ព័ត៌មាន
ប្រមុខការទូតកម្ពុជាប្រាប់រដ្ឋមន្រ្តីការបរទេសបារាំងអំពីការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ស្ថានភាពមនុស្សធម៌ និងការខូចខាតនៅតំបន់បេតិកភណ្ឌវប្បធម៌កម្ពុជាដោយសារថៃឈ្លានពាន
នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង។

ក្នុងអំឡុងកិច្ចសន្ទនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការបន្ដគាំទ្ររបស់បារាំងក្នុងដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ស្ថានភាពមនុស្សធម៌ ដែលបណ្តាលឱ្យមានការជម្លៀសជនស៊ីវិលកម្ពុជាប្រមាណជាងកន្លះលាននាក់ ក៏ដូចជាការខូចខាតដែលបានកើតឡើងនៅតំបន់បេតិកភណ្ឌវប្បធម៌កម្ពុជាក្នុងពេលមានអរិភាពនេះ។

ជាការឆ្លើយតប ឯកឧត្តម Jean-Noël BARROT បានកោតសរសើរចំពោះសេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជាថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានប្រកាសអំពីការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាសម្រាប់ដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ និងបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ឯកឧត្តម Jean-Noël BARROT ក៏បានសម្តែងការគាំទ្ររបស់ប្រទេសបារាំងចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដែលផ្តួចផ្តើមឡើងដោយប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីតាមរយៈផ្លូវការទូត។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជាចំពោះសន្តិភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់៕



-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន