ព័ត៌មាន
កម្ពុជា និងជប៉ុន បេ្តជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិស័យការងារ ឱ្យកាន់តែទូលំទូលាយថែមទៀត
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សាកាហ្គុឈិ ណោតុ(Sakaguchi Naoto) សមាជិករដ្ឋសភាជប៉ុន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃកម្មវិធីបញ្ជូនកម្មសិក្សាការី និងពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។
ក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងសម្តែងការកោតសរសើរចំពោះមិត្តភាពដ៏រឹងមាំ និងការគាំទ្រដល់កម្ពុជានាពេលកន្លងមក ដូចជាការចូលរួមរក្សាសន្តិភាពនៅកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ឱកាសដល់កម្មសិក្សាការី និងពលករជំនាញកម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុន។
ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានអរគុណចំពោះរដ្ឋាភិបាល និងអ្នកតំណាងរាស្ត្រជប៉ុនដែលបានបានផ្តល់ការយកចិត្តទុកដាក់ និងរៀបចំយន្តការគាំទ្រចាំបាច់នានាដល់កម្មសិក្សាការី និងពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសជប៉ុន។ ជាងនេះទៅទៀត កម្ពុជាសូមសម្តែងនូវការគាំទ្រចំពោះប្រព័ន្ធការងារសម្រាប់ការអភិវឌ្ឍជំនាញ(ESD) ដែលនឹងត្រូវមកជំនួសប្រព័ន្ធកម្មសិក្សាការីបច្ចេកទេស នៅឆ្នាំ២០២៧ខាងមុខនេះ។ ប្រព័ន្ធការងារសម្រាប់ការអភិវឌ្ឍជំនាញ(ESD) ត្រូវបានកែលម្អបន្ថែមដោយក្នុងនោះមានការពង្រីកជំនាញច្រើនជាងមុន ហើយមានលក្ខណៈស្របនឹងជំនាញក្នុងប្រព័ន្ធពលករជំនាញ ដែលធ្វើឱ្យពលករបរទេសងាយស្រួលបន្តអាណត្តិជាពលករជំនាញ និងមានយន្តការអនុញ្ញាតឱ្យពលករអាចផ្លាស់ប្តូរការងារដែលនឹងរួមចំណែក ក្នុងការកាត់បន្ថយបញ្ហារត់គេច ព្រមទាំងមានការកំណត់កម្រៃសេវាបញ្ជូនអតិបរមាដូចៗគ្នាសម្រាប់គ្រប់ប្រទេសបញ្ជូន។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាបានខិតខំពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ដោយក្នុងនោះបានសម្រេចនូវសមទ្ធិផលជាច្រើន រួមទាំងការកាត់បន្ថយកម្រៃសេវាបញ្ជូនជាបន្តបន្ទាប់ និងគ្រោងកាត់បន្ថយបន្ថែមនៅឆ្នាំ២០២៧។
ជាការឆ្លើយតប ឯកឧត្តម សាកាហ្គុឈិ ណោតុ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងបានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពនៃការគ្រប់គ្រងពលកររបស់កម្ពុជា។
ឯកឧត្តមបានលើកឡើងថា តាមរយៈបទពិសោធការងារជាអ្នកផ្តល់ការប្រឹក្សាយោបល់ និងភ្ជាប់ទំនាក់ទំនងរវាងទីភ្នាក់ងារជ្រើសរើសឯកជននៅតាមបណ្តាប្រទេសបញ្ជូនមួយចំនួន និងសមាគមគ្រប់គ្រងជប៉ុន ឯកឧត្តមនឹងខិតខំជួយកម្ពុជាដើម្បីផ្សារភ្ជាប់ទីភ្នាក់ងារជ្រើសរើសឯកជន ជាមួយសមាគមគ្រប់គ្រងជប៉ុនផ្ទាល់ដោយមិនពាក់ព័ន្ធជាមួយឈ្មួញកណ្តាល សំដៅរួមចំណែកកាត់បន្ថយកម្រៃសេវាបញ្ជូន និងផ្តល់ឱកាសការងារនៅប្រទេសជប៉ុនបន្ថែមទៀតដល់ពលករកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានចូលរួមសម្តែងការសោកស្តាយចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលបានសម្លាប់ និងបង្ករបួសដល់ជនស៊ីវិល ក៏ដូចជាការជម្លៀសពលរដ្ឋ ដែលនេះគឺជាការលំបាកនៃប្រទេសទាំងពីរ។ ជប៉ុនចង់ឃើញកម្ពុជា ថៃ វិលទៅរកតុចរចា បទឈប់បាញ់ និងស្ដារសន្តិភាពឡើងវិញក្នុងពេលឆាប់ៗ។
ឯកឧត្តមក៏បានសន្យាផងដែរថា នឹងនាំយកនូវសំណូមពរនានា ជាពិសេស កិច្ចការពាក់ព័ន្ធនឹងការគាំពារពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ទៅពិភាក្សាក្នុងក្របខ័ណ្ឌសភាជប៉ុន ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕









-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ