ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «ក្នុងកាលៈទេសៈទប់ទល់នឹងការឈ្លានពានពីថៃ មន្រ្តីសុខាភិបាលបានបញ្ចេញនូវភាពក្លាហានអនុវត្តវិជ្ជាជីវៈ នៃការសង្គ្រោះជីវិត ដោយក្តីស្រឡាញ់ និងករុណា ចំពោះអ្នកជំងឺ និងអ្នករងរបួសទាំងអស់»
ភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣,០៣៧នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលបានបន្តបម្រើសេវា ជូនប្រជាជន និងកងទ័ព ដោយទឹកចិត្តមុះមុត មិនរាថយចំពោះឧបសគ្គ និងការគំរាមកំហែង ដោយហឹង្សាពីសំណាក់សត្រូវឈ្លានពាន។ ឯកឧត្តមសាស្រ្តារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគ្រប់ឋានានុក្រមសូមផ្តល់ជូនបុគ្គលិកសុខាភិបាល នៅជួរមុខទាំងអស់នូវស្មារតីគាំទ្រ និងបន្តស្ថិតនៅជាប់ជាមួយបុគ្គលិកសុខាភិបាលទាំងអស់នៅក្នុងពេលវេលាដ៏លំបាកនេះ។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាននាំយកការយល់ឃើញរបស់វិស័យនានាដែលថា វិស័យសុខាភិបាល បានឆ្លើយតបទៅនឹងតម្រូវការ នៃការជួយសង្គ្រោះប្រជាពលរដ្ឋ និងកងទ័ពដែលមានជំងឺ ឬរងរបួស ដោយមានយុទ្ធសាស្រ្តច្បាស់លាស់ និងមានភាពម៉ឹងម៉ាត់ពោរពេញដោយទឹកចិត្តស្រឡាញ់ ក្នុងការបំពេញការងារនៅតាមតំបន់ព្រំដែន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានសង្គត់ធ្ងន់ថា លទ្ធផលដែលវិស័យសុខាភិបាលអាចសម្រេចបានមកត្រឹមពេលនេះ មិនមែនកើតឡើងដោយបុគ្គលណាម្នាក់ទេ គឺបានមកពីការចូលរួមរបស់មន្ត្រីសុខាភិបាលទាំងអស់នៅទូទាំងប្រទេស ហើយមន្រ្តីសុខាភិបាលទាំងអស់ ត្រូវចូលរួមរក្សាភាពវិជ្ជមាននេះឱ្យមាននិរន្តរភាព។
បន្ទាប់ពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកអំណះអំណាងចំនួន២ ដែលទាក់ទងនឹងភាពជាអ្នកដឹកនាំ មកចែករំលែកសម្រាប់ធ្វើការពិចារណា៖ (១)សូមកុំគិតថាអ្នកដឹកនាំត្រូវចេះជំនាញបច្ចេកទេសគ្រប់មុខទាំងអស់ និងចេះធ្វើការងារបច្ចេកទេសលម្អិត។ ចំនុចនេះជំរុញឱ្យអ្នកដឹកនាំចំណាយពេលសាកសួរ និងស្តាប់យោបល់របស់អ្នកបច្ចេកទេស និងធ្វើការសំយោគគំនិតទាំងនោះ មកប្រើប្រាស់សម្រាប់ធ្វើការសម្រេចចិត្ត ដើម្បីភាពរីកចម្រើនរបស់អង្គភាព (២)សូមកុំជឿថាអ្នកដឹកនាំធ្វើអ្វីសុទ្ធតែត្រូវ ឬអាចធ្វើអ្វីបានជោគជ័យតែម្នាក់ឯង។ ដូច្នេះអ្នកដឹកនាំត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ពីការសម្រេចចិត្តរបស់ខ្លួន និងត្រូវយកចិត្តទុកដាក់ និងវិនិយោគលើការអភិវឌ្ឍន៍ក្រុមការងារ ដែលនៅជុំវិញ ព្រោះក្រុមការងារដែលនៅជុំវិញថ្នាក់ដឹកនាំនេះហើយ ជាកត្តាជួយអ្នកដឹកនាំឱ្យសម្រេចបាននូវគោលដៅធំៗ របស់អង្គភាព ឬស្ថាបន័។
បន្តទៀត ក្រុមការងារមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានធ្វើការបង្ហាញពីវិធីសាស្រ្តដើម្បីទាក់ទាញអ្នកមកប្រើប្រាស់សេវាឱ្យកាន់តែច្រើន។ ការបង្ហាញនេះបានទាក់ទាញឱ្យការពិភាក្សា និងផ្តល់យោបល់លើការងារតាមដានកំហុសវេជ្ជសាស្រ្ត ការគោរពក្រមសីលធម៌វិជ្ជាជីវៈ៕
អត្ថបទ រដ្ឋា













-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន