ព័ត៌មាន
នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលសំចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងយោធាប្រទេសទាំងពីរកម្ពុជា-អាមេរិក
នាវា USS CINCINNATI (LCS 20) របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានចូលសំចតនៅផែលេខ២ មូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដោយបានទទួលការស្វាគមន៍ពីសំណាក់ឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាមដែលជាដំណើរទស្សនកិច្ចផ្លូវការ ដើម្បីសំដៅធានាលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងយោធាប្រទេសទាំងពីរ។

មន្ដ្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឱ្យដឹងថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក រហូតមកដល់បច្ចុប្បន្នមានរយៈពេល ៧៦ឆ្នាំ ដោយចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ក្រោយពេលបញ្ចប់សង្គ្រាមលោកលើកទី២។ ដោយឡែកកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ជានិច្ចកាលបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទៅវិញទៅមកតាមរយៈការហ្វឹកហ្វឺននានា ការចូលជួបសវនាការសម្តែងការគួរសម និងជួយឧបត្ថម្ភគាំទ្រផ្សេងៗទៀត។
មន្ដ្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បន្ថែមថា ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៦នេះ នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលសំចតបំពេញទស្សនកិច្ចសរុបទាំងអស់ចំនួន ៣១លើកជាមួយនឹងនាវាចំនួន ៣៧គ្រឿង។ ការចូលសំចតនៅឆ្នាំ២០២៤កន្លងទៅ គឺនាវាឈ្មោះ USS Savanna ដែលបានសំចតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ កំឡុងពេលកំពុងសំចតរបស់នាវា USS Sovannah នៅឯកំពង់ផែស្វ័យតក្រុងព្រះសីហនុ ឯកឧត្តម នាយឧត្តមនាវី Samuel Paparo មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៃដំណើរទស្សកិច្ចរបស់នាវានោះផងដែរ។

មន្ដ្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS CINCINNATI និងសង្ឃឹមយ៉ាងមុតមាំថា នឹងមានកិច្ចសហប្រតិបត្តិការបន្តទៀតរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនាពេលអនាគត ជាពិសេសពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលធនធានមនុស្ស ការងារហ្វឹកហ្វឺនរួមគ្នា ស្របទៅតាមការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ។ កងទ័ពជើងទឹកកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបតិត្តការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ជាមួយនិងការស្វាគមន៍បន្ថែមទៀតពីសំណាក់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
កងទ័ពជើងទឹកកម្ពុជាបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។ កម្ពុជា បន្តគាំទ្រការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈកិច្ចសហប្រតិបត្តិការដែលផ្អែកលើការគោរពអធិបតេយ្យភាព និងច្បាប់អន្តរជាតិ។
សូមបញ្ជាក់ថា នាវាចម្បាំង USS CINCINNATI មានទម្ងន់៣២០០តោន មានប្រវែងបណ្តោយ ១២៧.៤ម៉ែត្រ ទទឹង ៣១.៧ម៉ែត្រ មានផ្ទុកនាវិកមួយរយនាក់ និងមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ។ ដំណើរទស្សនកិច្ចនេះគឺជាការបើកទំព័រឆ្នាំថ្មីដើមឆ្នាំ២០២៦ និងជានាវាកងទ័ពជើងទឹករបស់បរទេស ទី៣ហើយ ដែលបានចូលមកសំចតនៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការធ្វើទំនើបកម្ម និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៥។ នាវាកងទ័ពបរទេស ដែលបានចូលសំចតទី១ គឺនាវាកងទ័ពរបស់ប្រទេសជប៉ុន នាវាទី២ របស់កងទ័ពវៀតណាម និងនាវាទី៣ គឺរបស់សហរដ្ឋមេរិកនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា












-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន5 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា