ព័ត៌មាន
ICRC គាំទ្រការដោះលែងយោធិនកម្ពុជាទាំង១៨រូប ខណៈសកម្មភាពបានបំលែងការប្តេជ្ញាចិត្តដែលបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍រួមឱ្យក្លាយជាសកម្មភាពជាក់ស្តែង
ហ្សឺណែវ៉ា (ICRC) – គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅថ្ងៃនេះ បានគាំទ្រ ក្នុងនាមជាអ្នកសង្កេតការណ៍មនុស្សធម៌អព្យាក្រឹត ការដោះលែង និងការធ្វើមាតុភូមិនិវតន៍នៃឈ្លើយសឹក១៨ នាក់ ដែលត្រូវបានឃុំខ្លួនពាក់ព័ន្ធទៅនឹងជម្លោះប្រដាប់អាវុធអន្តរជាតិរវាងកម្ពុជានិងថៃ។ ប្រតិបត្តិការដោះលែងនេះ ត្រូវបានអនុវត្តឡើងស្របតាមសេចក្តីថ្លែងការណ៍រួម ដែលភាគីទាំងពីរ បានចុះហត្ថលេខា នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ហើយបានអនុញ្ញាតឱ្យឈ្លើយសឹកត្រូវបានបញ្ជូនត្រឡប់ទៅកម្ពុជាពីប្រទេសថៃ។
លោកស្រី មិរីយ៉ាណា ស្ពុលយ៉ារីក (Mirjana Spoljaric) ប្រធាន ICRC បានមានប្រសាសន៍ថា៖ «ការដោះលែង និងការធ្វើមាតុភូមិនិវតន៍នៃឈ្លើយសឹកនៅថ្ងៃនេះ អនុញ្ញាតឱ្យក្រុមគ្រួសារបានជួបជុំគ្នាវិញ និងជាជំហានសំខាន់មួយ ក្នុងការបំលែងការប្តេជ្ញាចិត្តដែលបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍រួម ឱ្យក្លាយជាសកម្មភាពជាក់ស្តែង។ ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ដែលរួមមានការធ្វើមាតុភូមិនិវតន៍នៃឈ្លើយសឹក បន្ទាប់ពីបញ្ចប់សកម្មភាពប្រយុទ្ធ គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការជួយបង្កើនទំនុកចិត្តរវាងភាគី និងគាំទ្រផ្លូវទៅរកសន្តិភាពយូរអង្វែង។ ខ្ញុំសង្ឃឹមថា ប្រតិបត្តិការនេះ នឹងជួយដាក់មូលដ្ឋានសម្រាប់ឆ្នាំថ្មីមួយ ដែលផ្អែកលើសន្តិភាព និងស្ថិរភាព ដែលសហគមន៍នៅទាំងពីរខាងព្រំដែន ត្រូវការ និងសមនឹងទទួលបាន»។
ICRC បានទៅទស្សនាឈ្លើយសឹកទាំង ១៨ នាក់ ចំនួនបួនលើក ចាប់តាំងពីពួកគេត្រូវបានឃុំខ្លួននៅប្រទេសថៃ នៅខែកក្កដា ឆ្នាំ ២០២៥។ ស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញា ជឺណែវ៉ា ការទស្សនាទាំងនេះ មានគោលបំណងអនុញ្ញាតឱ្យ ICRC ត្រួតពិនិត្យសុខុមាលភាព និងលក្ខខណ្ឌនៃការឃុំខ្លួន របស់ពួកគេ ហើយជួយសម្រួលការផ្ញើសំបុត្រ រវាងពួកគេ និងក្រុមគ្រួសារ។ ក្នុងនាមជាអង្គការអព្យាក្រឹត មិនលំអៀង និងឯករាជ្យ ការងាររបស់ ICRC នៅកន្លែងឃុំខ្លួន ត្រូវបានណែនាំដោយគោលការណ៍យូរអង្វែងនៃការរក្សាការសម្ងាត់ និងការសន្ទនាទ្វេភាគី ជាមួយអាជ្ញាធរដែលធ្វើការឃុំខ្លួន។
អនុសញ្ញាជឺណែវ៉ា ទីបី បានថ្លែងថា ឈ្លើយសឹក ត្រូវតែត្រូវបានដោះលែង និងបញ្ជូនត្រឡប់ប្រទេស ដោយគ្មានការពន្យារពេល បន្ទាប់ពីបញ្ចប់សកម្មភាពប្រយុទ្ធ។ ឈ្លើយសឹក នៅតែរក្សាស្ថានភាព និងការការពាររបស់ខ្លួន ក្រោមអនុសញ្ញាជឺណែវ៉ាទីបី រហូតដល់ការដោះលែង និងការធ្វើមាតុភូមិនិវតន៍របស់ខ្លួន។




-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន