ព័ត៌មាន
កម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ង្វៀន ម៉ាញ គឿង អនុរដ្ឋមន្ត្រីការបរទេស និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានយល់ឃើញដូចគ្នាអំពីឧត្តមប្រយោជន៍ ដែលត្រូវបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម លើយន្ដការដែលមានស្រាប់នាពេលកន្លងមក។
ការយល់ឃើញដូចគ្នាបែបនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អនុញ្ញាតឲ្យលោក ង្វៀន ម៉ាញ គឿង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ នាសាលសវនាការរបស់លោកសន្ដិបណ្ឌិត អគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បានសម្តែងនូវការកោតសរសើរចំពោះបក្ស និងរដ្ឋាភិបាលវៀតណាមចំពោះការសម្រេចសមិទ្ធផលធំៗជាច្រើន លោកបានបញ្ជាក់ថា កម្ពុជា-វៀតណាម ជាអ្នកជិតខាងដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រជាមួយគ្នា ជាពិសេសមានកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកនៅពេលជួបវិបត្តិ ហើយប្រទេសទាំងពីរបានឆ្លងកាត់សង្គ្រាមច្រើនដំណាក់កាល និងមិនចង់ឃើញសង្គ្រាមកើតឡើងទៀតឡើយ។
ជាមួយគ្នានោះ លោក ង្វៀន ម៉ាញ គឿង បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់កម្ពុជា ដែលសម្រេចបានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដោយសង្កេតឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា មានការវិវត្តគួរឲ្យកត់សម្គាល់។
លោកអនុរដ្ឋមន្ដ្រី ក៏បានយល់ឃើញដែរថា ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម មានប្រវត្តិយូរអង្វែងដែលជាទ្រព្យមួយដ៏មានតម្លៃសម្រាប់ប្រជាជន គណបក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ លោកបានកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ដោយមើលឃើញពីសក្តានុពលដ៏ធំធេងនៃទំនាក់ទំនងទ្វេភាគី លោកអនុរដ្ឋមន្ដ្រីបានលើកឡើងថា ភាគីទាំងពីរត្រូវបន្តសហការគ្នាឲ្យកាន់តែស្អិតរមួត ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្សឲ្យរឹងមាំសម្រាប់ជំរុញការអភិវឌ្ឍទៅមុខ។ ទន្ទឹមនឹងនោះ លោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-វៀតណាម ផងដែរ។
ទាំងឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកអនុរដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម បានឯកភាពគ្នាបន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ការងារចំពោះមុខ និងការងារយូរអង្វែង ជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០៕











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន14 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន