Connect with us

ព័ត៌មាន

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺជូនជនភៀសសឹក ក្នុងខេត្តចំនួន៦

ភ្នំពេញ ៖ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរសាមគ្គី ខ្មែរឈ្នះគ្រប់ស្ថានភាព ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ ជូនបងប្អូនជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានពីប្រទេសថៃ ដោយប្រើប្រាស់អាវុធតូចធំដោយកម្រោល និងមិនរើសគោលដៅ មកលើដែនអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។

​ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ថា កងទ័ពអាវសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅប្រកៀកស្មាជាមួយវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់គ្រាលំបាក។ ចាប់តាំងពីការបង្កសង្រ្គាមឈ្លានពានឡើងវិញពីភាគីថៃ មកលើកម្ពុជា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់នឹងថ្ងៃនេះ គឺថៃ នៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជា។ ទន្ទឹមគ្នានេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដែលត្រូវថៃឈ្លានពាន ក្នុងបណ្តាខេត្តមួយចំនួន ដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានចុះផ្សព្វផ្សាយអប់រំសុខភាព និងពិគ្រោះ ពិនិត្យ ព្យាបាល និងផ្តល់សេវាដោយឥតគិតថ្លៃ ព្រមទាំងបាននាំយកសម្ភារបរិក្ខាថ្នាំពេទ្យ និងស្បៀងអាហារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្តឯកឧត្តម ហ៊ុន ម៉ានី ជូនបងប្អូនជនភៀសសឹក នៅតាមជំរំសុវត្ថិភាព ផងដែរ។

ឯកឧត្តម បន្តថា ក្នុងការចុះអប់រំសុខភាព ពិនិត្យព្យាបាលជំងឺ ចែកថ្នាំ និងគ្រឿងឧបភោគបរិភោគ មាន អង្ករ មី បាយក្តាំង សាច់ផាត់ ពងទាប្រៃ ឆៃប៉ូវ កាហ្វេ អាវ សារុង ភួយ ថ្នាំដុសធ្មេញ ជូនដល់ជនភៀសសឹកដែលផ្ទុះអាវុធតាមបន្ទាត់ព្រំដែន និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួ ៤៩,៨៤៤នាក់ (បួនម៉ឺន ប្រាំបួនពាន់ ប្រាំបីរយ សែសិបបួននាក់) ស្រី ២៨,៨២៥នាក់ (ពីរម៉ឺន ប្រាំបីពាន់ ប្រាំបីរយ ម្ភៃប្រាំនាក់)។ ក្នុងពេលជាមួយគ្នានេះដែរឯកឧត្តម លេង ផាលី ក៏បានផ្ដាំផ្ញើរសួរសុខទុកពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ជាពិសេសក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។ ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

ឯកឧត្តម លេង ផាលី បានបញ្ជាក់ទៀតថា ក្នុងរយៈពេល ១៤ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២១ ធ្នូ ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ៣៦,០០០នាក់ (បីម៉ឺន ប្រាំមួយពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ២៣,៦៣៥នាក់ (ពីរម៉ឺន បីពាន់ ប្រាំមួយរយ សាមសិបប្រាំ នាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន ៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាជនផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន ២,៣៤៩លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន១៣,៥៣១,៦៣៦នាក់ (ដប់បីលាន ហាសិបបីម៉ឺនមួយពាន់ ប្រាំមួយរយសាមសិបប្រាំមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៩៦០,៩៨៦នាក់ (ប្រាំមួយលាន កៅសិបប្រាំមួយម៉ឺន ប្រាំបួនរយប៉ែតសិបប្រាំមួយនាក់) គិតត្រឹម ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ច្រើនជាងចំនួន ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៥៧៧,៧៦០នាក់ (ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ប្រាំពីររយហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៧៦,៥៨១,៨០០ដុល្លារ (ប្រាំមួយរយចិតសិបប្រាំមួយលាន ហាសិបប្រាំបីម៉ឺន មួយពាន់ ប្រាំបីរយដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលាន កៅសិបមួយម៉ឺនមួយពាន់ ពីររយបីដូស) ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំ ផ្តល់សេវាដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្តមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia