Connect with us

ព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំ និងចុះពិនិត្យ សន្តិសុខ សុវត្ថិភាព កម្មវិធីដើរដើម្បីសន្តិភាព (March for Peace) នៅរសៀលនេះ

ភ្នំពេញ៖ កម្មវិធី ដើរដើម្បីសន្តិភាព (March for Peace)នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះក្នុងគោលបំណងបង្ហាញពីស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ការដើរដើម្បីសន្តិភាព។ យើងទាំងអស់គ្នាចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាង ព្រោះ នេះជាអ្វី ដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។

នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ធ្នូនេះ នៅសាលារាជធានីភ្នំពេញ។កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណះនិងជាសមាជិកគណៈអចិន្រ្តៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ជាតំណាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីរៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងពិធីដើរដើម្បីសន្តិភាព (March for Peace)ឱ្យបានល្អប្រសើរ មិនមានអ្វីរាំងស្ទះ។កម្មវិធីនេះធ្វើឡើងដើម្បីបង្ហាញពីបំណងចង់បានរបស់ប្រជាពលរដ្ឋខ្មែរគឺ ស្មារតីស្រឡាញ់សន្តិភាព ជំរុញឱ្យគោរពបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

ឯកឧត្តមស្នើឱ្យអាជ្ញាធរនិងកម្លាំងគ្រប់ប្រភេទទាំងអស់ ការពារសន្តិសុខឲ្យបានល្អបំផុត ជាមួយនឹងការពិនិត្យឡើងវិញ ចំពោះការដាក់ទង់ជាតិនៅតាមទីសាធារណៈពិសេសជុំវិញកន្លែងប្រារព្ធពិធី។ជាមួយនេះការពិនិត្យអាវុធជាតិផ្ទុះ ក៏ត្រូវធ្វើឡើងផងដែរដើម្បីធានាថា សន្តិសុខ សុវត្ថិភាព សំរាប់មហាជនអ្នកចូលរួមក្នុងពិធីគឺបានល្អ១០០ភាគរយ។

ឯកឧត្ដម ឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា៖ក្នុងនាមអាជ្ញាធរក៏ដូចជាកងកម្លាំងទាំងអស់ក៏ត្រូវពិនិត្យមើលបងប្អូនប្រជាពលរដ្ឋយើង ដែលចូលរួមក្នុងពិធីនេះផងដែរ ដោយមិនត្រូវឱ្យពួកគាត់ធ្វើសកម្មភាពអ្វីដែលជ្រុល ប្រាសចាកនូវអ្វីដែលជាគោលបំណងរបស់កម្មវិធីរបស់យើងចង់បានឡើយដូចជាការប្រមាទ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំថៃ ក៏ដូចកាយករូបថត ព្រះមហាក្សត្រ ឬថ្នាក់ដឹកនាំថៃ មកជាន់ឈ្លី ឬដុតចោលជាដើម ដែលនេះមិនបង្ហាញពីភាពថ្លៃថ្នូររបស់ប្រជាជាតិកម្ពុជានោះទេ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ទៀតថា៖ ជាគម្រោងក្នុងពិធីនេះនឹងមានមហាជនចូលរួម ប្រមាណ៣ម៉ឺននាក់។ ដូច្នេះកងកម្លាំងរបស់យើងត្រូវអនុវត្តនូវអ្វីដែលជាគម្រោងផែនការដែលយើងបានគ្រោងទុក ហើយក្រោយកម្មវិធីត្រូវបានបញ្ចប់យើងក៏បានគិតគូរទៅដល់ការប្រមូលសំអាតសំរាមផងដែរ មានន័យថា កម្មវិធីបញ្ចប់នៅទីតាំងប្រារព្វពិធីគឺមិនមានសំរាម និងមានបរិស្ថានល្អប្រសើរជាធម្មតាឡើងវិញ។

ឯកឧត្ដម សុខ សប្បាយណា ក៏បានលើកឡើងដែរថា៖ការរៀចំកម្មវិធី ដើរដើម្បីសន្តិភាព (March for Peace)នឹងមានមហាជនចូលរួមប្រមាណ៣ម៉ឺននាក់ មិនមែនយើងខ្លាចគេឬយើងទន់ខ្សោយនោះទេតែយើងចង់បញ្ជាក់ថា៖យើងទាំងអស់គ្នាចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាងដោយសារសង្គ្រាម ព្រោះ នេះជាអ្វី ដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។

គួរបញ្ជាក់ថា៖ ក្រោយបញ្ចប់កិច្ចប្រជុំខាងលើ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ នូវបានដឹកនាំកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យដល់ទីតាំងផ្ទាល់ផងដែរ ដោយចាប់ផ្ដើមដើរត្រួតពិនិត្យពីផ្សាររាត្រី រហូតទៅដល់រង្វង់មូលសម្ដេចជួនណាតនិងបន្តទៅដល់វិមានឯករាជ្យដែលជាកន្លែងប្រារព្ធពិធីធំ ដើម្បីធានាថា អ្វីដែលជាគម្រោងដែលបានរៀបចំ គឺដាច់ខាត ត្រូវតែទទួលបានជោគជ័យ១០០ភាគរយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia