ព័ត៌មាន
អតីតពលករ ៥០០នាក់បន្ថែមទៀតចុះឈ្មោះរៀនជំនាញដេរដោយឥតគិតថ្លៃរៀបចំដោយក្រសួងការងារ
វគ្គបណ្តុះបណ្តាលជំនាញដេរខ្លីរយៈពេល៧ថ្ងៃដោយឥតគិតថ្លៃរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគិតមកដល់ពេលនេះមានពលរដ្ឋចុះឈ្មោះចូលរៀនប្រមាណ ៥០០ នាក់បន្ថែមទៀត ខណៈវគ្គនេះកំពុងបន្តអនុវត្តនៅតាមរោងចក្រចំនួន ៦ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ប្រជាពលរដ្ឋដែលបានរៀនជំនាញកាត់ដេរ តាមរយៈវគ្គខ្លីការបណ្តុះបណ្តាលជំនាញដេរនៅក្នុងរោងចក្រ នឹងទទួលបានឱកាសការងារលឿន។
លោកបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួល និងផ្គូផ្គងការងារភ្លាមៗសម្រាប់អតីតពលករត្រឡប់មកពីថៃ ដែលសហការជាមួយរោងចក្រក្នុងវិស័យកាត់ដេរក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលចំនួន៦ និងទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ។ លោកបានបន្ថែមថា ចំពោះអត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន មានដូចជា៖ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ រយៈពេល ៧ថ្ងៃ, ទទួលបានការងារភ្លាមៗក្រោយពេលរៀនចប់, មានបន្ទប់ស្នាក់នៅ ទឹកភ្លើង ផ្ដល់ជូនអំឡុងពេលបណ្ដុះបណ្ដាល, ផ្ដល់មធ្យោបាយធ្វើដំណើរក្នុងអំឡុងពេលបណ្ដុះបណ្ដាល, ផ្ដល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់, អត្ថប្រយោជន៍ ប.ស.ស. និងអត្ថប្រយោជន៍ជាច្រើនទៀត នៅពេលចូលបម្រើការងារ។
ជាមួយនេះ លោក ស៊ុន មេសា បានអំពាវនាវដល់អ្នកស្វែងរកការងារ ជាពិសេសអតីតពលករទាំងអស់ដែលមិនទាន់មានការងារធ្វើ ឬមិនទាន់មានជំនាញ អាចចូលរួមឈ្មោះក្នុងវគ្គបណ្តុះបណ្តាលនេះដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ហើយអាចចូលបម្រើការងារបានដើម្បីកែប្រែជីវភាពឱ្យកាន់តែរីកចម្រើន និងកាន់តែប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញដេរ ៧ថ្ងៃ ដោយឥតគិតថ្លៃនេះ មានរយៈពេល ៣ខែ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយត្រូវរៀបចំជា ៦៦វគ្គ ដែលវគ្គនីមួយៗមានសិក្ខាកាម ៣៥នាក់ សម្រាប់ការបណ្ដុះបណ្ដាលរយៈពេល ៧ថ្ងៃជាប់គ្នាក្នុងមួយវគ្គ។ លក្ខខណ្ឌ និងការចុះឈ្មោះដើម្បីរៀនជំនាញនេះបាន សិក្ខាកាមទាំងពីរភេទ ត្រូវមានអាយុចាប់ពី ១៨ ដល់ ៤៥ឆ្នាំ និងត្រូវមានអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន៕ អត្ថបទ៖ ឈិត បូរ៉ាវី













-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ