Connect with us

ព័ត៌មាន

គិតត្រឹមល្ងាចម្សិលមិញ ពលរដ្ឋភៀសសឹកជាង ៤៧ម៉ឺនាក់ បានត្រឡប់ទៅលំនៅឋានវិញ ខណៈសាលារៀនរៀនចំនួន ៩៧៥ ក្នុងខេត្ត ៤ បានបើកដំណើរការឡើងវិញ

ភ្នំពេញ៖ គិតពីម៉ោង៦ព្រឹកថ្ងៃទី៩ ដល់ម៉ោង៦ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹក ៥.៩៧៥នាក់ បន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោម ពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាន់បានវិលទៅលំនៅឋានសរុប ៤សែន៨ម៉ឺននាក់ និងបន្តស្នាក់នៅជំរំមានចំនួន ១៦៧.២២៦នាក់ ខណៈឯសាលារៀន ៩៧៥ ក្នុងខេត្ត៤គឺ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ បានបើកដំណើរការឡើងវិញ។ នេះបើតាម ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៦នេះ។

ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃម្សិលមិញ មានពលរដ្ឋភៀសសឹកប្រមាណជាង ៤៨ម៉ឺននាក់ហើយដែលបានវិលត្រឡប់ទៅលំនៅឋានវិញហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ ដូច្នេះ ចំនួនពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅក្នុងជំរុំបានថយចុះនៅត្រឹមជាង ១៧ម៉ឺននាក់ប៉ុណ្ណោះ ហើយអាជ្ញាធរកំពុងសម្របសម្រួល ដើម្បីឱ្យពួកគេវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាព សុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋភៀសសឹកទាំងនោះ។

ចំណែកឯសាលារៀន ៩៧៥ ក្នុងខេត្ត៤គឺ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ បានបើកដំណើរការឡើងវិញ ខណៈដែលសាលារៀនចំនួន ១១៦ ផ្សេងទៀតនៅបន្តបិទទ្វារនៅឡើយ។ ក្រៅពីនោះ មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈជាច្រើនក៏បានបើកដំណើរការឡើងវិញដែរ។

សូមបញ្ជាក់ជូនថា ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមដែលមានសេចក្តីថា ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។ ទោះជាយ៉ាងនេះក៏ដោយ មានជនភៀសសឹកជាច្រើនដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយទេ ដោយសារការបន្តរក្សាវត្តមានយោធា ព្រមទាំងសកម្មភាពដែលបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងដែលធ្វើឱ្យប៉ះពាល់ដល់ការវិលត្រឡប់របស់ជនភៀសសឹកចូលទៅក្នុងតំបន់ទាំងនោះវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភារកិច្ចរៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយគ្រាប់បែករបស់ភាគីថៃ។ នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយរាល់បញ្ហាដែលប្រជាពលរដ្ឋយើងកំពុងជួបប្រទះ។ បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ចនេះកំពុងចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ ដើម្បីវាយតម្លៃអំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាផលប៉ះពាល់លើជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីរាជរដ្ឋាភិបាលចាត់វិធានការដោះស្រាយ។ ទន្ទឹមនឹងនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចុះទៅពិនិត្យ និងវាយតម្លៃការខូចខាតជាក់ស្តែងក្នុងតំបន់រងគ្រោះផងដែរ។

គួររម្លឹកជូនថា នៅក្នុងសារផ្ញើជូនវីរកងទ័ព វីរកងនគរបាលជាតិ និងប្រជាពលរដ្ឋកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សម្តេចបានណែនាំដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យចាត់ចែងកំណត់ទីតាំងដែលមានសុវត្ថិភាពគ្រប់គ្រាន់ និងរៀបចំការសម្របសម្រួលដើម្បីបងប្អូនជនភៀសសឹករបស់យើង អាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ ចំពោះតំបន់ដែលមិនទាន់មានភាពអំណោយផលសម្រាប់ការវិលត្រលប់ដោយសុវត្ថិភាព រាជរដ្ឋាភិបាលនឹងស្វែងរកដំណោះស្រាយចំពោះមុខសម្រាប់បងប្អូនដែលរស់នៅក្នុងតំបន់នោះ។

គួរកត់សម្គាល់ដែរថា ប្រជាពលរដ្ឋភៀសសឹកបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរដែនដី និងក្រុមការងារពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងនោះ ក្រសួងសុខាភិបាលក៏បានដាក់ភ្នាក់ងារសុខាភិបាលជាប្រចាំនៅនឹងកន្លែង ដើម្បីជួយពិនិត្យសុខភាព និងព្យាបាលជំងឺពួកគេដោយផ្ទាល់ និងត្រៀមបញ្ជូនទៅមន្ទីរពេទ្យក្នុងករណីចាំបាច់ ខណៈដែលសប្បុរសជននានាក៏បានចូលរួមយ៉ាងសស្រាក់សស្រាំដើម្បីជួយដល់បងប្អូនជនភៀសសឹក។

ឆ្លៀតឱកាសនេះ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងឡាយដែលបានចំណាយកម្លាំងកាយ ចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក។ ស្មារតីមហាសាមគ្គីខ្មែរជួយខ្មែរដែលតែងតែបានផុសឡើងគ្រប់ពេលវេលា ជាពិសេសក្នុងកាលៈទេសៈដ៏លំបាក។ សូមបងប្អូនជនរួមជាតិនិងសប្បុរសជនគ្រប់ទិសទីបន្តសកម្មភាពសប្បុរសធម៌នេះតទៅទៀត ដើម្បីបង្ហាញពីប្រពៃណីសាមគ្គីជួយគ្នាក្នុងគ្រាជួបការលំបាក ដែលជាកម្លាំងស្នូលនៃសង្គមខ្មែរ។

ការវិលត្រឡប់វិញរបស់ពលរដ្ឋភៀសសឹកជាបន្តបន្ទាប់នាពេលនេះ គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់ដែលបានកើតពីសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីការអនុវត្តបទឈប់បាញ់ដែលចូលជាធរមានកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការដោះលែងយោធិនកម្ពុជា ១៨នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលយើងទន្ទឹងរង់ចាំអស់រយៈពេល ១៥៥ថ្ងៃ។ លទ្ធផលជាវិជ្ជមានទាំងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈនយោបាយការទូតដ៏សកម្មដើម្បីបង្កើតឱ្យមានបទឈប់បាញ់ ហើយងាកទៅរកការចរចាតាមផ្លូវការទូត និងច្បាប់អន្តរជាតិវិញ ក្រោមការជួយជ្រោមជ្រែងពីភាគីអន្តរជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia