ព័ត៌មាន
រសៀលនេះទាហានថៃបន្តប្រើយន្តហោះF-16 ទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រពាក់ស្បែកនិងបាញ់ផ្លោងជាច្រើនកន្លែងទៀតនៅតាមព្រំដែន
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសឲ្យដឹងថា រហូតដល់រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះទាហានឈ្លានពានថៃ បានបន្តប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រពាក់ស្បែក ខេត្តព្រះវិហារ និងប្រើប្រាស់ដ្រូន អាវុធធុនធ្ងន់បាញ់ផ្លោងលើ ដែនអធិបតេយ្យកម្ពុជាជាច្រើនកន្លែងទៀតនៅភូមិសាស្រ្តយោធភូមិភាគីទី៤ និងភូមិភាគទី៥។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីបច្ចុប្បន្នភាពនៃទង្វើ ឈ្លានពានរបស់ទាហានថៃនោះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថានៅម៉ោងជាងបីរសៀលនេះ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រ ពាក់ស្បែក ខេត្តព្រះវិហារ បន្តបាញ់កាំភ្លើងធំចូលអូរភ្លុកដំរី ឃុំថ្មដា ខេត្តពោធិ៍សាត់ និងបាញ់ចូលផ្ទះប្រជាជនស៊ីវិលនៅភូមិសាស្រ្ត បឹងត្រកួន ភូមិសាស្រ្តស្វាយគរ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បាញ់ចូលផ្ទះអ្នកភូមិនៅព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងតំបន់មួយចំនួនទៀតផងដែរ។
នៅក្នុងសន្និសីទព័ត៌មានខាងលើនេះដែរ លោកជំទាវម៉ាលី សុជាតា បានលើកឡើងទៀតថា ម្តងហើយម្តងទៀត កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កម្បាំងទង្វើ ឈ្លានពានរបស់ខ្លួនមកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅលើច្បាប់អន្តរជាតិ។ ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា យន្តហោះចម្បាំង F-16, នាវាចម្បាំង, កាំភ្លើងធំ គ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀត មកវាយប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិ បានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆតាឈ្លានពាន មិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និងខ្សោយជាងខ្លួនប៉ុណ្ណោះ។
ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបន្តអំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ។ កងទ័ពថៃត្រូវបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈដោយស្តែងចេញ តមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិនមែនតាម រយៈវោហារស័ព្ទ និងការភូតកុហកនោះទេ៕

-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា