ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ ពិធីបិទសន្និបាតនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបីក្នុងខេត្ត មន្ត្រីរាជការចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក អធិការនគរបាលស្រុក ក្រុង មេបញ្ជាការផ្នែកសឹករងស្រុក ក្រុង ចៅសង្កាត់ មេឃុំ ស្មៀនឃុំ និងគ្រឹះស្ថានឯកជនក្នុងខេត្ត សរុបប្រមាណ ៧៧០នាក់។
ក្នុងសុន្ទរកថាស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃសន្និបាត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា រដ្ឋបាលខេត្ត បានពង្រឹងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងរឹងមាំ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា។ តាមរយៈការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្សព្វផ្សាយ និងជំរុញអនុវត្តចលនាគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅបង្កើនសកម្មភាពបង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ។ ពិសេសដោះស្រាយ សម្របសម្រួលជាមួយកម្មករ និយោជក និងនិយោជិតតាមគ្រប់រូបភាព និងរក្សាបាននូវបរិយាកាសសុវត្ថិភាពសង្គមល្អប្រសើរ។
លើសពីនេះ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានបង្កើននូវប្រសិទ្ធភាពនៃការអនុវត្តការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋតាមរយៈអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ប្រកបដោយការជឿជាក់ សាមញ្ញ ឆាប់រហ័ស មានភាពឆ្លើយតប និងមានស័ក្តិសិទ្ធិភាព ដោយក្នុងឆ្នាំ២០២៥ ទទួលបានសេវាសរុបចំនួន ១៤៣.៥៨៩សេវា។ រដ្ឋបាលខេត្ត បានខិតខំអនុវត្តតួនាទី ភារកិច្ច យ៉ាងសកម្ម ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាល ដែលបានផ្តោតលើការពង្រឹង ការអភិវឌ្ឍ មូលធនមនុស្ស ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ការលើកកម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាព សុខាភិបាល ការជ្រើសរើសយុវជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាល បច្ចេកទេស និងជំនាញវិជ្ជាជីវៈចំនួន ១,៥លាននាក់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ណែនាំចង្អុលបង្ហាញដល់រដ្ឋបាលខេត្តកំពង់ស្ពឺ សំដៅចូលរួមចំណែកក្នុងការថែរក្សា ការពារសន្តិភាព និងការអភិវឌ្ឍខេត្តនាបច្ចុប្បន្ន ព្រមទាំងរួមគ្នា ដើម្បីកំពង់ស្ពឺឆ្ពោះទៅសម្រេចនូវសមិទ្ធផល វឌ្ឍនភាព វិជ្ជមានថ្មីៗបន្ថែមទៀត ពោរពេញដោយភាពសុខដុមរមនា វិបុលភាព និងកាលានុវត្តន៍ភាពនាពេលអនាគតប្រាកដនិយម។
សូមជម្រាបផងដែរថា ក្នុងរយៈពេលមួយថ្ងៃពេញថ្ងៃទី១ នៃកម្មវិធីសន្និបាត បានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានគ្រោងទុកមានដូចជា៖ បន្ទាប់ពិធីបេីកកម្មវិធីសន្និបាតដោយឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏មានការពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទអន្តរាគមន៍របស់ក្រុមពិភាក្សាលើប្រធានបទចំនួន៥ សំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើន ជឿនលឿន ដើម្បីឆ្លើយតបទៅនឹងតថភាពជាក់ស្តែង នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយស័ក្តិសិទ្ធិភាព និងសម្រាប់ជាធាតុចូលក្នុងអង្គសន្និបាតទាំងមូល ដោយសម្រេចបានលទ្ធផលការងារក្នុងឆ្នាំ២០២៥ កន្លងមក៕








-
ព័ត៌មាន4 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន4 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន4 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន4 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន4 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន4 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន4 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥