ព័ត៌មាន
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អនុញ្ញាតឱ្យប្រធានការិយាល័យអនុព័ន្ធយោធាឡាវចូលជួបសម្តែងការគួរសម និងជម្រាបលា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យប្រធានការិយាល័យអនុព័ន្ធយោធាឡាវ លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ ដែលបញ្ចប់អាណ្ណត្តិការងាររបស់ខ្លួនចូលជួបសម្ដែងការគួរសម និងជម្រាបលា។
ក្នុងជំនួបនៅថ្ងៃទី១២មករា ឆ្នាំ២០២៦ ក៏បានបង្ហាញវត្តមានប្រធានការិយាល័យអនុព័ន្ធយោធាឡាវថ្មី គឺលោកវរសេនីយ៍ឯក ឡាត់សាក់ឃុន វង្សភោស៊ី ដែលទើបតែងតាំងជំនួសថ្មី ណែនាំដល់ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទផងដែរ នៅអគ្គបញ្ជាការដ្ឋាន។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលតែងផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ក៏ដូចជាការផ្តល់អាហារូបករណ៍ ផ្លាស់ប្ដូរព័ត៌មានចារកម្មទៅវិញទៅមក និងការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា។
ឯកឧត្តម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតយោធារបស់លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ នៅកម្ពុជាក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ និងបានស្វាគមន៍ចំពោះ លោកវរសេនីយ៍ឯក ឡាត់សាក់ឃុន វង្សភោស៊ី ដែលទើបទទួលបានការតែងតាំងថ្មី ជាប្រធានការិយាល័យអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា។
ឯកឧត្តមអគ្គមេបញ្ជាការ សង្ឃឹមជឿជាក់ថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្ដូរព័ត៌មាន, កិច្ចការសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព និងការធ្វើសមយុទ្ធយោធារួមគ្នាជាដើម។
ក្នុងឱកានោះដែរ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាព និងការវិវឌ្ឍស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រធានការិយាល័យអនុព័ន្ធថ្មីចូលជួបសម្តែងការគួរសម ព្រមទាំងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអគ្គបញ្ជាការ ដែលបានជួយសម្របសម្រួល គាំទ្រកន្លងមក ធ្វើឱ្យបេសកកម្មរបស់លោកទទួលបានជោគជ័យ។
លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក មានភាពល្អប្រសើរ ក្នុងនោះកិច្ចប្រជុំគណៈកម្មការសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ បានដំណើរការល្អ ជាស្ពាននៃចំណងសាមគ្គីភាព មិត្តភាព ក្នុងនាមប្រទេសជិតខាង ជាអំណោយផលដល់ការផ្លាស់ប្ដូរទំនិញរវាងប្រជាពលរដ្ឋប្រទេសទាំងពីរ៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន14 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន