ព័ត៌មាន
ឯកអគ្គរដ្ឋទូត បញ្ជាក់ មិនមានពលរដ្ឋរុស្ស៊ីបម្រើការ ជាទាហានស៊ីឈ្នួលនៅកម្ពុជា
ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការបដិសេធរបស់រុស្ស៊ីចំពោះព័ត៌មានមិនពិតដែលបានចោទថា មានពលរដ្ឋរុស្ស៊ីកំពុងបម្រើការ ជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែននេះ។
ការបញ្ជាក់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។
ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវកង្វល់យ៉ាងខ្លាំងចំពោះការវាយប្រហារដោយមិនរើសមុខជាបន្តបន្ទាប់ពីសំណាក់យោធាថៃមកលើទឹកដីកម្ពុជា ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួស ព្រមទាំងបង្កការខូចខាតយ៉ាងសន្ធឹកសន្ធាប់ ជាពិសេសគឺការភៀសសឹករបស់ប្រជាពលរដ្ឋជិតកន្លះលាននាក់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មី នូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង សេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបានថ្លែងអំណរគុណចំពោះភាគីរុស្ស៊ី ដែលបានគាំទ្របទឈប់បាញ់ជាបន្ទាន់ និងអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកដំណោះស្រាយដោយសន្តិវិធី។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានចូលរួម រំលែកទុក្ខជាមួយប្រជាជនកម្ពុជា និងបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការវិលត្រឡប់ទៅរកការសន្ទនា និងការចរចាស្របតាមគោលការណ៍នៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា សេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួ នៅតែមានសុពលភាព ហើយភាគីទាំងពីរត្រូវតែវិលត្រឡប់ទៅរកការសន្ទនា និងចរចា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់សាជាថ្មីនូវការបដិសេធរបស់រុស្ស៊ីចំពោះព័ត៌មានមិនពិតដែលបានចោទថា មានពលរដ្ឋរុស្ស៊ីកំពុងបម្រើការ ជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែននេះ។
គួររម្លឹកថា ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានចេញមកបដិសេធព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលថា ពលរដ្ឋរុស្ស៊ីអាចធ្វើជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ សេចក្តីថ្លែងការណ៍ បានចាត់ទុកការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយថៃ ថាជាការអះអាងគ្មានមូលដ្ឋានច្បាស់លាស់។ ការអះអាងដោយគ្មានមូលដ្ឋានបែបនេះ និងបើតាមស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃ ទំនងអាចជាកើតចេញពីប្រភពខាងក្រៅតំបន់ ដែលមានបំណងរំលោភលើសិទ្ធិរបស់ពលរដ្ឋរុស្ស៊ីដែលមកទស្សនាប្រទេសថៃក្នុងនាមជាអ្នកទេសចរ ឬដើម្បីធ្វើអាជីវកម្ម។ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកកបារម្ភថា ការចុះផ្សាយចោទប្រកាន់បែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងរុស្ស៊ី និងថៃ៕





-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន2 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧