Connect with us

ព័ត៌មាន

កម្ពុជាបញ្ជូនរបាយការណ៍វាយតម្លៃការខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដោយសារ​ការឈ្លាន​ពាន​របស់ថៃ ​ទៅយូណេស្កូ, ICC-Preah Vihear និងសហគមន៍អន្តរជាតិ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនរបាយការណ៍វាយតម្លៃ ការ​ខូច​ខាត​នៅ​រមណីយ​ដ្ឋាន​ប្រាសាទព្រះវិហារជាទីសក្ការៈ ដោយសារការឈ្លានពានរបស់ថៃ ទៅអង្គការ​យូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC-Preah Vihear និង​សហគមន៍​អន្តរជាតិ ដើម្បីជ្រាបជាព័ត៌មាន។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីអំពីស្ថានភាពខូចខាតនៅ រមណីយដ្ឋានប្រាសាទព្រះវិហារ និង​តំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ​ឆ្នាំ​២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកត់​ត្រា​ចង​ក្រង​ពីការខូចខាត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការខូចខាត ប្រាង្គ​ប្រាសាទព្រះវិហារ ចំនួន១៤២ កន្លែង និងតំបន់ជុំវិញចំនួន ៤២ កន្លែង រួមបញ្ចូល​ទាំង​វត្ត​កែវ​សិក្ខា​គិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យ​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ​។ សហគមន៍ជុំវិញប្រាសាទ រងការខូចខាតចំនួន៦០កន្លែង រួមមានផ្ទះសម្បែង សាលា​រៀន ​វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត បណ្តាលឱ្យប្រជាជនចំនួន ១៤.៨៣២​នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះ។ ការខូចខាតទាំងនេះត្រូវបានកត់ត្រាចងក្រង ជា​ផ្លូវ​ការ​ដោយអាជ្ញាធរជាតិព្រះវិហារ នាខែតុលា ឆ្នាំ២០២៥។

ក្រសួងក៏បាន កត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញ​អំពីការខូចខាត ធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោង​តាមភស្តុតាងរូបថត និងវីដេអូដែលប្រមូល បានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុ​ង​ពេល​បេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សំណង់ ស្ថាបត្យកម្ម​សំខាន់​ៗ​ស្ទើរ​តែ​ទាំង​អស់​នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ ទាំងអស់ និង​ជណ្តើរបុរាណខាងជើងបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ការខូចខាត​ទាំង​នេះ​គឺ​បណ្តាល​មក ពីការផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែក​ពីលើ​អាកាស​ចេញ​ពី​យន្ត​ហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅ​ផ្ទាល់​មក​លើ​តំបន់​បេតិក​ភណ្ឌ​ពិភពលោកប្រាសាទព្រះវិហារ។

ជាមួយគ្នានេះ សកម្មភាពអភិរក្ស ជួសជុលប្រចាំថ្ងៃត្រូវបានរាំងស្ទះ រីឯហេដ្ឋារចនា​សម្ព័ន្ធ​បម្រើ​ឱ្យ​ការងារ អភិរក្ស ជួសជុលក្រោមគម្រោងសហប្រតិបត្តិការអន្តរជាតិ ក៏ត្រូវទទួល​រង​ការ​ខូច​ខាត​ទាំង​ស្រុង ​ដូចជា៖ គម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង (កិច្ចសហ​ប្រតិបត្តិការ​កម្ពុជា​-សហរដ្ឋអាមេរិក)៖ ទាំងផ្នែកដើមរបស់ជណ្តើរដែលកាលពីមុនស្ថិតក្នុងស្ថានភាពល្អ និង​ផ្នែក​ទាំង​ឡាយ​ដែលបានជួសជុលរួច រយៈពេលជិត១០ឆ្នាំមកនេះ បានទទួលរងការខូចខាតធ្ងន់ធ្ងរ ហើយ​អគារនិងសម្ភារអភិរក្សនិងជួសជុល ត្រូវទទួលរងការខូចខាតទាំងស្រុង។ គម្រោងអភិរក្ស និង​ជួសជុលគោបុរៈទី៥ (កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា)៖ ហេដ្ឋារចនាសម្ព័ន្ធគោបុរៈទី៥ ទទួល​រង​ការខូចខាតធ្ងន់ធ្ងរ អគារអភិរក្ស និងសម្ភារសម្រាប់​ការ​ជួស​ជុល​ប្រាសាទ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​។

សំណង់ស្ថាបត្យកម្មគោបុរៈទី១ ទី២ និងទី៣ (កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន) ៖ ការខូចខាត​ទី​តាំង​នេះ មានលក្ខណៈធ្ងន់ធ្ងរ និងផ្នែកជាច្រើនបានខូចខាតទម្រង់ដើមទាំងស្រុង ទាមទារ​ឱ្យ​មាន​ការ​សិក្សា​លម្អិត លើការខូចខាតថ្មីៗ លក្ខណៈបច្ចេកទេស និងរៀបចំផែនការជួសជុលឡើងវិញ ដោយ​លទ្ធផលសិក្សា កន្លងមកមិនអាចយកមកប្រើប្រាស់បានទេ ដោយសារការខូចខាតថ្មីៗ។

ក្រសួង​បានបញ្ជាក់ថា ជារួមការវាយប្រហារទាំងពីរលើករបស់យោធាថៃមកលើប្រាសាទព្រះវិហារ បាន​ធ្វើ​ឱ្យសំណង់ស្ថាបត្យកម្ម ដែលស្ថិតក្នុងស្ថានភាពទម្រង់ដើម ព្រម​ទាំង​ផ្នែក​ទាំង​ឡាយ​នៃ​ប្រាសាទ និងរចនាសម្ព័ន្ធដែលបានជួសជុលឡើងវិញ សិលាចារឹក អគារអភិរក្ស និងបរិក្ខារ​បច្ចេក​ទេស​នានា​ត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបានរារាំងយ៉ាងខ្លាំង ដល់ដំណើរការ​ខិតខំ​ប្រឹង​ប្រែង​អភិរក្សរបស់ស្ថាប័នជាតិ និងដៃគូអន្តរជាតិ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញផ្សា​យ​ជាផ្លូ​វ​ការ​នូវ​របាយ​ការណ៍ វាយតម្លៃការខូចខាត រួមទាំងឯកសារវីដេអូ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ទាំង​ពីរ​លើក​នេះ ​ចងក្រងដោយអាជ្ញាធរជាតិ ព្រះវិហារ ព្រមទាំងរបាយការណ៍សង្ខេបស្តីពីការបោសសម្អាត និង​ការ​ពិនិត្យអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចងក្រង ដោយមជ្ឈ​មណ្ឌ​លស​កម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​។

«ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនរបាយការណ៍វាយតម្លៃនេះទៅអង្គការយូណេស្កូ គណៈ​កម្មាធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC-Preah Vihear និងសហគមន៍​អន្តរជាតិ ដើម្បីជ្រាបជាព័ត៌មាន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏អំពាវនាវដល់អង្គការ និង​សហគមន៍អន្តរជាតិផ្តល់ការគាំទ្រដល់វិធានការបន្ទាន់នានា សំដៅការ​ពារ​ប្រាសាទ​ពី​ការ​វាយ​ប្រហារ​បន្ថែម គាំទ្រដល់ការអភិរក្សបន្ទាន់ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀត និងជួស​ជុល​ស្តារ​ប្រាសាទ​ឡើងវិញ»។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តអំពាវនាវឱ្យមានការគោរពដល់ច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ និងពិធីសារទីពីរ ឆ្នាំ១៩៩៩ ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ដែលសុទ្ធតែជាច្បាប់អន្តរជាតិដែលត្រូវបានបង្កើតឡើងសម្រាប់ ចងភ្ជាប់រដ្ឋភាគីទាំងអស់ឱ្យគោរព និងការពារបេតិកភណ្ឌវប្បធម៌ដែលមានតម្លៃលេចធ្លោជាសកល។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននឹងកំពុងបន្តស្រាវជ្រាវ ចងក្រងឯកសារលម្អិតស្តីពីការខូចខាត ព្រមទាំង ធ្វើទំនាក់ទំនងជាប់មិនដាច់ជាមួយស្ថាប័នជំនាញជាតិ-អន្តរជាតិ ដោយរួមទាំងទៅលើទិដ្ឋភាពបច្ចេកទេស ការទូត និងផ្លូវច្បាប់ សម្រាប់ភាពយុត្តិធម៌ ការការពារ និងការស្ដារឡើងវិញនូវប្រាសាទព្រះវិហារជាទីសក្ការៈរបស់កម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia