ព័ត៌មាន
សហគមន៍កសិកម្មទំនើបចំនួន៩ ទទួលបានកម្ចីឥណទានការប្រាក់ទាប ដើម្បីពង្រីកដើមទុនដាំដុះ
តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគមន៍កសិកម្មទំនើបចំនួន៩ មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងសៀមរាប ទទួលបានការអនុម័ត និងចុះកិច្ចព្រមព្រៀងលើកម្ចីឥណទានការប្រាក់ទាបចំនួន ១២លានដុល្លារ និងជំនួយឥតសំណងជិត ១លានដុល្លារ។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃក្រសួងកសិកម្ម នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នានៅខេត្តសៀមរាប នៅចុងឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង ១ ៥០០គ្រួសារ នៅលើផ្ទៃដីជាង ១៥ ០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម។
សហគមន៍កសិកម្មទំនើបទាំង៩ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក (ខេត្តកំពង់ធំ) សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវនាងអំ (ខេត្តសៀមរាប) សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឬស្សី (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ (ខេត្តកំពង់ធំ) និងសហគមន៍កសិកម្មទំនើបព្រះនេត្រព្រះ (ខេត្តបន្ទាយមានជ័យ)។
សូមបញ្ជាក់ជូនថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំពោះលក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន17 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន