ព័ត៌មាន
ប្រមុខការទូតកម្ពុជា៖កិច្ចប្រជុំរដ្ឋមន្រ្ដីការទេសអាស៊ានជាលក្ខណៈនយោបាយ មិនមែនការកាត់សេចក្ដីទេ
ភ្នំពេញ ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថាទាំងកិច្ចប្រជុំទាំងលទ្ធផលនៃកិច្ចប្រជុំ កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ គឺមានលក្ខណៈជានយោបាយ ដោយកិច្ចប្រជុំនេះ មិនមែនជាការកាត់សេចក្ដីដែលមានលក្ខណៈផ្លូវច្បាប់ដែលចាប់បង្ខំឱ្យភាគីម្ខាងៗត្រូវអនុវត្តតាមនោះទេ។
តាមរយៈកិច្ចសម្ភាសន៍នៅក្រោយបញ្ចប់កិច្ចប្រជុំ ប្រមុខការទូតកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្ម និងការបន្តចូលរួមចំណែករបស់ប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងប្រទេសចិន ក្នុងការជំរុញដំណោះស្រាយដោយសន្តិវិធីសម្រាប់ចំពោះជម្លោះដែលកំពុងបន្តវិវត្តទៅមុខហើយក៏បានជំរុញឱ្យភាគីទាំងពីរវិលត្រឡប់ទៅរកការអនុវត្តភ្លាមៗពេញលេញ និងប្រកបទៅដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥។
ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំបានជំរុញឱ្យភាគីទាំងពីរគោរពគោលការណ៍នៃច្បាប់អន្តរជាតិ សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាលចំពោះស្ថានការណ៍បច្ចប្បន្ន។ កិច្ចប្រជុំបានបញ្ចប់ដោយការចេញសេចក្តីប្រកាសរបស់ប្រធានអាស៊ាន ស្តីពីលទ្ធផលនៃកិច្ចពិភាក្សា របស់រដ្ឋមន្ត្រីទាំងអស់ ដែលកំណត់នូវបរិយាកាសសម្រាប់បន្តកិច្ចប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាបាននូវបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ព្រមទាំងការប្តេជ្ញាចិត្តដោយស្មោះត្រង់ចំពោះ មាគ៌ានៃការកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត និងការស្វែងរកសន្តិភាពចីរកាល។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា ទាំងកិច្ចប្រជុំទាំ ងលទ្ធផលនៃកិច្ចប្រជុំ គឺមានលក្ខណៈជានយោបាយ ដោយកិច្ចប្រជុំនេះ មិនមែនជាការកាត់សេចក្ដីដែលមានលក្ខណៈផ្លូវច្បាប់ដែលចាប់បង្ខំឱ្យភាគីម្ខាងៗត្រូវអនុវត្តតាមនោះទេ។ ក៏ប៉ុន្ដែការដែលកម្ពុជាបានស្នើដល់រដ្ឋមន្រ្ដីការទេសនានា អំពាវនាវឱ្យមានការឈប់បាញ់គ្នា ហើយកិច្ចប្រជុំបានគាំទ្រនោះ គឺជាសញ្ញាមួយបង្ហាញថា និន្នការរបស់អាស៊ានទាំងមូលគឺស្របនឹងគាំទ្រចំពោះជំហររបស់កម្ពុជា។
សូមបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ានបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃចំនួនអ្នកស្លាប់ និងរបួស ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជនភៀសសឹកទាំងសងខាងព្រំដែន បណ្តាលមកពី ជម្លោះកាន់តែធ្ងន់ធ្ងរ និងបានអំពាវនាវឱ្យប្រទេសទាំងពីរវិលត្រឡប់ទៅរកការសន្ទនា រួមទាំងតាមរយៈ យន្តការទ្វេភាគី និងការសម្របសម្រួលរបស់ប្រធានអាស៊ាន។ កិច្ចប្រជុំបានសង្កត់ធ្ងន់ថាជនស៊ីវិល ដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់គួរតែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះ សម្បែងវិញដោយសុវត្ថិភាព ហើយទីតាំងសាសនា និងបេតិកភណ្ឌវប្បធម៌ត្រូវតែទទួលបាននូវការ ការពារមិនឱ្យរងការវាយប្រហារដោយអាវុធឡើយ៕

-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា