ព័ត៌មាន
អាជីវករនៅផ្សារដើមគរចាស់រាប់រយនាក់ មកឈ្វេងយល់ទីតាំងតូបលក់ដូរផ្សារដើមគរថ្មី
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈគ្រប់គ្រងផ្សារបោះដុំបន្លែ (ផ្សារដើមគរថ្មី) អញ្ជើញបងប្អូនអាជីវករប្រមាណជាង ៦៧០ នាក់ ដែលកំពុងប្រកបអាជីវកម្មនៅផ្សារដើមគរចាស់ មកទស្សនាស្វែងយល់ដោយផ្ទាល់នៅទីតាំងតូបលក់ដូរផ្សារដើមគរថ្មី។
ឯកឧត្ដម ឆាយ វីរៈ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយអាជីវករ និងទស្សនាទីតាំងលក់ដូរថ្មី នៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ (ផ្សារដើមគរថ្មី) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះថា កន្លងមកសាលារាជធានីភ្នំពេញ បានរៀបចំសណ្តាប់ធ្លាប់នៅតាមដងផ្លូវនៅរាជធានីភ្នំពេញបានគួរជាទីមោទនៈ ទោះបីជាយ៉ាងណា ក៏នៅជួបបញ្ហាមួយចំនួន ដែលមិនទាន់អាចរៀបចំបាននៅឡើយ ជាក់ស្តែងតាមផ្លូវនៅជុំវិញផ្សារដើមគចាស់, បញ្ហានេះរដ្ឋបាល រាជធានីភ្នំពេញ ក៏មានភាពទន់ភ្លន់ និងយល់ឃើញបងប្អូនអាជីវករពុំទាន់មានកន្លែងលក់ដូរសមរម្យនៅឡើយ ខណៈដែលរដ្ឋបាល រាជធានីភ្នំពេញមិនទាន់រកទីតាំងសមរម្យសម្រាប់បងប្អូនផងដែរ ប៉ុន្តែអ្វីដែលបានកើតឡើងនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាន ខិតខំប្រឹងប្រែង និងបានពិភាក្សាជាមួយតំណាងផ្សារជាច្រើនលើកច្រើនសារ ទើបសម្រេចបានលទ្ធផលនាពេលនេះ។
ឯកឧត្ដម បន្តថា ជាក់ស្តែងការរៀបចំកម្មវិធីថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ មានគោលបំណងផ្សព្វផ្សាយ អំពីការរៀបចំ សណ្តាប់ធ្នាប់សាធារណៈ នៅតំបន់ជុំវិញផ្សារដើមគរចាស់ និងអញ្ជើញបងប្អូនអាជីវករដែលកំពុងលក់ដូរមិនមានរបៀបរៀបរយ នៅ ផ្សារដើមគរចាស់ ឱ្យផ្លាស់ប្តូរទៅកាន់ទីតាំង លក់ដូរថ្មីដែលមានស្តង់ដារ និងផាសុកភាព ស្ថិតនៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក ឆេង ឃុន គណៈកម្មការគ្រប់គ្រងផ្សារដើមគរថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចប្រឹងប្រែងរបស់ សាលារាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ទីក្រុង បង្កើនសោភ័ណភាព អនាម័យ និងសុវត្ថិភាពសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន និងអនាគត និង
ក៏បានថ្លែងអំណរគុណដល់បងប្អូនអាជីវករទាំងអស់ ដែលបានបង្ហាញស្មារតីសហការ ការយោគយល់ និងការចូលរួមយ៉ាងសកម្ម ដើម្បីឲ្យការងារនេះអាចដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។
សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តដោះស្រាយបញ្ហាខាងលើយ៉ាងសកម្ម តាមរយៈការ ផ្សព្វផ្សាយពីផលប៉ះពាល់នានា និងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការរៀបចំ និងរុះរើសំណង់រំលោភចិញ្ចើមផ្លូវ ការដាក់ តាំងទំនិញ និងចំណតយានយន្តអាណាធិបតេយ្យ នៅតំបន់ជុំវិញផ្សារដើមគរចាស់ និងតំបន់ស្មុគស្មាញនានាក្នុងរាជធានីភ្នំពេញ ដើម្បី រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សំដៅសម្រួលភាពស្ទះចរាចរណ៍នៅកណ្តាលទីក្រុង កាត់បន្ថយហានិភ័យនានា និង កែលម្អបរិស្ថានរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនអាជីវករ ដែលកំពុងតែលក់ដូរគ្មានសណ្តាប់ធ្នាប់ តាមដងផ្លូវ ក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ និងបងប្អូនអាជីវករផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ មេត្តាចូលរួមសហការ និងអញ្ជើញ មកទទួលយកទីតាំងលក់ដូរថ្មី ដែលអាជ្ញាធរបានខិតខំរៀបចំជូននៅផ្សារដើមគរថ្មីនេះ៕
អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន16 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន