ព័ត៌មាន
តុលាការខេត្តសៀមរាបសម្រេចឃុំខ្លួនបណ្តោះអាសន្នជនជាតិនេប៉ាល់ចំនួន ៣នាក់ ដើម្បីអនុវត្តនីតិវិធីច្បាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សៀមរាប៖ បុរសជនជាតិនេប៉ាល់ចំនួន ៣ នាក់ ទី១មានឈ្មោះ GURUNG BINAYA ទី២ ឈ្មោះ TUMROK SAIN និងទី៣ឈ្មោះ SAPKOTA MOHAN ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន ពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង។ ជនសង្ស័យទាំង ៣ នាក់នេះ ត្រូវបានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវរកឃើញថាបានបន្លំខ្លួនជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចី ប្រើប្រាស់ទីតាំងក្នុងបុរីដឺព្រីមៀ ស្ថិតក្នុង ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានគោលដៅទៅកាន់ប្រទេសផ្សេងៗ ចាប់ពីអំឡុងខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។
លេខាធិការដ្ឋានគ.ប.ឆ.ប. សូមបញ្ជាក់ជូនថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៦ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧១ នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបាន និងកំពុងបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ជាក់ស្តែង អាជ្ញាធរកម្ពុជា បានស្រាវជ្រាវស៊ីជម្រៅរហូតឈានដល់បានកំណត់មុខសញ្ញាមេខ្លោងនៃការប្រព្រឹត្តការឆបោក ហើយបានសហការជាមួយសមត្ថកិច្ចនៃនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបញ្ជូនឧក្រិដ្ឋជនឈ្មោះ ចេន ហ្ស៊ី ដើម្បីឱ្យផ្តន្ទាទោសតាមច្បាប់។
សម្រាប់រាល់ករណីអំពើល្មើសដែលត្រូវបានស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវច្បាស់លាស់ និងភស្តុតាងជាក់ស្តែង រហូតដល់នីតិវិធីបញ្ជូនដល់ដៃតុលាការនេះ បានបង្ហាញពីភាពម៉ឺងម៉ាត់របស់សមត្ថកិច្ចកម្ពុជា ក្នុងការអនុវត្តច្បាប់ និងបទបញ្ជាដែលរាជរដ្ឋាភិបាលបានដាក់ចុះ ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។ របាយការណ៍របស់លេខាធិការដ្ឋានគ.ប.ឆ.ប. បានបង្ហាញថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ខែមករា ឆ្នាំ២០២៦ នេះ ក្រោមការសម្របសម្រួល និងចង្អុលបង្ហាញពីលេខាធិការដ្ឋានគ.ប.ឆ.ប. គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត បានបន្តចុះប្រតិបត្តិការបង្ក្រាបការឆបោកអនឡាញនៅទីតាំងផ្សេងគ្នាសរុបចំនួន ៧ កន្លែងក្នុងរាជធានីភ្នំពេញ (ចំនួន ៦ ទីតាំង) និងក្នុងខេត្តសៀមរាប (ចំនួន ១ ទីតាំង)។ ប្រតិបត្តិការបង្រ្កាបទាំងនេះបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេសសរុបចំនួន ៣៩នាក់ មានជនជាតិកូរ៉េខាងត្បូងចំនួន ៣២នាក់, ចិនចំនួន ៤នាក់ និងនេប៉ាល់ចំនួន ៣នាក់ និងបានរឹបអូសសម្ភារៈជាវត្ថុតាងដូចជា កុំព្យូទ័រលើតុចំនួន ៤គ្រឿង, កុំព្យូទ័រយួរដៃចំនួន ៦២គ្រឿង, ទូរសព្ទដៃចំនួន ៣២គ្រឿង។
គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបង្កើតឡើង និងដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចុះបទបញ្ជាដើម្បីជំរុញការអនុវត្តវិធានការជាក់ស្តែងទូទាំងប្រទេស រាប់បញ្ចូលយន្តការស្រាវជ្រាវ ស៊ើបអង្កេត ប្រតិបត្តិការអនុវត្តច្បាប់ នីតិវិធីតុលាការ និងទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ ហើយបន្តបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសកម្ពុជា និងរួមចំណែកក្នុងកិច្ចខិតខំក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាសកល។
សូមរំលឹកជូនថាក្នុងរយៈពេល៦ខែចុងក្រោយឆ្នាំ២០២៥ យន្តការថ្នាក់ជាតិនេះបានរឹតបន្តឹងការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន, តុលាការ និងអយ្យការគ្រប់ជាន់ថ្នាក់, ពង្រឹងការគ្រប់គ្រងជនបរទេស ពិសេសអ្នកចូលមកកម្ពុជាដោយខុសច្បាប់ ដើម្បីធានាថាគ្មានសកម្មភាពល្មើស អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬទម្រង់នៃការជួញដូរមនុស្ស/ផ្លូវភេទណាមួយ កើតឡើងជាដាច់ខាត ខណៈបន្តសហការជាមួយបណ្តាប្រទេសដៃគូលើពិភពលោក ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងទប់ស្កាត់អំពើល្មើសច្បាប់គ្រប់ទម្រង់។ ជាលទ្ធផល យន្តការជាតិនេះ បានបង្ក្រាបទីតាំងចំនួន ១១៨ កន្លែង ក្នុងរាជធានី-ខេត្តចំនួន ១៨ ដោយបានឃាត់ខ្លួនជនសង្ស័យសរុប ៤,៩៨៣ នាក់ ដែលមាន ២៣ សញ្ជាតិផ្សេងគ្នា, បានបណ្តេញជនបរទេសខុសច្បាប់ចំនួន ៤,០៣៩ នាក់ ឱ្យត្រលប់ទៅប្រទេសខ្លួនវិញ, និងបានការអនុវត្តនីតិវិធីតុលាការលើសំណុំរឿងធំៗចំនួន ៣៥ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៦៨ នាក់៕








-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន4 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន4 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន4 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន4 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន4 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥