ព័ត៌មាន
ក្រសួងការងារ បន្តចុះផ្សព្វផ្សាយឱកាសការងារដល់ពលរដ្ឋ និងពលករត្រឡប់មកពីថៃក្នុងខេត្តចំនួនពីរ ខណៈមកទល់ពេលនេះមានពលករត្រឡប់ពីថៃជាង ៦០ម៉ឺននាក់ទទួលបានការងារធ្វើ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តបើកយុទ្ធនាការចុះផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី២៤ ខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលដល់ការរកការងារធ្វើដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ខណៈមកទល់ពេលនេះមានពលករត្រឡប់ពីថៃជាង៦០ម៉ឺននាក់ហើយដែលទទួលបានឱកាសការងារធ្វើ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៣ ខែមករានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ក្រសួងនឹងបន្តយុទ្ធនាការជួយអតីតពលករតាមច្រកព្រំដែននៅឆ្នាំ២០២៦នេះបន្ថែមទៀត ដើម្បីឱ្យបងប្អូនអតីតពលករមានការងារជាក់លាក់ និងច្បាស់លាស់នៅក្នុងស្រុក ដែលមានប្រាក់ចំណូលខ្ពស់ ប្រាក់ចំណូលសមរម្យ ស្របទៅតាមជំនាញរបស់ពួកគាត់។

ឯកឧត្តម បានបន្តទៀតថា ក្នុងយុទ្ធនាការនេះដែរ ក៏នឹងផ្តល់ឱកាសការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនដល់អតីពលករតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី២៤ និង២៥ ខែមករា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង ក្នុងនោះនៅស្រុកបវេល និងស្រុកមោងឬស្សី និងនៅខេត្តបន្ទាយមានជ័យ ក្នុងនោះនៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។ ឯកឧត្តមបានបន្ថែមទៀតថា នេះជាដំណាក់កាលថ្មី នៃយុទ្ធនាការចុះផ្សព្វផ្សាយការងារ ដែលក្រសួងនឹងបន្តធ្វើទៅដល់ខែឧសភាខាងមុខចំនួន ៦៦លើក។

ឯកឧត្តមអ្នកនាំពាក្យ បានអំពាវនាវប្រជាពលរដ្ឋ និងអតីតពលករ ពលការិនី ចូលរួមឱ្យបានច្រើនកុះករ ជាពិសេសអ្នកចង់បានការងារ ហើយមិនចេះសូមកុំបារម្ភ ពីព្រោះទាំងនោះ ក្រៅពីមន្រ្តីរបស់ក្រសួងការងារ ក៏មានដែររោងចក្រ សហគ្រាស នឹងចុះទៅដោយផ្ទាល់ផងដែរ ដើម្បីធ្វើការផ្តល់ព័ត៌មានកាន់តែលម្អិតជូន។

យោងតាម ឯកឧត្តម ស៊ុន មេសា បច្ចុប្បន្ននេះតម្រូវកម្លាំងពលកម្មដែលមានតម្រូវការខ្ពស់ ភាគច្រើនមកពីវិស័យឧស្សាហកម្ម កសិកម្ម កសិ-ឧស្សាហកម្ម សំណង់ និងសេវាកម្ម-ល- ។ វិស័យទាំងនេះ គឺជាវិស័យ មានសក្តានុពលដែលស្រូបទាញកម្លាំងពលកម្មច្រើនជាងគេនៅកម្ពុជា។ ឯកឧត្តមបានផ្ញើរសារបន្ថែមថា ទោះបីជាការងារអ្វីក៏ដោយ ឱ្យតែការងារនៅក្នុងស្រុក គឺជួយសេដ្ឋកិច្ចជាតិ និងជាកម្លាំងពលកម្មរបស់យើងគឺមាននៅក្នុងស្រុក មិនមានហានិភ័យ និងបានរស់នៅជួបជុំក្រុមគ្រួសារ សាច់ញាតិ ដែលទាំងអស់នេះបងប្អូនគួរតែពិចារណា ហើយធ្វើការនៅក្នុងស្រុក ខណៈដែលប្រាក់បៀរវត្សនៃការធ្វើការក្នុងស្រុក ក៏ដូចជាធ្វើការក្នុងប្រទេសថៃ ក៏មិនខុសគ្នាប៉ុន្មានទេ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ច្រើនជាងនៅក្រៅស្រុកផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា