លោកស្រី IWAMA Miyoko បានបង្ហាញសេចក្តីរីករាយដែលបានចូលជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងថា អង្គការ Nature Center Risen (NCR) មានសកម្មភាពយ៉ាងច្រើននៅតាមវិទ្យាស្ថានគរុកោសល្យ ដោយផ្តោតលើការផ្តល់សម្ភារៈ និងការបណ្តុះបណ្តាលគ្រូ សម្រាប់កុមារតូច ដោយបានបង្កើត និងប្រើប្រាស់វិធីសាស្ត្រថ្មីៗនៃការបង្រៀន ដែលលើកទឹកចិត្តឱ្យគ្រូ និងសិស្សធ្វើការងារជាក់ស្តែងដោយខ្លួនឯង និងធ្វើការងារតាមបរិបទមូលដ្ឋាន (localize) ជាមួយធម្មជាតិផ្ទាល់ ដែលជាវិធីសាស្រ្តងាយស្រួលក្នុងការអនុវត្ត និងជួយឱ្យកុមារតូចៗមានការលូតលាស់ល្អ និងសប្បាយរីករាយ។ អង្គការក៏បានបញ្ចូលបទពិសោធន៍ជោគជ័យពីបរិស្ថានអប់រំរបស់ប្រទេសជប៉ុន ដើម្បីកែលម្អការអប់រំបរិស្ថាននៅកម្ពុជា ជាពិសេសបានបង្កើតសៀវភៅមេរៀនចំនួន ២ ក្បាល សម្រាប់គ្រូ និងសិស្ស រួមទាំងកិច្ចតែងការដែលអាចយកទៅប្រើប្រាស់នៅកម្រិតមត្តេយ្យសិក្សា ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការ Nature Center Risen (NCR) ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលគ្រូកម្ពុជានៅគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ លើវិធីសាស្ត្របង្រៀនបែបថ្មី បែបអនុវត្តជាក់ស្តែង។ ការទទួលសម្ភារៈឧបទេស និងការបណ្តុះបណ្តាលនេះ គឺស្របទៅនឹងចក្ខុវិស័យរបស់ក្រសួង ក្នុងការពង្រឹងការអប់រំឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការដាក់បញ្ចូលការអប់រំបរិស្ថានក្នុងបរិបទការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីស្នើឱ្យអង្គការ (NCR) បន្តដាក់បញ្ចូលកម្មវិធីសិក្សាបរិស្ថាន ដែលមានលក្ខណៈអនុវត្តជាក់ស្តែងទៅក្នុងកម្មវិធីអប់រំផ្លូវការរបស់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដើម្បីធានាថា គ្រូបង្រៀនជំនាន់ក្រោយមានសមត្ថភាពពេញលេញក្នុងការណែនាំសិស្សឱ្យយល់ដឹងពីបរិស្ថាន និងឈ្វេងយល់ពីបញ្ហា climate change ចាប់តាំងពីវ័យកុមារ ព្រមទាំងជឿជាក់ថា អង្គការ Nature Center Risen នឹងបន្តភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់គុណភាពនៃការអប់រំបរិស្ថាននៅប្រទេសកម្ពុជា។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ នាយកដ្ឋានអប់រំកុមារតូច និងអង្គការ Nature Center Risen (NCR) ដឹកនាំដោយ លោកស្រី IWAMA Miyoko នាយិកា និងជាអ្នកប្រឹក្សាអប់រំបរិស្ថាន ចំពោះទឹកចិត្តចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំពារប្រជាពលរដ្ឋភៀសសឹក ជាពិសេសកុមារតូចតាមរយៈកញ្ចប់សម្ភារៈរៀន និងបង្រៀន សម្រាប់ប្រើប្រាស់សម្រាប់សកម្មភាពមត្តេយ្យសិក្សា រួមមាន៖
– កញ្ចប់សម្ភារៈរបស់នាយកដ្ឋានអប់រំកុមារតូច មាន ៣០កេស ដែលក្នុងកេសនីមួយៗ មាន ១៩មុខ និងថវិកាចូលរួមរបស់មន្ត្រីនាយកដ្ឋានអប់រំកុមារតូចមួយចំនួនទៀត។
– កញ្ចប់អប់រំបរិស្ថានសម្រាប់មត្តេយ្យសិក្សា របស់អង្គការ Nature Center Risen មាន ៥កេស ដែលក្នុងកេសនីមួយៗមាន ៦កញ្ចប់ (៣០កញ្ចប់) និងថវិកាមួយចំនួន។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្ត ទទួលរាល់សម្ភារៈ ថវិកា កញ្ចប់សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគនានា ពីសប្បុរសជនទាំងអស់ ដើម្បីបែងចែក និងដឹកជញ្ជូនបន្តទៅដល់ខេត្តដែលរងផលប៉ះពាល់ជាបន្តបន្ទាប់៕










-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា