ព័ត៌មាន
ការបញ្ចូលបទប្បញ្ញត្តិគ្រឹះរដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធីសិក្សា ជាការកសាងធនធានមនុស្សប្រកបដោយគុណភាព
នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពីធី ប្រគល់-ទទួលសៀវភៅសិក្សាគោលដែលបានដាក់បញ្ចូលការអប់រំបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធី និងសៀវភៅសិក្សា មុខវិជ្ជាសិក្សាសង្គមគ្រប់កម្រិតថ្នាក់ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរម្លឹកឡើងវិញពីសាវតារនៃការរៀបចំបញ្ចូល ការអប់រំបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធី និងសៀវភៅសិក្សាមុខវិជ្ជាសិក្សាសង្គមគ្រប់កម្រិតថ្នាក់ ដោយគូសបញ្ជាក់ថា ការបញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងកម្មវិធីសិក្សា គឺជាយន្តការមួយដ៏មានប្រសិទ្ធភាព និងវិសាលភាពទូលំទូលាយ ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព។
យោងតាមរបាយការណ៍ ស្តីពី ការបញ្ចូលបទប្បញ្ញត្តិគ្រឹះ នៃរដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល បានឱ្យដឹងថា ខ្លឹមសារដែលបានបញ្ចូលមានគោលបំណងឱ្យសិស្សយល់ដឹងថា៖ ១) រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលបុគ្គលគ្រប់រូបត្រូវគោរព ២) ពង្រឹងនិងពង្រីកការយល់ដឹងអំពីគោលការណ៍ធំៗ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា-ចក្រកម្ពុជា គឺជាមូលដ្ឋានគ្រឹះចាំបាច់ និងមានសារៈសំខាន់ក្នុងការកសាងចំណេះដឹងទូទៅ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងការពង្រឹងមនសិការស្នេហាជាតិ និងសីលធម៌សង្គម។
នាឱកាសនេះ ឯកឧត្តមបណ្ឌិត អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា សៀវភៅសិក្សាគោល មុខវិជ្ជា វិទ្យាសាស្ត្រ-សិក្សាសង្គម និងសីលធម៌-ពលរដ្ឋវិជ្ជា ដែលមានបញ្ចូលបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ គឺជាសមិទ្ធផលរួមគ្នាគួរជាទីសាទរ កើតចេញពីការអនុវត្តព្រមព្រៀងរវាងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា អស់រយៈពេលជាង ៤ឆ្នាំកន្លងមកនេះ។ នេះជាគំនិតផ្តួចផ្តើមដំបូងបំផុត របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម អតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបន្តដឹកនាំអនុវត្តដោយឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិបច្ចុប្បន្ន និងមានការចូលរួមយ៉ាងសកម្មពី ក្រសួងអប់រំ យុវជន និងកីឡា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជាមគ្គទេសក៍ដឹកនាំផ្ទាល់ រហូតសម្រេចបាននូវការបញ្ចូលបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សាទាំងបីកម្រិតដោយជោគជ័យ។
បន្ទាប់ពីស្តាប់របាយការណ៍ និងចំណាប់អារម្មណ៍របស់ ឯកឧត្តមបណ្ឌិត អគ្គលេខាធិការរង ជាប្រធានក្រុមការងារ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរដោយស្មោះចំពោះកិច្ចសហការដ៏ល្អរវាងក្រុមការងារ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ និងក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសនាយកដ្ឋានអភិឌ្ឍកម្មវិធីសិក្សា ដែលបានរៀបចំ «ខ្លឹមសារនៃបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានិងសៀវភៅសិក្សាទាំងបីកម្រិត (បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ) ព្រមទាំងរៀបចំបានជា សៀវភៅជំនួយស្មារតីគ្រូ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សិស្សនៅគ្រប់កម្រិត អំពីសិទ្ធិនិងភារកិច្ច ដែលបានកំណត់ច្បាស់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមគាំទ្រពេញទំហឹងចំពោះកិច្ចការនេះ និងបន្តផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់សិស្សអំពី ខ្លឹមសារនៃបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដល់លោកគ្រូ អ្នកគ្រូ និងគ្រូឧទ្ទេសនៅសាលាគរុកោសល្យ ដោយជឿជាក់ថា ការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញនឹងជំរុញឱ្យបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងគ្រូឧទ្ទេស សិក្សាស្វែងយល់ និងក្រេបយកចំណេះដឹងថ្មីៗ បានស៊ីជម្រៅលើខ្លឹមសារនៃការអប់រំបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ដើម្បីទទួលយកពុទ្ធិផ្នែកច្បាប់ ទៅបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀន និងសិស្សានុសិស្សនៅតាមសាលារៀនទូទាំងប្រទេស ឱ្យកាន់តែទូលំទូលាយ និងបានស្នើឱ្យរៀបចំវគ្គបណ្ដុះបណ្តាល តម្រង់ទិស ដើម្បីរំលេចពីគោលការណ៍ បទប្បញ្ញត្តិសំខាន់ៗ ផ្សារភ្ជាប់នឹងវិធីសាស្ត្របង្រៀន ដើម្បីធានាថាសៀវភៅគោលទាំងនេះនឹងត្រូវបានប្រើប្រាស់បានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕







-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន2 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧