ព័ត៌មាន
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបន្តចុះសួរសុខទុក្ខវីរៈយុទ្ធជនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ
ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់ជាតិមាតុភូមិ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរៈយុទ្ធជន ការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។
នេះជាការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី៣ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ វីរៈយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់ វីរៈយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនូវទុក្ខលំបាក។ ក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា មានក្តីអាណិតអាសូរជាពន់ពេកដល់ វីរៈយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយក្តីមោទនភាពជាទីបំផុត។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះភរិយានិងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុត ឱ្យស្វាមីទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ក្នុងឱកាសនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ក្តីមេត្តាករុណាពីសំណាក់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្ត ដ៏អង់អាចក្លាហាន ហ៊ានពលីកម្មគ្រប់បែបយ៉ាង ដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើង និងសូមជូនពរដល់វីរៈយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។ បន្ទាប់ពីបានជួបសំណេះសំណាលដោយផ្ទាល់នៅតាមបន្ទប់និងគ្រែនីមួយៗ វីរៈយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបស្រក់ទឹកភ្នែកដែលទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់វីរៈយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏រំភើបឥតឧបមានេះដែរ វីរៈយុទ្ធជន និងគ្រួសារ បានលើកដៃប្រណព្វថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច តែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។ វីរៈយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។
សូមបញ្ជាក់ថា វីរៈយុទ្ធជនដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ ទទួលបាននូវការឧបត្ថម្ភពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា៤០លានរៀល ជូនមន្ទីរពេទ្យសម្រាប់ដោះស្រាយអាហារ ដល់វីរៈយុទ្ធជន ក្នុងអំឡុងពេលសម្រាកព្យាបាលនេះផងដែរ។ លើសពីនេះទៅទៀត តាមសំណូមពររបស់មន្ទីរពេទ្យខេត្តកំពង់ធំ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភ ម៉ាស៊ីនថតឆ្អឹងពេលវះកាត់ (C-Arm) ១គ្រឿង និងម៉ាស៊ីនថតកាំរស្មីអិក្សចល័ត (X-Ray) ១គ្រឿង ជូនមន្ទីរពេទ្យ ដែលមានតម្រូវការចាំបាច់សម្រាប់សេវាកម្មសុខាភិបាលក្នុងមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភទឹកបរិសុទ្ធ វី-អាកទីវ ចំនួន ២០០កេស និងភេសជ្ជៈ វី-កូឡា ចំនួន ២០០កេស ជូនដល់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់តាមការចាំបាច់ផងដែរ៕
អត្ថបទ៖ សំ ងីម






















-
ព័ត៌មាន6 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
PR NEWS9 hours agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន4 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន5 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត