Connect with us

ព័ត៌មាន

សម្តេចប្រធានរដ្ឋសភា ទទួលអំណោយសប្បុរសធម៌ជាថវិកា និងគ្រឿងឧបភោគបរិភោគ ពីក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល សម្រាប់បែងចែកប្រគល់ជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយសប្បុរសធម៌ទឹកប្រាក់ចំនួន ៤លានរៀល និងសម្ភារៈមួយចំនួនទៀតមាន អង្ករ៥០០គីឡូក្រាម ពងទា១ពាន់គ្រាប់ ឆៃប៉ូវ ១០០គីឡូក្រាម ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ទឹកបរិសុទ្ធ៥០កេស មី៥០កេស ពីក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោកជំទាវ ស្រ៊ុន ស្រីនាង ប្រធានក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដើម្បីធ្វើការបែងចែកជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក ក្នុងគ្រាលំបាកដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានយ៉ាងឃោរឃៅរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។

តាងនាមរដ្ឋសភា សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមចលនាស្រ្តីគណបក្សខេត្តកណ្តាល ដែលបានចូលរួមបរិច្ចាគថវិកានិងសម្ភារៈជាច្រើនដើម្បីចូលរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ និងសម្រាប់ឧបត្ថម្ភទំនុកបម្រុងដល់ជនភៀសសឹកផងដែរ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់ពលរដ្ឋទំាងអស់នៅក្នុងខេត្តកណ្តាល ពិសេសស្រ្តីដែលបានចូលរួមគំាទ្រយ៉ាងម៉ឹងមាត់និងមានការជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី មានការអត់ធ្មត់ខ្ពស់ដើម្បីបង្រួមសង្រ្គាម ព្យាយាមក្នុងការបញ្ចប់ជម្លោះតាមការចរចា ស្របតាម  ឆន្ទៈរបស់ប្រជាពលរដ្ឋនិងសហគមន៍អន្តរជាតិ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិ រួមគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅប្រទេស ឈរពីក្រោយរាជរដ្ឋាភិបាលនិងវីរកងទ័ព នៅក្នុងការប្រយុទ្ធតតំាងជាមួយក្រុមចោលឈ្លានពានទំាងកំរោលនិងព្រៃផ្សៃបំផុត មកលើអធិបតេយ្យកម្ពុជាទំាងបំពានច្បាប់អន្តរជាតិ។

“ទោះយើងម្នាក់ៗមិនអាចពាក់ឯកសណ្ឋានយោធា កាន់កាំភ្លើងចូលប្រយុទ្ធនៅជួរមុខបានក៏ដោយ ក៏យើងអាចធ្វើជាទាហាននៅជួរក្រោយ ជួយតាមលទ្ធភាព និងសមត្ថភាពរបស់យើង ក្នុងការជួយដល់ជនភៀសសឹក

និងគាំទ្រដល់វីរៈកងទ័ព និងរាជរដ្ឋាភិបាល តតាំងនឹងខ្មាំងឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនាពេលនេះ។ ខ្មែរជាប្រទេសតូច ប៉ុន្តែក្នុងនាមជាប្រជាជាតិមួយ យើងមិនអាចទ្រាំទទួលការប្រមាថវាយប្រហារឈ្លានពានដោយខុសច្បាប់ ដោយមិនមានការតបតវិញនោះទេ។”

សម្តេចបានគូសបញ្ជាក់ថាសម្រាប់រដ្ឋសភាវិញ ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមទីប្រឹក្សា ជំនួយការប្រធានរដ្ឋសភា និងសប្បុរសជនទំាងអស់ បានចូលរួមយ៉ាងសស្រាក់សស្រំាជាមួយមហាគ្រួសារខ្មែរ ទំាងកម្លំាងកាយចិត្តិ ថវិកា និងសម្ភារៈ សម្រាប់ចែកជូនដល់ពលរដ្ឋភៀសសឹកនិងវីរកងទ័ព។សម្តេចបានផ្តាំផ្ញើជូនវីរកងទ័ពនៅសមរភូមិមុខថារដ្ឋសភានិងពលរដ្ឋខ្មែរទំាងអស់ នៅពីក្រោយបងប្អូនជានិច្ច ផ្តល់ភាពកក់ក្តៅ លើកទឹកចិត្តគ្រប់បែបយ៉ាងចំពោះក្រុមគ្រួសារ វីរយុទ្ធជនឱ្យសមនឹងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនដែលបានលះបង់ដើម្បីជាតិនិងប្រជាពលរដ្ឋនៅពេលនេះ។ កម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង ជាចលករដ៏មានថាមពល នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ចាក់ថាអំណោយសប្បុរសធម៌ទំាងអស់ដែលរដ្ឋសភាទទួលបានពីសប្បុរជននានាបានធ្វើការបែបចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជាខេត្តព្រះវិហារ ខេត្តឧត្តរមានជ័ន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវិរកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ប្រគល់ជូនក្រុមគ្រួសារវីរយុទ្ធជនពលី។

សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងបន្តបេសកកម្មការពារទឹកដី។ រដ្ឋសភាស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia