ព័ត៌មាន
ក្រសួងប្រៃសណីយ៍ណែនាំឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកមាតិកាលើបណ្តាញសង្គមដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូនេះ បានចេញសេចក្ដីណែនាំដល់សាធារណៈជនឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកមាតិកាលើបណ្តាញសង្គមដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់
ក្រសួងបានបញ្ជាក់ថា ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើងដោយប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ការចូលទៅបញ្ចេញមតិ (Comment) ចែករំលែក (Share) ឬចុចប្រតិកម្ម (React) នៅលើអត្ថបទ រូបថត រូបភាព វីដេអូ ឬសារទម្រង់ផ្សេងៗ ដែលជាមាតិកាតាមបណ្តាញសង្គមរបស់ប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ (ព័ត៌មានក្លែងក្លាយ) គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយមាតិការបស់ថៃដោយមិនដឹងខ្លួន។
ក្រសួងប្រៃសណីយ៍ បន្ថែមថា ទង្វើខាងលើនេះ ធ្វើឱ្យព័ត៌មានក្លែងក្លាយ បាននិងកំពុងសាយភាយ ភូតកុហក ញុះញុង និងបំបាក់ស្មារតី ដែលអាចគ្របដណ្តប់លុបលើសច្ចភាពនៅតាម បណ្តាញផ្សព្វផ្សាយផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសារព័ត៌មានផ្លូវការរបស់កម្ពុជា។ ទន្ទឹមនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៃ ChatGPT និង Gemini បាននិងកំពុងទាញយកព័ត៌មានទាំងនោះទៅប្រើប្រាស់និងចែករំលែកកាន់តែច្រើន ដែលធ្វើឱ្យពិភពលោកយល់ច្រឡំថា ជាព័ត៌មានពិត ខណៈដែលព័ត៌មានទាំងនោះ កំពុងតែត្រូវបានប្រើប្រាស់ដើម្បីបិទបាំងទង្វើឈ្លានពានយ៉ាងកំរោល របស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងក្រសួងព័ត៌មាន សូមសាធារណជន បញ្ឈប់រាល់ការផ្សព្វផ្សាយបន្តនិងចែករំលែកមាតិកាដែល មានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ ដោយត្រូវ៖
១. រាយការណ៍បញ្ហា (Report) និងប្លុក (Block) ទំព័រហ្វេសប៊ុក (Facebook Page) ឬគណនីហ្វេសប៊ុក (Facebook Account) និងបណ្តាញសង្គមនានា ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។
២. ចុចប្រតិកម្មកំហឹង (Angry/ ) លើអត្ថបទ មាតិកា និង/ឬព័ត៌មាន ដែលបាននិងកំពុងផ្សព្វផ្សាយយ៉ាងសកម្មលើទំព័រហ្វេសប៊ុក (Facebook Page) ឬគណនីហ្វេសប៊ុក (Facebook Account) ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។
៣. ចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ សូមលើកកម្ពស់ការយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
ទន្ទឹមនេះដែរ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមកោតសរសើរនិងលើកទឹកចិត្តដល់អ្នកផលិតមាតិកា និងសាធារណជនដែលស្រឡាញ់យុត្តិធម៌ និងសន្តិភាព សូមបន្តចូលរួមផលិតមាតិកានិងផ្សព្វផ្សាយ និងចែកចាយបន្តសំឡេងនិងសច្ចភាពរបស់កម្ពុជា ទៅកាន់សកលលោកតាមរយៈបណ្តាញសង្គមសំខាន់ៗផងដែរ។ ការចូលរួមចំណែកទាំងនេះ នឹងធ្វើឱ្យព័ត៌មានបំផ្លើស និងគ្មានសច្ចភាពរបស់ថៃបាត់បង់ប្រជាប្រិយភាពនៅលើបណ្តាញសង្គម ក៏ដូចជានៅលើបណ្តាញព័ត៌មានពិភពលោក។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សង្ឃឹមថា អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកម្ពស់ការផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ដើម្បីធានា ការផ្សព្វផ្សាយប្រកបដោយភាពទុកចិត្ត និងសុវត្ថិភាព៕


-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា